បាលី និង ខ្មែរ

ដកស្រង់ពីសៀវភៅ “ប៉ាកកាទេព: សិល្បវីធីនិពន្ឋ ដោយប្រើវិញ្ញាណ១០”,

និពន្ឋរៀបរៀង និង រចនាក្រប  អ្នកស្រី កែវ ចន្ទ័បូរណ៍

 

ស្មេរខ្លះនិពន្ឋស្នេហ៍បាលី

គិតថាប្រពៃល្អខ្ពង់ខ្ពស់

ប្រើពាក្យខ្មែរងាយលាយចម្រុះ

 

គិតថាស្រកយសអស់តម្លៃ។

ភ្លេចគិតហើយឬថាភាសា

បាលីសាស្ត្រាខ្មែររបានខ្ចី

ពីស្រុកគេផ្សេងយូរមកអី

បើប្រើបាលីយើងត្រូវប្រែ។

 

ហេតុម្តេចទម្លាប់ជំទើតជើង

បរទេសលើកឡើងខ្ពស់ម្ល៉េះទេ

រួចជាន់បង្អាប់ភាពជាខ្មែរ

ភាសាស្រុកស្រែពុកម៉ែប្រៀន?

 

ភាសាខ្មែរររាយងាយស្រួលស្តាប់

អ្នកស្រុកអានគាប់មិនយ៉ាករៀន

មិនបាច់រត់ស្វែងបណ្ឌិតស្មៀន

ជួយបកស្រាយប្រៀនពន្យល់ន័យ។

 

ភាសាតាដូនផ្ញើកូនចៅ

ម្តេចជាន់លិចទៅទាបស្មើដី

ពាក្យខ្មែររាយតួសមប្រពៃ

ស្តាប់យល់អស់ន័យម្តេចថាអន់?

កវី នូកន អ្នកប្រើពាក្យថា “ ប្រលោមលោក ” មុនគេ

នូ កន

ប្រភព: http://www.chanbokeo.com

ភ្នំពេញ: សៀវភៅអក្សរសិល្ប៍ខ្មែរសតវត្សទី២០ របស់លោក ឃីង ហុកឌី បានកត់សំគាល់ថា លោក នូ កន ជាអ្នកប្រើពាក្យថា “ ប្រលោមលោក ” មុនគេ សម្រាប់បកប្រែភាសាបារាំងថា roman សំដៅដល់ប្រភេទរឿងជាពាក្យរាយធម្មតា មិនមែនជារឿងល្បែងដែលខ្មែរយើងពីបុរាណ តែងតែសរសេរជាពាក្យកាព្យ ។

នូ កន ជាកវីពុទ្ធសាសនិក និង ជាមន្ត្រីរាជាការដ៏មានឈ្មោះល្បីម្នាក់នាចុងសតវត្សទី២០ ក្នុងរជ្ជកាលព្រះករុណា នរោត្តម ។ កវីរូបនេះបានបន្សល់ទុកនូវស្នាដៃដ៏ល្បី ល្បាញមួយចំនួន ហើយស្នាដៃដែលខ្មែរគ្រប់ស្រទាប់ស្គាល់ជាងគេគឺរឿង ទាវឯក ។ ខាងក្រោមនេះជាសម្រង់ដកចេញពីរឿង ទាវឯក ។
- ឯទាវមៀងមើលឃើញអ្នកឯក ល្អល្អះចម្លែក ឈរនៅក្រៅ
ស្គាល់ជាអ្នកប្រុស ឆោមស្រងៅ ស្រែកហៅមេនោ មកមើលផង ។
- អង្គុយនិត្យនៅ នាបង្អួច ក្នុងចិត្តកើតកួច ភក្ត្រសៅហ្មង
ទន្ទឹងរឹងថប់ ក្រៃកន្លង លុះឯកដល់ហោង បានស្បើយទុក្ខ ។
- ទើបឯកឆ្លាសឆ្លើយ ឆ្លងវាចា ថាហៃប្អូនភ្ងា នាងបានសុខ
ឯបងនេះសោត សឹងកើតទុក្ខ តាំងពីឈមមុខ ទុក្ខបងធ្ងន់ ។
អាន ច្រើនទៀតនៃប្រកាសនេះ

វិភាគភាសិត៖ ខ្លួនទាបប្រើបង្អោង

អ្នកស្រី កែវច័ន្ទបូរណ៍

“ខ្លួនទាបកុំតោង ដៃខ្លីកុំឈោង ស្រវាអោបភ្នំ” ជាភាសិតដែលចាស់បុរាណ ក្នុងសង្គមសក្តិភូមិ (dictatorship) បានបង្កើតឡើង ដើម្បីបំបាក់កម្លាំងចិត្តអ្

នកក្រ អ្នកតូចទន់ទាប កុំអោយហ៊ានលូកឈោង ប្រាថ្នាខ្ពស់ហួសប្រាណ ហួសសង្គមវណ្ណៈរបស់ខ្លួន ដូចជាអ្នកក្រតូចទាប ដែលប្រាថ្នា ស្រឡាញ់កូនអ្នកធំ ជាគូគាប់ ឬអ្នកមានវណ្ណៈតូចទាប ចង់ប្រឹងប្រាថ្នា ដើម្បីស្វែងរកបុណ្យសក្តិការងារធំដុំ ក្នុងវណ្ណៈសង្គមថ្នាក់លើ ជាដើម។ នៅក្នុងសង្គមបុរាណខ្មែរ គេរាយមនុស្ស ចែកតាមស្រទាប់វណ្ណៈ (ដូចជាវណ្ណៈក្សត្រ វណ្ណៈបព្វជិត វណ្ណៈមន្ត្រី វណ្ណៈសេដ្ឋីអភិជន វណ្ណៈអ្នកងារ ឬបាវបម្រើ។ល។ រួចហើយ គេក៏បង្កើតភាសិតឬពាក្យស្លោក ដើម្បី បង្អាក់ផ្លូវគំនិតមិនអោយអ្នកតូចទាប ងើបឡើង តស៊ូប្រឹងប្រែង ប្រជែងផ្លូវ ជាមួយអ្នកឈរក្នុងវណ្ណៈខ្ពស់ នោះបានឡើយ។ ដូច្នេះ អ្នកក្រ អ្នកតូចទាប អ្នកល្ងង់ គ្មានថ្ងៃនឹងតស៊ូ ដើម្បីភាពលូតលាស់របស់ខ្លួន ហួសព្រំដែនវណ្ណៈ ដែលសង្គមថ្នាក់លើ គូសអោយនោះដែរ។

