ធ្វើល្អព្រោះខ្លួនជាមនុស្សល្អ

មនុស្សទូទៅ តែងប្រកាន់គំនិតថា បើគេធ្វើល្អដាក់ខ្លួន, ខ្លួនធ្វើល្អដាក់គេវិញ។ បើគេធ្វើអាក្រក់ដាក់ខ្លួន, ខ្លួនត្រូវតែធ្វើអាក្រក់ដាក់គេវិញ ដើម្បីរួចគ្នា។

ការពិត គឺមិនមែនចាំបាច់ ត្រូវតែដូច្នោះឡើយ។ មនុស្សយើងភាគច្រើន ដែលសុទ្ធតែជឿលើកម្មផល គួរតែដឹងថា អ្វីដែលសាងចេញទៅ គឺរមែងត្រឡប់មករកខ្លួនវិញ តាមផ្លូវណាមួយ ដែលភាគច្រើន ខ្លួនមិនដែលចាប់ភ្លឹក ឬមិនដឹងទាល់តែសោះ។ ដរាបណា យើងប្រកាន់គំនិតបែបនេះ (អាក្រក់ទៅ អាក្រក់មក), ការស្អប់ខ្ពើម និងការគុំគួន នឹងនៅតែមានទៅ មានមក, បន្តកកើនឡើង មិនចេះចប់។

បើមិត្តគិតថា ខ្លួនជាមនុស្ស ដែលមានការទទួលខុសត្រូវខ្ពស់ មិត្តអាចបញ្ចប់វាបាន នៅត្រឹមខ្លួនមិត្ត។ ដូច្នេះហើយ ការដែលយើង គួរតែប្រព្រឹត្តិល្អដាក់មនុស្សគ្រប់គ្នា… គឺមិនមែនដោយសារតែគេ ធ្វើល្អចំពោះមិត្តមុនទេ… មិនមែនដោយសារមិត្ត ខ្លាចគេរករឿងខ្លួនទេ… មិនមែនដោយសារមិត្ត ជាមនុស្សអន់ខ្សោយទេ… មិនមែនដោយសារមិត្ត ចង់លន់តួ យកចិត្តគេទេ… ប៉ុន្តែគឺដោយសារ មិត្តជាមនុស្សល្អ, ទន់ភ្លន់, សុភាពរាបសារ មានចិត្តសន្តោស។
-បុត្រាខ្មែរ

ទន្សាយ និង អណ្តើក – ២០១២

ដោយ បុត្រាខ្មែរ

ថ្ងៃមួយ ទន្សាយ និងអណ្តើក ដែលជាមិត្តសម្លាញ់នឹងគ្នា បបួលគ្នាស៊ីផឹក ហើយក៏ទាស់សម្តីគ្នា។ ទន្សាយបាននិយាយបង្អាប់ ឌឺដងដាក់អណ្តើក ហើយបបួលអណ្តើក រត់ប្រណាំងគ្នា។ អណ្តើកដឹងថា ខ្លួនមិនអាច យកឈ្នះទន្សាយបានឡើយ ប៉ុន្តែខ្លួន ជាអ្នកមានអំនួតខ្ពស់ ចិត្តឆេវឆាវ ក៏ទទួលយកការប្រកួតនេះ ហើយក៏ចាញ់ដៃទន្សាយទៅហោង។ ទន្សាយមើលងាយ ហើយសើចចំអក ឲ្យអណ្តើកយ៉ាងខ្លាំង។ រីឯអណ្តើក កាន់ចិត្តស្អប់ទន្សាយ ផ្តាំកូនផ្តាំចៅ តាំងពីពេលនោះមក។

