ធ្វើល្អព្រោះខ្លួនជាមនុស្សល្អ

មនុស្សទូទៅ តែងប្រកាន់គំនិតថា បើគេធ្វើល្អដាក់ខ្លួន, ខ្លួនធ្វើល្អដាក់គេវិញ។ បើគេធ្វើអាក្រក់ដាក់ខ្លួន, ខ្លួនត្រូវតែធ្វើអាក្រក់ដាក់គេវិញ ដើម្បីរួចគ្នា។

ការពិត គឺមិនមែនចាំបាច់ ត្រូវតែដូច្នោះឡើយ។ មនុស្សយើងភាគច្រើន ដែលសុទ្ធតែជឿលើកម្មផល គួរតែដឹងថា អ្វីដែលសាងចេញទៅ គឺរមែងត្រឡប់មករកខ្លួនវិញ តាមផ្លូវណាមួយ ដែលភាគច្រើន ខ្លួនមិនដែលចាប់ភ្លឹក ឬមិនដឹងទាល់តែសោះ។ ដរាបណា យើងប្រកាន់គំនិតបែបនេះ (អាក្រក់ទៅ អាក្រក់មក), ការស្អប់ខ្ពើម និងការគុំគួន នឹងនៅតែមានទៅ មានមក, បន្តកកើនឡើង មិនចេះចប់។

បើមិត្តគិតថា ខ្លួនជាមនុស្ស ដែលមានការទទួលខុសត្រូវខ្ពស់ មិត្តអាចបញ្ចប់វាបាន នៅត្រឹមខ្លួនមិត្ត។ ដូច្នេះហើយ ការដែលយើង គួរតែប្រព្រឹត្តិល្អដាក់មនុស្សគ្រប់គ្នា… គឺមិនមែនដោយសារតែគេ ធ្វើល្អចំពោះមិត្តមុនទេ… មិនមែនដោយសារមិត្ត ខ្លាចគេរករឿងខ្លួនទេ… មិនមែនដោយសារមិត្ត ជាមនុស្សអន់ខ្សោយទេ… មិនមែនដោយសារមិត្ត ចង់លន់តួ យកចិត្តគេទេ… ប៉ុន្តែគឺដោយសារ មិត្តជាមនុស្សល្អ, ទន់ភ្លន់, សុភាពរាបសារ មានចិត្តសន្តោស។
-បុត្រាខ្មែរ

មានលុយ និង អត់លុយ

> លុយអាចទិញផ្ទះ ប៉ុន្តែមិនអាចទិញស្រុកកំណើត។

< អុ្នកណាក៏មានស្រុកកំណើតដែរ ហើយបើមានលុយ អាចទិញផ្ទះនៅយ៉ាងអ៊ាងហឺយ!

> លុយអាចទិញគ្រែ ប៉ុន្តែមិនអាចទិញការគេងលក់ ។

< អ្នកអត់លុយ ដេកលើដី ហើយដេកមិនលក់ ព្រោះខ្វល់ខ្វាយ នឹងរឿងអត់លុយ។

> លុយអាចទិញនាឡិកា ប៉ុន្តែមិនអាចទិញពេលវេលា។

< និយាយធ្វើមើលតែអ្នកអត់លុយ អាចទិញពេលវេលាបាន! :D :D

យ៉ាងហោចណាស់ អ្នកមានលុយអាចទិញ iPhone ទុកគ្រាន់មើលម៉ោង ឬលេង Facebook. :D D

> លុយអាចទិញសៀវភៅ ប៉ុន្តែមិនអាចទិញចំណេះដឹង

< និយាយធ្វើមើលតែអ្នកអត់លុយ កើតមកចេះឯង!

> លុយអាចទិញចំណី ប៉ុន្តែមិនអាចទិញការស្រេកឃ្លាន

< អ្នកអត់លុយ ក្រពះតាន់, ហិតផ្សែងធូប ឆ្អែតដូចព្រះលក្សណ៍?

> លុយអាចទិញតួនាទី ប៉ុន្តែមិនអាចទិញការគោរព

< ក្នុងលោកនេះ គេគោរពអ្នកអត់លុយសឹងអី!!! :D

> លុយអាចទិញឈាម ប៉ុន្តែមិនអាចទិញជីវិត

< និយាយធ្វើមើលតែអ្នកអត់លុយមិនចេះងាប់!!! :D

> លុយអាចទិញថ្នាំ ប៉ុន្តែមិនអាចទិញសុខភាព

< អត់លុយទិញថ្នាំ កាន់តែឈឺ ឆាប់ងាប់!!! :D

> លុយអាចទិញការរួមភេទ ប៉ុន្តែមិនអាចទិញការស្រលាញ់

< អ្នកមានលុយទាំងអស់ សុទ្ធតែឯកោ គួរឲ្យអាណិត!!! :D

> លុយអាចទិញការធានារ៉ាប់រង ប៉ុន្តែមិនអាចទិញសុវត្ថិភាព។

< អ្នកមានលុយ អាចទិញឡានជិះ បន្ថយគ្រោះថ្នាក់, អ្នកអត់លុយ ជិះអាដើរឡាហូត ឬជិះកង់សុំគេ, ឱកាសឡានប៉ះបុក ឬឆ្កែដេញខាំ កាន់តែខ្ពស់។ :D