ចៃដន្យ សង្គមខ្មែរ បានផ្លាស់ប្តូរតាមសម័យកាល ពីសង្គមសក្តិភូមិបុរាណ ឈានចូលមកយុគថ្មីមួយទៀត ដែលពលរដ្ឋម្នាក់ៗ នាំគ្នា រើបម្រះស្វែងរក សិទ្ធសេរីភាព របស់ខ្លួន តាមរយៈឥទ្ធិពល នៃរបបប្រជាធិបតេយ្យ សេរីនិយម។ នៅវេលានេះ យើងសង្កេតឃើញ ថាពលរដ្ឋយើង បានទទួលការសិក្សាជ្រៅជ្រះ មានការស្វែងយល់ នូវគំនិតវិជ្ជមាន និងរីកចម្រើន ជាច្រើន សម្រាប់បណ្តុះបណ្តាលខ្លួន និងបណ្តុះបណ្តាល មនុស្សជាទូទៅ អោយក្លាយជាពលរដ្ឋប្រសើរៗ ជ្រោមជ្រែងជាតិ មិនថា ខ្លួនស្ថិតនៅក្នុងវណ្ណៈណាក៏ដោយ។ ដូច្នេះហើយ ទើបយើងឃើញ សង្គមបច្ចុប្បន្ន បានលាតដៃ យ៉ាងទូលាយ ទទួលស្គាល់ និងត្រងយក នូវពលរដ្ឋទាំងឡាយ មកបម្រើស្រុកទេស តាមរយៈកម្រិតសតិប្រាជ្ញា សមត្ថភាព និងគុណសម្បត្តិប្រសើរ ដទៃទៀត របស់ពលរដ្ឋទាំងនោះ ជាជាងសម្លឹងមើលវណ្ណៈយស ក្រុមគ្រួសាររបស់គេ ដូចនាគ្រាអតីតកាល តទៅទៀត។

ក្នុងសម័យកាលបច្ចុប្បន្ននេះ សង្គមយើងជាទូទៅ ភាគច្រើនបានផ្លាស់ប្តូរទដ្ឋិនិងគំនិត ពីដំណើរ បន្ទុចបង្អាក់កម្លាំងចិត្តមនុស្ស មកលើកកម្លាំងចិត្ត ជំរុញកម្លាំងចិត្តមនុស្ស សាជាថ្មីវិញម្តង។ ហើយដំណើរនៃការជំរុញចិត្តមនុស្ស បណ្តុះកម្លាំងចិត្តមនុស្ស ជាដំណើរប្រសើរបំផុត ក្នុងការសាងប្រទេសជាតិ អោយជឿនលឿននិងមានជោគជ័យ ព្រោះថា កាលបើពលរដ្ឋទាំងឡាយ មានកម្លាំងចិត្តខ្លាំងក្លា ជួយខ្លួនឯង អោយបានក្លាយជាមនុស្សប្រសើរ សង្គមជាតិប្រាកដជាបរិបូណ៌ ទៅដោយពលរដ្ឋប្រសើរ។ កាលណាប្រទេសជាតិបរិបូណ៌ ទៅដោយពលរដ្ឋប្រសើរ មានការចេះដឹងខ្ពស់ នោះប្រទេសជាតិ នឹងមានដំណើរ ឆ្ពោះទៅរកភាពរុងរឿងពណ្ណារាយ ដោយស្វ័យប្រវត្តិ។

តើសុភាសិតខាងក្រោមនេះ

“ខ្លួនទាបប្រើបង្អោង ដៃខ្លីប្រើទំពក់ឈោង ជើងមានឈានជាន់ឡើងអោយខ្ពស់” ឬក៏

“ខ្លួនទាបអោយប្រឹងហាត់តោង ដៃខ្លីអោយប្រឹងហាត់ឈោង ជើងមានហាត់ឈានជាន់ឡើងខ្ពស់”

តើមានអត្ថន័យដូចម្តេចខ្លះ?

ន័យអត្ថានុរូប ឬន័យត្រង់៖

ខ្លួនទាបអោយប្រឹងហាត់តោង៖ ទាបកំពស់រូបកាយ ទាបសុខភាព ប្រឹងហាត់កីឡា ហាត់ប្រាណ នឹងជួយអោយមានសុខភាព ទាំងសាច់ដុំឆ្អឹងឆ្អែង អោយបានកាន់តែរីកដុះដាល មានសុខភាពប្រសើរល្អជាងមុន។ បើសិនមានកិច្ចការអ្វី សម្រាប់ដោះស្រាយ ដោយកម្លាំងសាច់ដុំឬសុខភាព នោះយើងអាចពឹងខ្លួនឯងបានយ៉ាងរវាសរវៃ ហើយមានប្រសិទ្ធភាពបំផុត។

ខ្លួនទាបអោយប្រើបង្អោង៖ បើចង់បេះផ្លែឈើ លើមែកខ្ពស់ បើមិនប្រឹងតោងមែក តោងដើម ច្បាស់ជាឡើងមិនដល់ នឹងបេះផ្លែឈើបាន។ បើសិនឡើងមិនកើត ប្រើបង្អោង ប្រើទំពក់ ប្រើជើងឈានជាន់មែក ជាន់បង្អោង កាន់ទំពក់បេះ។ បើសិនមិនប្រឹងស្រវេស្រវា ប្រើប្រាជ្ញាដោះស្រាយ ប្រើដៃជើងជាទីពឹង ប្រើធនធានដែលមានជុំវិញខ្លួនជាប្រយោជន៍ នោះយើងពិតជាមិនបានផ្លែឈើ បរិភោគឡើយ។

ន័យអត្ថាបដិរូប ឬន័យប្រៀបធៀប៖

ខ្លួនទាបអោយប្រឹងហាត់តោង៖ បើដឹងថា ខ្លួនទាបវិជ្ជា ទាបចំណេះ គប្បីតោងសាលា តោងគ្រូ តោងគម្ពីរ តោងសិល្ប៍វិធីសិក្សា ជួយអោយខ្លួកាន់តែចេះប្រសើរឡើង។ បើដឹងខ្លួនខ្វះខាតចំណេះ ឬទេពកោសល្យ គប្បីស្វែងរកវិធីបណ្តុះបណ្តាលការចេះដឹង និងទេពកោសល្យរបស់ខ្លួន អោយកាន់តែប្រសើរ ជាងមុន ជាលំដាប់ឡើង។