មួយជំនាន់ក្រោយមក, ដើម្បីលុបលាងការអាម៉ាស របស់ពួកអណ្តើកទាំងអស់, អ្នកជំនាន់ក្រោយរបស់អណ្តើក បាននឹកឃើញល្បិចមួយ សម្រាប់ផ្ចាញ់ទន្សាយ, ហើយក៏បបួលអ្នកជំនាន់ក្រោយ របស់ទន្សាយ រត់ប្រណាំងគ្នា ទៅកាន់កន្លែងមួយ ដែលត្រូវឆ្លងកាត់ស្ទឹងមួយ។ ទន្សាយរត់វឹង លឿនស្លេវ ដូចឡានដាក់ turbo, ប៉ុន្តែពេលទៅដល់មាត់ស្ទឹង ក៏តាំងអង្គុយអេះចៃ មិនដឹងលកលៃយ៉ាងណា ដើម្បីឆ្លងស្ទឹងរួច។ អណ្តើកវាគើមៗមកតាមក្រោយ ហើយក៏ហែលឆ្លងស្ទឹងទៅត្រើយម្ខាង រួចត្រលប់មកវិញ ប្រកាសជោគជ័យលើទន្សាយ។ អណ្តើកចាស់ៗ នាំគ្នាអុជធូបអុជទៀន អរគុណដូនតា ចំពោះជោគជ័យដ៏ត្រចះត្រចង់នេះ។ រីឯពួកពួកទន្សាយ ជាពិសេសចាស់ៗជំនាន់ កើតក្តីក្តៅក្រហាយ ហើយស្តីបន្ទោសយ៉ាងខ្លាំង ទៅលើទន្សាយដែលចាញ់ដៃអណ្តើក។

ចៃដន្យយប់នោះ មានភ្លើងឆេះព្រៃសន្ធោសន្ធៅ។ ពួកទន្សាយនាំគ្នានឹកអរក្នុងចិត្តថា “ពេលនេះ ថ្ងៃអន្សារបស់អណ្តើកមកដល់ហើយ… សូមអរគុណព្រះជាម្ចាស់!។ ពួកវាច្បាស់ជា ត្រូវឆេះស្លាប់ទាំងអស់មិនខាន”។

ទន្សាយ និងអណ្តើក ដែលរត់ប្រណាំងគ្នា បាននឹកឃើញស្របគ្នាថា មានតែការរួមដៃគ្នាទេ ទើបអាចចៀសផុត ពីគ្រោះកាចមរណ:។ អណ្តើកដឹងច្បាស់ថា ដោយព្រោះតែខ្លួនធ្វើដំណើរយឺតពេក ច្បាស់ជាមិនអាចគេចផុតពីភ្លើងព្រៃ ដែលកំពុងឆេះឆាបយ៉ាងលឿននេះឡើយ។ ចំណែកទន្សាយ គិតឃើញថា ទន្សាយអាចរត់លឿន គេចផុតភ្លើងពៃ្រ, ប៉ុន្តែភ្លើងនឹងឆាបឆេះ ទៅដល់មាត់ស្ទឹង។ ដូច្នេះ ទន្សាយនឹងត្រូវឆេះស្លាប់ដូចគ្នា នៅមាត់ស្ទឹង ព្រោះខ្លួនមិនចេះហែលទឹក។ ទាំងពីរនាក់ បានជួបពិគ្រោះគ្នា រួចពិគ្រោះយោបល់ ជាមួយចាស់ទុំរៀងៗខ្លួន។

ភាគីទាំងសងខាង បានយល់អំពីផលប្រយោជន៍រួម ហើយក៏សុខចិត្តរួមសហការណ៍គ្នា។ ពួកទន្សាយ នាំគ្នាំលីអណ្តើក រត់ទៅកាន់មាត់ស្ទឹង, បន្ទាប់មក ឡើងជិះលើស្នូកអណ្តើក ឆ្លងទៅត្រើយម្ខាង, បានរួចជីវិតពីភ្លើងព្រៃរៀងៗខ្លួន។ តាំងពីពេលនោះមក ទន្សាយ និងអណ្តើក រាប់អានគ្នា ហើយតែងតែគោរព និងផ្តល់តម្លៃដល់ភាពផ្សេងគ្នារបស់គេរៀងៗខ្លួន។

