ការបំបៅដោះដល់ទារកអាចការពារម្តាយពីជម្ងឺ
ខែឧសភា 1, 2009 មតិមួយ
ការសិក្សាស្រាវជ្រាវបានបង្ហាញថាស្ត្រីដែលបំបៅដោះដល់ទារកអាចកាត់បន្ថយគ្រោះថ្នាក់បណ្ដាលមកពីរោគគាំងបេះដូង, ជម្ងឺបេះដូង ឬក៏ជម្ងឺដាច់សរសៃឈាមក្នុងខួរក្បាលបាន។

ការ បំបៅកូន ដោយ ដោះ មាន ប្រយោជន៍ ច្រើន យ៉ាង
ការសិក្សាមួយរបស់សហរដ្ឋអាមេរិកបានរកឃើញថា ស្ត្រីដែលបំបៅកូនដោយទឹកដោះខ្លួនអស់រយៈពេលជាង១ឆ្នាំ ទំនងជាមានការវិវឌ្ឍទៅរកលក្ខខណ្ឌជម្ងឺខាងលើតិចជាង១០% បើប្រៀបធៀបទៅនឹងស្ត្រីដែលមិនធ្លាប់បំបៅកូនសោះ។
សូម្បីតែការបំបៅរយៈពេលយ៉ាងហោចណាស់មួយខែ ក៏អាចកាត់បន្ថយការកើតជម្ងឺទឹកនោមផ្អែម, សម្ពាធឈាមឡើងខ្ពស់ និងកំរិតជាតិកូឡេស្តេរ៉ូលផងដែរ។ ការសិក្សានេះមានបង្ហាញនៅក្នុងទស្សនាវដ្តីវិទ្យាសាស្ត្រផ្នែកសម្ភព និងព្យាបាលសរីរាង្គបង្កកំណើតស្ត្រី។
ការសិក្សានេះបានបន្ថែមទៅលើភស្តុតាងនៃការរីកលូតលាស់របស់រាងកាយដែលបង្ហាញថា ការបំបៅដោះកូនមានប្រយោជន៍ដល់សុខភាពទាំងម្តាយនិងទារក។
ការសិក្សាបានរកឃើញថា ការបំបៅដោះកូន កាត់បន្ថយគ្រោះថ្នាក់នៃមហារីកអូវែ និងមហារីកដោះ ហើយនិងជម្ងឺពុកឆ្អឹងនៅពេល អស់រដូវ។ ហើយចំពោះផលប្រយោជន៍សម្រាប់ទារកវិញមានរយៈពេលវែង ពីព្រោះទឹកដោះម្តាយត្រូវបានគេជឿថាអាចការពារប្រឆាំងនឹងជម្ងីលើសទម្ងន់, ទឹកនោមផ្អែម, រោគហឺត, និងផលប៉ះពាល់ដល់ត្រចៀក, ក្រពះ និងទ្រូង។
ការសិក្សាថ្មីបំផុតរបស់សហរដ្ឋអាមេរិកធ្វើឡើងដោយសាកលវិទ្យាល័យ Pittsburgh បានផ្តោតទៅលើស្ត្រីក្រោយពេលអស់រដូវចំនួន ១៤០,០០០ នាក់។ ជាមធ្យម វាមានរយៈពេល ៣៥ ឆ្នាំ ចាប់តាំងពីការបំបៅដោះជាចុងក្រោយ ដែលទទួលបានផលប្រយោជន៍ក្នុងរយៈពេលជាច្រើនទសវត្សរ៍។
ក៏ដូចជាកាត់បន្ថយគ្រោះថ្នាក់ជម្ងឺបេះដូងនោះ ការបំបៅដោះកូនច្រើនជាងមួយឆ្នាំ អាចកាត់បន្ថយគ្រោះថ្នាក់ការឡើងសម្ពាធឈាមខ្ពស់បាន ១២% ហើយជម្ងឺទឹកនោមផ្អែម និងកំរិតជាតិកូឡេស្តេរ៉ូលបានប្រហែល ២០%។
វាបានបង្ហាញថា ការបំបៅដោះកូន អាចកាត់បន្ថយជម្ងឺសរសៃឈាមបេះដូង ដោយកាត់បន្ថយបរិមាណខ្លាញ់ស្តុកទុកក្នុងរាងកាយ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកស្រាវជ្រាវជឿថា ផលប្រយោជន៍នេះកាន់តែស្មុគស្មាញឡើង ដោយសារការបញ្ចេញជាតិអរម៉ូនដែលបណ្ដាលមកពីការបំបៅកូនដោយដោះនោះ ដើរតួនាទីយ៉ាងសំខាន់។
អ្នកស្រាវជ្រាវម្នាក់ គឺលោកវេជ្ជបណ្ឌិត Eleanor Bimla Schwarz បាននិយាយថា “យើងបានដឹងអស់រយៈពេលជាច្រើនឆ្នាំមកហើយថា ការបំបៅដោះកូនមានសារសំខាន់ណាស់សម្រាប់សុខភាពទារក ហើយឥឡូវនេះយើងដឹងថា ការបំបៅនេះមានប្រយោជន៍ដល់សុខភាពម្តាយផងដែរ។ ការដែលម្តាយបំបៅកូនរបស់ពួកគេកាន់តែយូរ វាកាន់តែប្រសើរឡើងទាំងម្តាយ និងកូន“។
នៅក្នុងប្រទេសអង់គ្លេស ក្រសួងសុខាភិបាលបានផ្តល់យោបល់ឲ្យធ្វើការបំបៅដោះកូនរយៈពេល ៦ខែ។ លោកស្រីជូន ដាវីសុន ជាគិលានុបដ្ឋាយិកាផ្នែកបេះដូងម្នាក់នៅឯមូលនិធិបេះដូងអង់គ្លេស បាននិយាយថា “ការបំបៅដោះកូនត្រូវបានគេគិតជាយូរមកហើយថាមានប្រយោជន៍ដល់ទារក និងម្តាយ“។
លោកស្រីនិយាយថា ” ការសិក្សាស្រាវជ្រាវនេះបង្ហាញថា វាអាចមានផលប្រយោជន៍សុខភាពបេះដូងដល់ម្តាយផងដែរ។ ទោះបីជា យ៉ាងណាក៏ដោយ វាគ្រាន់តែបង្ហាញពីទំនាក់ទំនងរវាងការបំបៅដោះកូន ហើយនិងផលប្រយោជន៍សុខភាពប៉ុណ្ណោះ។ យើងត្រូវការស្រាវជ្រាវបន្ថែមទៀតដើម្បីស្វែងយល់ថា តើហេតុអ្វីបានជាការបំបៅនេះជាករណីដ៏ចាំបាច់នោះ “។






I would like to read the magazine