ខ្លួនទាបអោយប្រើបង្អោង ៖ ទាបតែកាយមែនពិត គប្បីប្រើសតិប្រាជ្ញា ជាបង្អោង នាំជីវិត ទៅរកជោគជ៍យ។ ជើងគឺជាសមត្ថភាព របស់ខ្លួនយើង។ ទៅណាមកណា យើងពឹងជើងជាជំនួយ ដើម្បីជួយនាំខ្លួនយើង ទៅដល់ទីខ្ពស់។ បើដឹងថាខ្លួនយើងទាប សូមប្រើប្រាជ្ញាជាបង្អោង ប្រើជើងជាកម្លាំង សមត្ថភាព របស់ខ្លួន ដើម្បីជួយខ្លួនយើង អោយបានដើរឡើងសំដៅ ទៅគោលដៅ នៅទីខ្ពស់ បានប្រសិទ្ធ ទៅតាមកម្រិតនៃការប្រឹងប្រែងរបស់យើង និងតាមឧិកាសដែលហុចអោយ។

ដៃខ្លីប្រើទំពក់ឈោង ៖ ពេលខ្លះ ប្រើដៃប្រើជើង របស់ខ្លួន មិនគ្រប់គ្រាន់ ឬមិនអាចផ្តល់ប្រយោជន៍ ទាន់ចិត្ត យើងនោះទេ នោះយើងអាចខ្ចីទំពក់ផ្សេងៗទៀត មកប្រើ ដោយពឹងផ្អែកលើ កម្លាំងសមត្ថភាពស្នាដៃ របស់យើងដែរ ដូចជា ការទៅខ្ចីប្រាក់ទុនធនធាន ពីធនាគារ ដើម្បីពង្រីកក្រុមហ៊ុនពាណិជ្ជកម្មរកស៊ី ជួលបុគ្គលិកមកធ្វើការក្នុងក្រសួង រួចប្រើទេពកោសល្យប្រាជ្ញា (ដៃ) និងសមត្ថភាព (ជើង) របស់យើង ក្នុងការដឹកនាំការងារក្រុមហ៊ុន និងដឹកនាំបុគ្គលិក ក្នុងពង្រីកកិច្ចការរកស៊ី អោយបានចម្រើនថ្កុំថ្កើងជោគជ័យ។ ព្រមពេលជាមួយគ្នានោះ ធនាគារ ក៏បានរីកធនធាន ដោយសារកម្លាំងសមត្ថភាព ទេពកោសល្យ និងមធ្យោបាយ របស់យើងដែរ។ ដូច្នេះ ទំពក់ និងបង្អោង គឺជាធនធាន ដែលមាននៅជុំវិញខ្លួនយើងផង ទាំងឡាយ ដែលដៃរបស់យើង (ប្រាជ្ញាផលិត) អាចខ្ចីយកមកប្រើការ ពង្រីកការងារ និងភាពរុងរឿងក្នុងជីវិត បានដោយងាយ។

រួមសេចក្តីមក៖

“ខ្លួនទាបប្រើបង្អោង ដៃខ្លីប្រើទំពក់ឈោង ជើងមានឈានជាន់ឡើងអោយខ្ពស់” ឬក៏
“ខ្លួនទាបអោយប្រឹងហាត់តោង ដៃខ្លីអោយប្រឹងហាត់ឈោង ជើងមានហាត់ឈានជាន់ឡើងខ្ពស់”

យើងគ្រប់គ្នា គប្បីបណ្តុះបណ្តាលខ្លួន មិនថា ខ្លួនយើង ស្ថិតនៅក្នុងវណ្ណៈសង្គមណាឡើយ ព្រោះថា គ្រប់គ្នា រមែងមានចំណុចខ្វះខាត គ្រប់គ្នាទាំងអស់ មិនលើកលែងបុគ្គលណាមួយឡើយ។ សូមកុំបណ្តោយអោយខ្លួនយើង បាក់កម្លាំងចិត្ត ទៅតាមទំនោរប្រមាថ របស់ចាស់បុរាណខ្លះៗ ដែលប្រាថ្នា មិនចង់ឃើញ អ្នកតូចទាប បានទទួលនូវការរីកចម្រើនដុះដាល ក្នុងជីវិត តទៅទៀត។ ផ្ទុយទៅវិញ នរជនណាដែលអាចបង្រៀនដៃអោយហាត់​តោង អោយជើងហាត់រៀនឈានជាន់ និងរៀនប្រើសតិប្រាជ្ញា ខ្ចីបង្អោងទំពក់ មកជួយបណ្តោះកិច្ចការងារ ទាំងពួងរបស់ខ្លួន នរជននោះ រមែងបានទទួល នូវការរីកចម្រើនដុះដាល ក្នុងជីវិតរបស់គេ មិនលែងឡើយ។

វិបត្តិអក្សរសាស្រ្តនៅកម្ពុជា

ហេតុអ្វីបានជាយុវជនខ្មែរបច្ចុប្បន្ន សរសេរអក្សរជាតិមិនសូវបានត្រឹមត្រូវតាមក្បួនខ្នាត?

 

វិបត្តិ៖

1/ ក្បួនសាស្រ្តាអក្សរសាស្រ្តជាតិ របស់ខ្មែរ បានត្រូវបំផ្លាញចោល នៅសម័យប៉ុលពត ស្ទើរតែអស់គ្មានសល់។

2/ បញ្ញាវ័ន្តខ្មែរ បានស្លាប់គរជើង វាល់លាននាក់ នៅសម័យប៉ុលពត។ មាននៅសល់ខ្លះ ភៀសខ្លួន ទៅនៅក្រៅប្រទេស ដើម្បីរក្សាជីវិត។ ខ្លះទៀតវិលវិញ មក​បម្រើ​ជាតិសាជាថ្មី សព្វថ្ងៃនេះ។ តែចំនួន របស់បញ្ញវ័ន្តជាន់ខ្ពស់ ខាងអក្សរសាស្រ្ត មានចំនួនស្តួចស្តើង ពិបាកនឹងបែងខ្លួន ធ្វើការងារ ខាងបណ្តុះបណ្តាលការសិក្សា ដល់យុវជន អោយសមនឹងចំនួនដែលត្រូវការ។

3/ ការឧបត្ថម្ភ របស់ក្រសួងរដ្ឋាភិបាល ខាងសិក្សាធិការអប់រំ ផ្នែកស្រាវជ្រាវ អភិរក្សនិងអភិវឌ្ឍន៍ អក្សរសាស្រ្តខ្មែរ នៅមានកម្រិតមិនលូតលាស់ទាន់​តម្រូវ​ការ ក្នុងជីវិតរបស់យុវជន សម័យថ្មី  ដែលកំពុងលង់ ក្នុងសម័យសម្ភារនិយម ជាពិសេស ខាងបច្ចេកវិជ្ជា។

4/ ភាពខ្វះខាតរបស់សាលា (ចំនួនសៀវភៅ និងបណ្ណាល័យ មានកម្រិត)