គំនិតត្រិះរិះ
កំហឹងឆេវឆាវមួយពេល អាចបង្កគំនុំ និងការស្អប់ខ្ពើមគ្នាយ៉ាងយូរ ដោយគ្មានបានប្រយោជន៍អ្វីទាំងអស់។ ដូចយើងឃើញស្រាប់ហើយថា នៅក្នុងរឿងនេះ បញ្ហាកើតឡើង ពីការស៊ីផឹក និងការទាស់សម្តីគ្នាតិចតួច រវាងសម្លាញ់ពីរនាក់។ វាជារឿងផ្ទាល់ខ្លួនសោះ ប៉ុន្តែបានប្រែក្លាយទៅជាមរតកគំនុំ តដល់កូនចៅជំនាន់ក្រោយ។

កំហឹងឆេវឆាវ បណ្តាលឲ្យបាត់បង់ការពិចារណា។ អណ្តើកដឹងច្បាស់ថា ធម្មជាតិរបស់ខ្លួន គឺកាយវិការយឺតយ៉ាវ ប៉ុន្តែនៅតែខឹងច្រឡោត ហ៊ានប្រកួតជាមួយទន្សាយ។

នៅមានច្រើនចំណុចទៀត ដែលអាចលើកយកមកសិក្សា ប៉ុន្តែខ្ញុំសូមទុកឱកាសនេះ ជូនដល់មិត្តទាំងអស់ សម្រាប់បញ្ចេញយោបល់រៀងៗខ្លួនចុះ។

Life is a math equation. In order to gain the most, you have to know how to convert the negatives into positives.

បើព្រះមានតែមួយអង្គ

ដោយៈ អ្នកស្រីកែវច័ន្ទបូរណ៍

ពេលជួបអាសន្នមានទុក្ខព្រួយ
គ្រប់គ្នាបោះពួយថ្វាយចេកដូង
អុជធូបបន់ស្រន់បួងសង្រូង
ទួញហៅព្រះអង្គយាងមកប្រោស។
បើព្រះមានតែមួយព្រះអង្គ
តើលោកត្រូវផ្ចង់យាងសណ្តោស
មួយណាមុនទៅអោយរួចទោស
ផុតអាសន្នគ្រោះរស់សុខសាន្ត?
មនុស្សមានទុក្ខគ្រប់នគរ
លង់សោកលង់មោហ៍ច្រើនបរិមាណ
ពឹងតែព្រះម៉្យាងច្បាស់ខកខាន
ព្រះតែមួយប្រាណប្រោសមិនទាន់។
ច្នេះទើបព្រះអង្គផ្តល់ដីការ
ជនគ្រប់អាត្មារៀនរួសរាន់
ខ្លួនទីពឹងខ្លួនកុំអោយភ័ន្ត
ព្រះយាងមិនទាន់ក៏មិនស្លុត។
តម្រាអាត្មាយោងខ្លួនឯង
ជាក់ស្តែងប្រយោជន៍ល្អមរកត
មានទុក្ខដោះស្រាយដោយម៉ដ្ឋចត់
ជួបសុខប្រាកដមិនចាំព្រះជួយ។

ជីវិតគឺជាកាហ្វេ

អតីតនិស្សិតសាកលវិទ្យាល័យមួយក្រុម, ដែលម្នាក់ៗ សុទ្ធមានជោគជ័យខ្ពស់ នៅក្នុងអាជីពរបស់គេ, បានណាត់គ្នា មកជម្រាបសួរសុខទុក្ខ អតីតសាស្ត្រាចារ្យរបស់គេ។បន្ទាប់ពីការជម្រាបសួរនិងសំណេះសំណាលគ្នាបានមួយសន្ទុះ ការសន្ទនាក៏ធ្លាក់ចូលដល់ការត្អូញត្អែ អំពីភាពយ៉ាប់យឺននៃការងារ និងភាពតានតឹងនៅក្នុងជីវិតរបស់គេ។ លោកសាស្ត្រាចារ្យ បានចូលទៅក្នុងផ្ទះបាយ រួចចេញមកវិញ ជាមួយនឹងកាហ្វេមួយប៉ាន់ធំ និងពែងចម្រុះពណ៌គ្នាដាក់នៅក្នុងថាស — មានពែងជ័រ, ពែងកញ្ចក់, មរកត, ពរស៊ីឡែន, ខ្លះមានក្បាច់ប្រណីត, ខ្លះថ្លៃ, ខ្លះល្អឆើតដាច់គេ, ខ្លះសាមញ្ញ គ្មានអ្វីគួរឲ្យទាក់ភ្នែក។ លោកបានអញ្ជើញពួកគេញ៉ាំកាហ្វេ។