5/ ប្រាក់ខែស្តួចស្តើង របស់គ្រូ ធ្វើអោយគ្រូ បង្រៀនសិស្សមិនដិតដល់ ត្បិតអាល័យទទួលខុសត្រូវក្នុងអាជីពផ្សេងទៀត ដើម្បីរកប្រាក់ខែបន្ថែម ផ្គត់ផ្គង់​គ្រួសារ។

6/ កម្មវិធី និងម៉ោងសិក្សា ខាងអក្សរសាស្រ្ត អក្សរសិល្ប៍ខ្មែរ ក្នុងសាលា ពីបឋមសិក្សា ដល់ឧត្តមសិក្សា មានកម្រិត តិចជាងម៉ោងបង្រៀន កាលពីជំនាន់មុន​១៩៧៥។

7/ សង្គមខ្មែរ ឥលូវ កំពុងទទួលឥទ្ធិពល ពីវប្បធម៌ បរទេស តាមរយៈ ការសិក្សាជាន់ខ្ពស់ ខាងមុខវិជ្ជាផ្សេង ដែលតម្រូវអោយសិស្ស រៀនភាសាបរទេស ជាជាងភាសាខ្មែរ ឥទ្ធិពលផ្នែកពាណិជ្ជកម្មជួញដូរជាមួយបរទេស ការលូតលាស់ខាងទទួល ដំណើរទេសចរណ៍ អន្តោប្រវេសន៍និងចំណូលស្រុក ជាដើម។

8/ ភាពក្រីក្របានបង្ខំ យុវជនខ្មែរ ជាច្រើន ដើរចាកសាលា ដើម្បីធ្វើការងារ ផ្គត់ផ្គង់ ការខ្វះខាតក្នុងគ្រួសារ ម៉្លោះហើយការសិក្សា និងការចេះដឹង ក៏ថមថយ​តាម​នោះ​ដែរ។

ដំណើរអភិវឌ្ឍន៍៖

1/ បច្ចុប្បន្ន ខ្មែរយើងមានសិទ្ធិសេរីភាពច្រើន ក្នុងការស្រាវជ្រាវ ឬសគល់របស់ខ្លួន ជាពិសេស ខាងអក្សរសាស្ត្រ អក្សរសិល្ប៍។ បញ្ញាវ័ន្តខ្មែរជាច្រើន បាន​ចេញ​មុខ ធ្វើការយ៉ាង ឧស្សាហ៍ ស្វិតស្វាញ ក្នុងការស្រាវជ្រាវអក្សរសាស្រ្ត របស់ខ្លួន ព្រោះតែ សេចក្តីស្រឡាញ់ដ៏ធំធេង ចំពោះជាតិ ថ្វីបើពុំមាន ថវិកា ឧបត្ថម្ភ​ការងារ​នេះ។

2/ បណ្ណាល័យបានបង្កើតឡើងវិញ តាមសាលា ជាបន្តៗ ថ្វីបើពុំលឿនទាន់សេចក្តីត្រូវការរបស់សិស្ស។

3/ គណកម្មការ កម្មវិធីសិក្សាខាងអក្សរសាស្ត្រ បានចាប់ផ្តើម សរសេរ និងបោះពុម្ពសៀវភៅ ថ្មីៗទៀត សម្រាប់បង្រៀនសិស្ស នៅជំនាន់ថ្មីទៀត។

3/ អ្នកនិពន្ធខាងអក្សរសាស្ត្រ អក្សរសិល្ប៍ បានបង្កើត បង្កើនស្នាដៃ កាន់តែច្រើន ក្នុងទីផ្សារ និងតាមរយៈគ្រឹស្ថានសិក្សា និងតាមរយៈអង្គការក្រៅរដ្ឋាភិបាល។

4/ ការចែកចាយចំណេះសិក្សា តាមរយៈប្រព័ន្ធឥន្ថឺណិត ដូចជា ហ្វេសប៊ុក នេះជាដើម។

5/ កម្មវិធីប្រកួតយករង្វាន់ អក្សរសាស្រ្ត អក្សរសិល្ប៍ ដើម្បីអំណោយលើកកម្លាំងចិត្ត ដល់បេក្ខជន ដែលមានជំនាញប្រសើរខាងអក្សរសាស្រ្ត អក្សរសិល្ប៍។

6/ ក្រសួងសិក្សាធិការ (ក្រសួងអប់រំយុវជននិងកីឡា) បានផ្តល់ចំណាប់អារម្មណ៍ លើអក្សរសាស្ត្រខ្មែរ ច្រើនជាងមុន ដូចជា ការអនុមតិ អោយយកវចនានុក្រម សម្តេចជួនណាត ជាគោលអក្ខរាវិរុទ្ធ ហើយមានបង្កើតក្រមការអក្សរសាស្រ្ត នៅពេលថ្មីៗនោះ ដើម្បីស្រង់ពាក្យខ្មែរបន្ថែម ឬបង្កើតបន្ថែម។

7/ យុវជនខ្មែរជាច្រើនមានទដ្ឋិវិជ្ជមាន កាលបើយល់ឃើញនូវការខ្វះខាតរបស់ខ្លួនខាងអក្សរនិងភាសាខ្មែរ ហើយក៏នាំគ្នាបើកចិត្តបើកគំនិតសិក្សា ដោយ​សោមនស្ស​រីករាយ គ្មានប្រកាន់។

8/ ការពិគ្រោះពិភាក្សាបើកចំហ នៅគ្រប់ទីកន្លែង ក្នុងការជួយគ្នា កែតម្រូវការប្រើភាសាខ្មែរ អោយបានត្រឹមត្រូវតាមក្បួនខ្នាត។

9/ ចំនួនយុវជន ដែលរក្សាផ្នួសក្នុងវត្ត នៅស្រុកខ្មែរ បច្ចុប្បន្ន មានចំនួនច្រើន លើសពេលណាៗ ទាំងអស់ ក្នុងប្រវត្តិជាតិខ្មែរ។ ឧទាហរណ៍ នៅវត្តពោធិវាល បាត់ដំបង មានសមណសិស្ស ដល់ទៅ ជាង៧០០ អង្គ។ នៅវត្តបវេល មានសមណសិស្ស ប្រហែល៤០០ អង្គ។ នេះមិនគិតពីវត្តជាច្រើនរយទៀត នៅបាត់ដំបង។ ចុះទម្រាំគ្រប់ខែត្រទៀត? មានន័យថា នៅអនាគត យ៉ាងខ្លីខាងមុខ យើងនឹងឃើញ ការលូតលាស់ក្នុងភាសាខ្មែរ កាន់តែច្រើនជាមិនខាន។

អ្វីដែលយើងនៅខ្វះ៖

1/ វចនានុក្រម តាមមុខវិជ្ជា ឯកទេសផ្សេងៗ ដូចជាខាងពាណិជ្ជកម្ម ពេទ្យ បច្ចេកវិទ្យា ជាដើម។

2/ សំណេរអត្ថបទ ដែលបណ្តុះប្រាជ្ញា ស្មារតី និងគំនិត ដើម្បីលើកទឹកចិត្ត មនុស្ស អោយស្រឡាញ់ ការអាននិងការសរសេរ។

3/ កាត់បន្ថយ កម្មវិធីកំសាន្ត ក្នុងទូរទស្សន៍ បន្ថែមកម្មវិធីអក្ខរកម្ម និងកម្មវិធីបណ្តុះស្មារតីអាន ដល់អ្នកដែលមិនអាច មានឧិកាស ដើរទៅដល់សាលា ដើម្បីរៀន។

4/ បង្កើនចំនួន អ្នកស្ម័គ្រចិត្តជួយធ្វើ ជាជាងជួយថា។

5/ ប្រាក់ខែផ្គត់ផ្គង់គ្រូបង្រៀន។

6/ អាហារូបករណ៍ឧបត្តម្ភសិស្ស ឬគន្ថការីខាង អក្សរសាស្ត្រ អក្សរសិល្ប៍ ដើម្បីបន្តការស្រាវជ្រាវ សរសេរនិងបោះពុម្ព សៀវភៅ សម្រាប់​បណ្តុះ​បណ្តាល​ការ​សិក្សា​ជឿនលឿន ខាងភាសាខ្មែរ។

7/ ប្រពន្ធ័សមាគម អ្នកស្រឡាញ់អក្សរសាស្ត្រជាតិ។

អ្នកស្រីកែវច័ន្ទបូរណ៍

ទី៥ឧសភា២០១១

សម្តេចជួនណាត និងលោកកេងវ៉ាន់សាក់

មានព៌តមានខ្លះៗដែលទាក់ទង ទៅនឹងលោកអ្នកប្រាជ្ញ អក្សរសាស្រ្ត ជំនាន់មុន ដែល​បងប្អូន​យើង​ជំនាន់ក្រោយ ចេះតែនាំគ្នា គិតច្រឡំរៀងៗ អំពីអ្នកប្រាជ្ញភាសាខ្មែរជំនាន់មុន ហើយ​ចេះ​​តែកើតចិត្ត ស្រឡាញ់អ្នកប្រាជ្ញមួយ ស្អប់អ្នកប្រាជ្ញមួយ ឬទិទៀនអ្នកប្រាជ្ញមួយទៀត ក្នុងសង្គមខ្មែរយើង ព្រោះតែយើងពុំបានដឹង ឬពុំយល់ ច្បាស់ អំពីប្រវត្តិអ្នកប្រាជ្ញខ្មែរ និង​ប្រវត្តិអក្សរសាស្រ្តខ្មែរនោះឯង។ ខ្ញុំសូមចែករំលែកព៌តមានខ្លះៗ តាមដែលខ្ញុំបានដឹង ពីលោក​សាស្រ្តាចារ្យ អក្សរសាស្រ្តខ្មែរ ជំនាន់មុន ដើម្បីអភិរក្ស និងអភិវឌ្ឍន៍ អក្សរសាស្រ្ត យោងទៅតាម សេចក្តីត្រូវការរបស់សង្គមយើង នាបច្ចុប្បន្ននេះ ៖

1/ សម្តេចព្រះសង្ឃរាជ ជួនណាត បានទទួលពានរង្វាន់ បណ្ឌិត្យផ្នែកអក្សរសាស្រ្ត ពីគណកម្មការ អក្សរសាស្ត្រ អក្សរសិល្ប៍ខ្មែរ ប្រចាំរាជាណាចក្រ កម្ពុជា នៅឆ្នាំ១៩៦៣ ។ រីគណកម្មការ មេប្រយោគ ដែលផ្តល់ពិន្ទុ លើសមត្ថភាពផ្នែកអក្សរសាស្រ្ត របស់ព្រះសង្ឃរាជ ជួនណាត នោះមាន លោកបណ្ឌិត កេងវ៉ាន់សាក់ លោកភឿនតុន លោកញ៉ុកថែម និងសម្តេចព្រះវនរ័តន៍ ប៉ាងខាត់

2/ គណកម្មការ ខេមរយានកម្ម បានត្រូវបង្កើតឡើង នៅចុងសម័យសង្គមរាស្រ្តនិយម  រវាង​ឆ្នាំ​១៩៦៨-១៩៦៩ (មុនរបបសាធារណរដ្ឋខ្មែរ ដឹកនាំដោយលោកលន់នល់) ដើម្បីបំបែក​និង​បង្កើតភាសាខ្មែរ បន្ថែមទៀត សម្រាប់ប្រើនៅក្នុងការសិក្សាជាន់ខ្ពស់ ខាងអក្សរសាស្រ្ត នៃ គណិត​វិទ្យា គីមី រូបវិទ្យា ធម្មជាតិវិទ្យា វិស្វកម្ម ស្ថាបត្យកម្ម  វេជ្ជវិជ្ជា ជីវវិទ្យា ចិត្តវិទ្យា សរិរវិទ្យា បច្ចេកវិទ្យា និងវិជ្ជាឯកទេស ជាច្រើនមុខទៀត។ ក្រុមគណកម្មការនេះ មាន​សមាជិកចម្រុះ មកពីគ្រប់សាខា គ្រប់ឯកទេស ក្នុងកម្ពុជា ជាច្រើនរូប។ នៅអំឡុងពេលនោះ លោក ហង្សធុនហាក់ បានត្រូវគេជ្រើសរើស តែងតាំង ជាប្រធាន របស់គណកម្មការ ដ៏ទូលាយនោះ ដោយមានសមាជិក ជាងម្ភៃនាក់ ចូលរួមផង ដូចជា សម្តេចសង្ឃរាជ ហួតតាត (ដែលបន្តវេនការងារ ពីសម្តេចសង្ឃរាជ ជួនណាត) សម្តេចព្រះវនរ័តន៍ ប៉ុន សមភាចន៍ (ជាព្រះគ្រូមួយអង្គរបស់ខ្ញុំ) និងសាស្រា្តចារ្យលុចប្លែងជាដើម។ នៅក្នុងចំណោម សមាជិក គណកម្មការ ខេមរយានកម្មទាំងឡាយនោះ ពុំមានលោកបណ្ឌិត្យ កេងវ៉ាន់សាក់ ចូលរួម ជា​សមាជិកទេ។ ម៉្យាងវិញទៀត សមាជិកទាំងឡាយនៃគណកម្មការខេមរយានកម្មបាន​ធ្វើ​មរណកាលទៅ ស្ទើរទាំងអស់ នៅសល់តែលោក លុចប្លែង មួយរូប ដែលរស់នៅ ប្រទេស​បារាំង  សព្វថ្ងៃនេះ។