បន្ទាប់ពីសង្កេតឃើញម្នាក់ៗមានពែងកាហ្វេនៅដៃ លោកសាស្ត្រាចារ្យ បន្លឺឡើងថា៖
“ប្រសិនបើអ្នករាល់គ្នាបានសង្កេតមើល អ្នកបានឃើញថា ពែងដែលថ្លៃហើយល្អស្អាត សុទ្ធតែត្រូវគេរើសយកអស់ បន្សល់ទុកតែពែងធម្មតា ហើយថោក។ នៅខណៈដែលពួកអ្នកទាំងអស់គ្នា ចង់បានតែអ្វីដែលល្អបំផុតសម្រាប់ខ្លួននេះហើយ ដែលជាប្រភពនៃបញ្ហា”។

លោកសាស្ត្រាចារ្យផ្អាកបន្តិច រួចសម្លឹងមើលមុខអតីតសិស្សរបស់គាត់ទាំងអស់ ហើយបន្តទៀតថា៖
“អ្វីដែលអ្នកចង់បានពិតប្រាកដនោះ គឺកាហ្វេ, មិនមែនជាពែងទេ… ប៉ុន្តែម្នាក់ៗ មានស្មារតីជ្រើសយកតែពែងដែលល្អស្អាត រួចហើយចោលកន្ទុយភ្នែកលួចមើលពែងកាហ្វេរបស់អ្នកផ្សេងទៅវិញ។ ឥឡូវនេះ ចូរយើងគិតដូច្នេះថា៖ ជីវិត គឺជាកាហ្វេ, ការងារ,លុយកាក់ និងឋានៈ មុខមាត់ក្នុងសង្គម គឺជាពែង។ ពែងទាំងនេះ គឺគ្រាន់តែជាឧបករណ៍សម្រាប់កាន់ និងផ្ទុកនូវជីវិតប៉ុណ្ណោះ ហើយវាពុំផ្លាស់ប្តូរគុណភាពជីវិតឡើយ។ ជួនកាល ដោយព្រោះតែយើង ផ្ចង់គំនិតទៅលើពែងខ្លាំងពេក, យើងបែរជាបរាជ័យ ក្នុងការរីករាយជាមួយនឹងកាហ្វេ ដែលព្រះជាម្ចាស់ផ្តល់ឲ្យ។ ចូរកុំបណ្តោយឲ្យពែងទាំងនេះ ដឹកនាំអ្នកឲ្យសោះ… ចូររីករាយនឹងកាហ្វេវិញ!”។

សន្យាធ្វើល្អ

អាថ៌កំបាំង ឆ្ពោះទៅកាន់ពិភពមួយ ដែលមានសន្តិភាពពិតប្រាកដ គឺស្ថិតនៅក្នុងខ្លួន,
យើងអាចធ្វើបានដូច្នេះ ប្រសិនបើយើង ចាប់ផ្តើមពីឥឡូវ ហើយបន្តយ៉ាងខ្ជាប់ខ្ជួន។

ឥឡូវនេះ ចូរយើងសន្យា ប្រព្រឹត្តិតែសេចក្តីល្អ ជារៀងរាល់ថ្ងៃ,
ប្រព្រឹត្តិដោយក្តីទន់ភ្លន់, ដោយចិត្តសប្បុរស, ដោយការយកចិត្តទុកដាក់, ដោយក្តីស្រលាញ់ពិតប្រាកដ ដែលហូរចេញពីហឫទ័យ។

ចូរយើងញញឹម និងសើច ឲ្យបានច្រើនជានិច្ច,
រៀន និង បង្រៀននូវសេចកក្តីល្អ តៗគ្នា, សំខាន់បំផុត ភាពអត់ធ្មត់ ត្រូវមានកុំភ្លេច។