នៅឆ្នាំ១៩៧០ គណកម្មការ ខេមរយានកម្ម បានសម្រេចបញ្ចេញ ការប្រើអក្សរនិងភាសា​ខ្មែរ នៅក្នុងការសិក្សា កម្រិត មហាវិទ្យាល័យ វិទ្យាល័យ និងអនុវិទ្យាល័យ ពេញផ្ទៃកម្ពុជា ព្រោះនៅជំនាន់មុននោះ មានតែការសិក្សា នៅកម្រិត បឋមសិក្សាទេ ដែលមានប្រើអក្សរ​ខ្មែរ ជាយាន សម្រាប់បង្រៀនវិជ្ជា ទៅពលរដ្ឋខ្មែរ តាមរយៈ សាលារៀនជាតិ។ ក្រៅពីនោះ ចាប់ពីកម្រិតសិក្សា ត្រឹមអនុវិទ្យាល័យ ឡើងលើ គេបង្រៀនមុខវិជ្ជាផ្សេងៗ ជា​ភាសា​បារាំង​ទាំងអស់ ទាំងសរសេរនិងនិយាយ លើកលែងតែ ថ្នាក់អក្សរសិល្ប៍ខ្មែរមួយទេ ដែលគេ​ប្រើ​ភាសាខ្មែរ ក្នុងការបង្ហាត់បង្រៀន។ គណកម្មការនេះ បានធ្វើការបណ្តុះបណ្តាល និងអភិវឌ្ឍន៍ អក្សរសាស្រ្តខ្មែរ យ៉ាងជឿនលឿន ជាងពេលណាៗ ទាំងអស់  រហូតដល់ថ្ងៃចុងក្រោយ ដែល​ប្រទេស​ខ្មែរ ធ្លាក់ចូលក្នុងកណ្តាប់ដៃ នៃរបបខ្មែរក្រហម នៅឆ្នាំ១៩៧៥។ នៅពេលនោះ សាលារៀនទាំងឡាយ គ្រប់ជាន់ថ្នាក់ បានត្រូវបិទទ្វារចោល។ សៀវភៅសាស្រ្តាទាំងឡាយ បានត្រូវដុតបំផ្លាញជាផេះគ្មានសល់។ ចំណែកអ្នកប្រាជ្ញខ្មែរ ទាំងឡាយ ក៏បានត្រូវ ពួកខ្មែរ​ក្រហមធ្វើទារុណកម្មយ៉ាងវេទនា រួចហើយ ក៏ត្រូវគេប្រហារជីវិតចោល ដោយឥតស្តាយ​ស្រណោះ។  មិនត្រឹមតែអ្នកប្រាជ្ញខ្មែរ ខាងអក្សរសាស្រ្ត តែប៉ុណ្ណោះទេ ដែលត្រូវគេសម្លាប់ នរណាក៏ដោយ អោយតែចេះអាន ចេះសរសេរ ចេះនិយាយភាសា ឬមានកម្រិតវិជ្ជា លើស​ពីបឋម​សិក្សាឡើងទៅ ត្រូវគេធ្វើឃាដទាំងអស់ អោយតែខ្មែរក្រហម បានដឹងពីប្រវត្តិ កម្រិតវិជ្ជា និងការសិក្សា របស់ជននោះ។ ថ្វីបើយ៉ាងនេះក៏ដោយ ក៏ស្នាដៃដ៏ល្អប្រណីត របស់ គណកម្មការ ខេមរយានកម្ម បាននៅសេសសល់រស់រវើក ជាកេរមរតក ដល់កុលបុត្រ ខ្មែរ ជំនាន់​ក្រោយ ប្រើរៀងរមក រហូតដល់សព្វថ្ងៃនេះ ជាពិសេស ភាសាខ្មែរទាំងឡាយ ដែល​យើង​ប្រើ នៅក្នុងមហាវិទ្យាល័យ វិទ្យាល័យ និងអនុវិទ្យាល័យ នៅក្នុងមុខវិជ្ជាផ្សេងៗ គឺនៅតែបន្ត ដូចកាលពីជំនាន់ ១៩៧០-១៩៧៥ គ្មានផ្លាស់ប្តូរ។

ដូច្នេះ បើយើងទាំងឡាយ នាំគ្នា ក្រឡេកបែរមើល ប្រវត្តិអក្សរសាស្រ្តខ្មែរ ពីជំនាន់សម្តេច​ជួនណាត រហូតមកដល់ ថ្ងៃ១៧មេសា១៩៧៥  អ្នកប្រាជ្ញខ្មែរ ទាំងឡាយ ជំនាន់នោះ ធ្វើការ​រួមគ្នា ស្រាក់ដៃទាំងក្រុមៗ យ៉ាងសស្រាក់សស្រាំ ដើម្បីការអភិរក្សនិងអភិវឌ្ឍន៍អក្សរសាស្រ្ត ជាតិខ្មែរណាស់ មិនថា គោលជំហរ នយោបាយ របស់ប្រទេសខ្មែរ បានផ្លាស់ប្តូរ យ៉ាងណា​ឡើយ។ ចៃដន្យ បច្ឆាជនខ្មែរ ជំនាន់ក្រោយ បែរជានាំគ្នា លាបព៌ណ នៃសេចក្តីស្រឡាញ់ ឬស្អប់​របស់​ខ្លួន ទៅលើអ្នកប្រាជ្ញខ្មែរ និមួយៗ ទាំងឡាយនេះ ដោយព្រោះតែការ ដែលខ្លួន​ដឹង​មិនច្បាស់ ចេះតែនាំគ្នា ស្រឡាញ់អ្នកប្រាជ្ញមួយ ថ្កោលទោសអ្នកប្រាជ្ញមួយទៀត ស្ទើរតែ​គ្រប់គ្នា ហើយចេះតែនាំគ្នាគិតថា នរណាក៏ដោយ អោយតែសរសេរខ្មែរ ខុសពីអ្វី ដែល​សម្តេច​សង្ឃរាជ បានចងក្រងទុក គឺចាត់ទុកជាពិរុទ្ធ ដែលគួរថ្កោលទោស គ្រប់វេលា ហើយនាំ​គ្នាប្រមាថ មាក់ងាយស្នាដៃ អ្នកប្រាជ្ញដទៃទៀតទាំងនោះ ថាមិនរក្សា អភិរក្ស អក្សរសាស្រ្ត​ជាតិ។ ប៉ុន្តែ បើសិនជាយើងនាំគ្នា ស្រាវជ្រាវ ហើយពិចារណា ហេតុផល បានស្គាល់ បានដឹង ច្បាស់លាស់នោះ យើង នឹងលែងមាន Favoritism គឺការនិយមចូលចិត្ត យោងទៅលើបុគ្គល​និយម ហើយនឹងបែរខ្លួន ទៅប្រកាន់យក នូវមោទនភាព យ៉ាងខ្ពង់ខ្ពស់ ទៅលើតម្លៃអក្សរ​សាស្រ្តជាតិ ដែលអ្នកប្រាជ្ញខ្មែរជាច្រើន បានសម្រក់ឈាមញើស របស់លោកសម្រាប់​ចែកចាយ ដល់កូនចៅ ជំនាន់ក្រោយៗ មុននឹងលោកចែកស្ថានពីយើងទៅ។ វិញ្ញាណក្ខ័ន្ធរបស់​លោក​ច្បាស់ជាអាចញញឹម ហើយបានទទួលភាពស្ងប់សុខ បើសិនជាកូនចៅ ជំនាន់ក្រោយ អាចបង្ហាញ នូវសាមគ្គីភាព និងមោទនភាព ចំពោះភាសា របស់ខ្លួន យ៉ាងទូលំទូលាយ ជាជាងផ្តល់​ទំនោរ មោទនភាព របស់ខ្លួន ទៅលើបុគ្គលនិយម តែមួយជ្រុង ហើយឈប់ថ្កោលទោស លោកទាំងឡាយទៀតដែលសម្រក់ញើសដើម្បីតម្កល់តម្កើងភាសាជាតិ ថាជាជន មិនអភិរក្ស អក្សរសាស្រ្តខ្មែរ តទៅទៀត។

សមាជិកគន្ថការីនិងសាស្រ្តាចារ្យពិគ្រោះ ៖

លោកសាស្រ្តាចារ្យ អ៊ូប៉េងសាន លោកសាស្រ្តាចារ្យ គីមមាសកូយ លោកសាស្រា្តចារ្យ អួន នឿង បណ្ឌិត្យឃូគីមទូយ អ្នកស្រីសាស្រ្តាចារ្យនៅសារិម អ្នកស្រីសាស្រ្តាចារ្យ អៀងម៉ាឡា

អ្នកស្រីកែវចន្ទ័បូរណ៍

៧ឧសភា២០១១

លោកប្រែ តោងព្រឹត្តិ, ចិត្តកុំប្រែ

ដកស្រង់ពីសៀវភៅ «រសជាតិភាសាខ្មែរ» និពន្ធដោយ លោក ម៉ែន រៀម

 

ពាក្យនេះ ជាដំបូន្មានឧិ្យយើង«ចេះរស់» ជាមួយសង្គម ទៅតាមកាលៈទេសៈ ដែលត្រូវជំនោរខ្យល់បក់មក។

«លោក» គឺមនុស្សក្នុងលោក។ «ព្រឹត្តិ» គឺការចម្រើនលូតលាស់, ក្នុងទីនេះ មានន័យថា «ប្រព្រឹត្តិ, ធ្វើ»។

សង្គមមនុស្ស នៅពេលខ្លះ ប្រែចិត្តថ្លើមខុសផ្សេងពីបែបបទដែលធ្លាប់និយមរៀងដរាបមក។ ឧបមថា៖ ស្តេច ឬប្រធានាធិបតីខ្លះ បានដឹកនាំប្រទេស និង ប្រជារាស្ត្រឧិ្យដើរថយក្រោយ បញ្ច្រាសទិស ខុសគេឯងក្នុងសកលលោក។ សម័យរាជ្យ ប៉ុល ពត បានបង្វិលជីវភាពមនុស្ស សជាខ្មៅ, ខុសជាត្រូវ, ល្ងង់ជាចេះ, ពាលជាបណ្ឌិត… ច្របូកច្របល់ពេញនគរ។ នេះឯងដែលគេហៅថា «លោកប្រែ»។ បើលោកប្រែយ៉ាងនេះហើយ តើយើងត្រូវប្រកាន់ជំហរបែបណា?។ យើងតោង «ព្រឹត្តិ», តែចិត្តរបស់យើង សុំកុំ«ប្រែ» ចាកចេញពីបន្ទាត់ «ខុសនិងត្រូវ» ដែលយើងធ្លាប់បានដឹងមកហើយនោះឲ្យសោះ។ សតិសម្បជញ្ញៈរបស់យើងមិនត្រូវរេ ឬប្រែទៅតាម «បែបបទឆ្កួតលីលា» នោះទេ, ប៉ុន្តែបើមនុស្សភាគច្រើននៅក្នុងសង្គមដែលយើងរស់នៅនោះ គេនាំគ្នា «សំពះមេគោ» ដើម្បីសុំសិរីសួស្តី ហើយយើងមិនព្រមសំពះតាមគេ ពេលនោះ យើងអាចទទួលផលវិបាកបានច្រើនយ៉ាង។ លើដៃសំពះតាមគេទៅ ប៉ុន្តែក្នុងចិត្តកុំភ្លេចថា នេះគឺ «មហាឆ្កួត» ដែលមិនមានគ្រូណាអាចមើលជាទេ!!!

“បើស្អប់កុំឲ្យបាញ់ បើស្រឡាញ់កុំឲ្យខ្ចី”

អត្ថាធិប្បាយៈ

ពាក្យនេះ នរណាក៏ធ្លាប់ឮដែរ, ហើយអ្នកណាក៏មានរឿងដែលបណ្តាលមកពី “ស្អប់ ហើយនិង ខ្ចីបុល” នេះដែរ។

បើស្អប់ កុំឲ្យបាញ់ តើមានន័យយ៉ាងណា?