ចែករំលែក, រួមជាផ្នែកនៃក្រុម, ហើយប្រកាន់ភាពឥតលំអៀង,
ធ្វើខ្លួនជាតន្ត្រី ដោយការស្តាប់, ការលេង និង ការច្រៀង។

ចូរចងចាំ អំពីគោលដៅកំពូល នៃសាមគ្គីពិត,
នោះពិភពលោកទាំងមូល នឹងរស់នៅ ដូចគ្នាតែមួយ ហើយរីករាយនឹងជីវិត។

ចូរយើងនាំគ្នាកែប្រែ ដើម្បីជីវិតបវរ
ដោយចាប់ផ្តើម ជម្រុះចោលគំនិតអវិជ្ជមាន ហើយរើសយកដាក់ខ្លួន តែគំនិតល្អៗ។

សូមមេត្តារក្សាទស្សនៈ រិះគន់របស់អ្នក ទុកសម្រាប់ខ្លួនឯងចុះ

ចំពោះអ្នកផងទាំងពួង ដែលគេសន្មត់ថាគេស្គាល់អ្នកច្បាស់ នោះ អ្នកគួរនិយាយទៅកាន់ពួកគេថា សូមមេត្តារក្សាទស្សនៈ រិះគន់របស់អ្នក ទុកសម្រាប់ខ្លួនឯងចុះ។ សព្វថ្ងៃនេះ ខ្ញុំដើរនៅ លើផ្លូវ ដែលខ្ញុំជ្រើសរើស.. សម្រាប់ខ្ញុំជាខ្ញុំ… ហើយខ្ញុំជ្រើស រើសមិនវាយតម្លៃអ្នកណាទាំងអស់។
-ប.ខ

កុំប្រៀបប្រដូច ជាមួយអ្នកដទៃ

យើងមិនអាចដឹងថា ជីវិតអ្នកដទៃយ៉ាងណានោះទេ, គឺបានត្រឹមតែ ធ្វើការវាយស្មាន ពីសំបកក្រៅប៉ុណ្ណោះ, ដូច្នេះ យើងមិនត្រូវ យកខ្លួនយើង ទៅប្រៀបប្រដូច ជាមួយអ្នកដទៃ ឬកម្មសិទ្ធ ដែលគេមាននោះឡើយ។ ចូរធ្វើជាតំណាងខ្លួនឯង គាំទ្រខ្លួនឯង, កំណត់គោលដៅខ្លួនឯង, រស់នៅតាម ឧត្តមគតិរបស់ខ្លួន, កំណត់អនាគត ខ្លួនឯង ហើយផ្តល់ការស្រលាញ់ ឲ្យអស់ពីបេះដូង។ យើងមិនអាច យកប៉ោម ទៅប្រៀបនឹងក្រូចទេ ដូច្នេះកាន់តែមិនអាច យកមនុស្សម្នាក់ ទៅប្រៀបធៀប នឹងម្នាក់ទៀត ពីព្រោះម្នាក់ៗ សុទ្ធតែមិនដូចគ្នា… មានចំណុចល្អ និងចំណុចមិនល្អរៀងៗខ្លួន – គឺគ្មានអ្នកណាល្អគ្រប់ដប់ ហើយក៏មិនប្រាកដថា អាក្រក់ ឬឥតប្រយោជន៍ ទាំងស្រុងនោះដែរ។ ខ្ញុំជឿថា បើចង់ប្រៀបប្រដូច ឬប្រកួតប្រជែង គឺគ្មានអ្វីល្អជាង ការប្រៀបប្រដូច ឬប្រកួតប្រជែង នឹងខ្លួនឯងនោះឡើយ។

The Words of Angel of Mercy

Spread love everywhere you go;
• First of all in your own house.
• Give love to your children,
• To your wife or husband, to a next neighbor…
• Let no one ever come to without leaving better or happier.
• Be the living expressions of God’s kindness, kindness in your face,
• Kindness in your eyes, kindness in your smile,
• Kindness in your warm greetings.”
— Mother Teresa, Angel of Mercy

 

Forgiving

តាមដាន

Get every new post delivered to your Inbox.

Join 4,975 other followers