ពាក្យ “កុំឲ្យបាញ់” មិនមែនបាញ់នឹងគ្រាប់កាំភ្លើងនោះទេ គឺហាមមិនឲ្យ៖ ដើរនិយាយដើម, បន្តុះបង្អាប់, មួលបង្កាច់, ប្រើសម្តីមិនល្អ ទៅលើមនុសុ្សដែលខ្លួនស្អប់នោះ។ ការស្អប់ និង ស្រឡាញ់ គឺចារឿងមួយដែលមិនអាចឃាត់មិនឲ្យកើយមានបានទេ។ យើងមិនចូលចិត្តមនុស្សនេះ ហើយចូលចិត្តអ្នកខាងនោះ គឺចារឿងធម្មតារបស់មនុស្សលោក។ តែការសំខាន់ដែលយើងម្នាក់ៗត្រូវចងចាំទៅតាមបណ្តាំដូនតាយើង នៅត្រង់ចំណុចថា បើបានជាស្អប់អ្នកណាម្នាក់ហើយ សុំ “កុំបាញ់” អ្នកនោះឲ្យសោះ។ ព្រោះថា បើធ្វើយ៉ាងនេះ គឺយើងពង្រីកសំអប់នោះឲ្យកាន់តែធំឡើង រហូតដល់ពលមួយ សំអប់នោះនឹងផ្ទុះដូចគ្រាប់បែក អាចបណ្តាលឲ្យមានការស្លាប់-រស់ដល់អ្នកណាមិនខាន។

តើយើងគួរធ្វើយ៉ាងណា?

ចម្លើយយ៉ាងខ្លីៈ បើបានជាស្អប់ហើយ កុំដើរបរិហារកេរ្តិ៍គេឲ្យសោះ។ សុំបិទមាត់ឲ្យជិត។ កុំមានវាចាអាក្រក់ (និយាយដើម) ពីមនុស្សនោះ ប្រាប់មនុស្សម្នាក់ទៀតដើម្បីឲ្យគេជួយស្អប់។

ស្រឡាញ់ កុំឲ្យខ្ចី

មានន័យថា ការខ្ចីបុលរវាងមិត្តភក្តិ ច្រើននាំឲ្យក្លាយជាសត្រូវនឹងគ្នា ព្រោះអ្នកខ្ចី មិនគោរពពាក្យសន្យារបស់ខ្លួន។ មនុស្សច្រើនណាស់ តែងសន្យា “សុំខ្ចីតែ ៣ ថ្ងៃទេ ខ្ញុំយកមកសងវិញហើយ!”។ លុះ ៣ ថ្ងៃកន្លងផុតទៅ ម្ចាស់បំណុលឥតបានទទួលអ្វីទាំងអស់ – បាត់ឈឹង – គ្មានឮអ្វីសោះ។ ១ អាទិត្យកន្លងផុទៅ … រួចចូលអាទិត្យទី ២… អាទិត្យទី ៣ នៅតែឈឹង។ អត់ទ្រាំមិនបាន ម្ចាស់បំណុលក៏សួរ៖ “យ៉ាងណាទៅហើយ រឿងប្រាក់ ៣ ថ្ងៃនោះ?”។

កាលណាមានសំនួរ អ្នកខ្ចីភាគច្រើនបែរជាខឹង ដោយចោទប្រកាន់ថា គេមើលងាយខ្លួន -ល- … មិត្តភាពក៏ចាប់ប្រេះស្រាំ ឬបាក់បែកត្រឹមចំណុចនេះ។

ការខ្ចីបុលនៅពេលខ្វះខាត ជារឿងធម្មតាសម្រាប់មនុស្សភាគច្រើន។ ការប្រកាន់ខ្ជាប់នូវបាក្យសន្យា ជារឿងលំបាកសម្រាប់មនុស្សភាគច្រើន។ គប្បីចាំថា ភាពទៀងត្រង់ នាំឲ្យយើងរស់បានយូរជាងការភូតកុហក, ជាពិសេស ការភូតកុហកមិត្តសម្លាញ់ដែលមានសុឆន្ទៈចំពោះខ្លួន គឺជាការបិទផ្លូវទៅរកសុខ។

សប្បុរសយល់ដោយមុខ ស៊ុកគ្រលុកពេកពុំជា

នេះជាពាក្យប្រដៅកូនចៅក្នុងរឿង «ធ្វើបុណ្យ ឬធ្វើទាន» ដកស្រង់ចេញពីសាស្ត្រា ច្បាប់កេរកាល។

បើយើងតាំងខ្លួនជាមនុស្សសប្បុរសៈ អាណិតអាសូរអ្នកដទៃ – ជួយទំនុកបម្រុងអ្នកខ្សត់ខ្សោយ -ល- នោះត្រូវឲ្យមានកម្រិត មានព្រំសីមា… កុំចេះតែប៉ាតណាប៉ាតណី។ គួរពិនិត្យមើលជាមុន ហើយពិចរាណាថា តើគួរឲ្យ គួរជួយ ឬមិនគួរ។ ហេតុអ្វី? ព្រោះអំណោយដែលយើងឲ្យចំពោះមនុស្សដែលមិនគួរឲ្យ វាអាចផ្តល់លទ្ធផលមិនល្អដល់អ្នកឲ្យ និងអ្នកទទួល។ យ៉ាងណាមិញ បើយើងឲ្យស្រាទៅជនប្រមឹក វានឹងជួយឲ្យមនុស្សនោះកាន់តែប្រមឹកខ្លាំងទៅទៀត នាំផលអាក្រក់ដល់កូនប្រពន្ធរបស់គាត់នោះ។ បើយើងឲ្យប្រាក់ទៅមនុស្សម្នាក់ដែលត្រូវការប្រាក់នោះ យកទៅលេងល្បែង វាអាចនឹងជួយមនុស្សនោះ ឲ្យកាន់តែហិនហោចខ្លាំងថែមទៀត ព្រោះល្បែងគឺជាអំពីអបាយមុខ។

«ស៊ុកគ្រលុក» មានន័យថាៈ ឥតសណ្តាប់ធ្នាក់, ខ្ជីខ្ជា, កញ្ចះ-កញ្ជាយ, ច្របូកច្របល់។

ជនណាម្នាក់ដែលជាមនុស្សប្រកបដោយទឹកចិត្តសប្បុរសគ្មានព្រំប្រទល់ គឺថា គ្មានរបៀបរៀបរយ, ខ្ជីខ្ជា, គ្មានយល់មុខ ហើយច្របូកច្របល់ប៉ាតណាប៉ាតណី ដែលគេឲ្យឈ្មោះថា ស៊ុកគ្រលុកនោះ, ជននោះលោកចាត់ទុកថា «ពុំជា» បានសេចក្តីថា «មុខជាឈឺហើយ!»។

ហេតុនេះ គួរយល់ថា កិច្ចការអ្វីក៏ដោយ តែងមានព្រំសីមា ដែលជាកម្រិតសម្រាប់គ្រប់កិច្ចការ។ ការស្គាល់នូវព្រំសីមា មិនខុសពីការបង់អំបិលទៅក្នុងសម្លនោះទេ។ រឿងលំបាកត្រង់ចំណុចថា តើត្រូវបង់ប៉ុន្មាន ដើម្បីឲ្យសម្លនោះឆ្ងាញ់។

តាមដាន

Get every new post delivered to your Inbox.

Join 4,975 other followers