អ្នកណាមិនត្រូវការលុយ យកមកឲ្យខ្ញុំទាំងអស់មក, ខ្ញុំយកទៅចែកអ្នកអត់លុយ ដើម្បីទិញផ្ទះ, ទិញពូកដេក, ទិញនាឡិកាពាក់ ទុកមើលម៉ោង, ទិញសៀវភៅអាន, ទិញម្ហូបចំណី, ទិញថ្នាំវីតាមីន បំប៉នសុខភាព, ទិញខោអាវស្លៀកឲ្យស្អាតបាត ញ៉ែស្រីស្អាត… ហើយទីបំផុត ទោះមិនអាចទិញឡាន ក៏អាចទិញម៉ូតូជិះ ហើយថែមមួកសុវត្ថិភាព។

ព្រហ្មលិខិត, ព្រះអាទិទេព គឺគ្រាន់តែការប្រឌិតឡើងនៃមនុស្សលោក

អត្ថបទនេះ ខ្ញុំបានសរសេរនៅក្នុងហ្វេសប៊ុក កាលពី Sunday, December 18, 2011 at 1:50am

យើងកម្រឮអ្នកណាម្នាក់ និយាយថា ព្រហ្មលិខិតកម្រិត ឲ្យគេរៀនជាប់ជាបណ្ឌិត, ឬទទួលការឡើងឋានៈ នៅក្នុងការងារណាមួយណាស់។ បើគេបានជោគជ័យ, អ្វីដែលគេនិយាយនោះ គឺអំពីការប្រឹងប្រែង របស់គេផ្ទាល់។ ប៉ុន្តែបើមានរឿងបរាជ័យ ក្នុងប្រការណាមួយ យើងក៏កម្រឮមនុស្សខ្មែរយើង ទទួលសារភាពថា ខ្លួនខ្វះសមត្ថភាព ឬខ្វះខាតចំណុចណាមួយ, ឬធ្វើខុសចំណុចណាមួយដែរ។ សរុបសេចក្តីមក គឺបើល្អ គឺខ្លួនគេជាអ្នកខំ, ប៉ុន្តែបើបរាជ័យ គឺមកពីព្រហ្មលិខិត។ ដូច្នេះ ព្រហ្មលិខិត គ្រាន់តែពាក្យមួយ ដែលមនុស្សខ្មែរបង្កើតមក សម្រាប់ទម្លាក់កំហុស, បោសដៃ ដើរចេញពីការទទួលស្គាល់នូវភាពខ្វះខាតរបស់ខ្លួនឯង ឬច្រានចោល ភាពទទួលខុសត្រូវប៉ុណ្ណោះ។

 

រឿងបែបនេះ ចំពោះសាសន៍ផ្សេងក៏មានដូចគ្នា, គឺគេយកព្រះមកដាក់ពីមុខ នៅពេលគេចង់ធ្វើអ្វីម្យ៉ាង។ ដូចជាកាលពួកគ្រិស្ទាន យកលេសឈ្លានពាន ដណ្តើមយក ក្រុងយេរូសាឡឹម ដោយសំអាងលើហេតុផលសាសនា, បើកផ្លូវ និងរក្សាសន្តិសុខ សម្រាប់អ្នកធ្វើធម្មយាត្រាទៅកាន់កន្លែងដែលគេឆ្កាងព្រះយេស៊ូ និងកន្លែងដែល ព្រះយេស៊ូឡើងត្រឡប់ទៅឯព្រះវរបិតាវិញ។ ថ្ងៃក្រោយមក ពីមូស្លីម ក៏បានប្រើហេតុដូចគ្នានេះដែរ ដោយសំអាងថា ជាកន្លែងដែលមហាម៉ាត់ ឡើងទៅស្ថានសួគ៌។ ហើយនៅពេលណា គេចង់កាប់សម្លាប់ក្រុមមនុស្ស ដែលមិនមែនជាអ្នកកាន់សាសនាដូចខ្លួន  គេក៏លើកសំអាងថា នេះជាបំណង របស់ព្រះជាម្ចាស់។ សព្វថ្ងៃ ពួកមូស្លីម ជ្រុលនិយម ដែលបង្កភេរវកម្ម នៅក្នុងពិភពលោក ដោយព្រោះតែការចងគំនុំ និងស្អប់ខ្ពើមឧត្តមគតិ នៃការរស់នៅរបស់ បណ្តាបស្ចឹមប្រទេស ក៏យកព្រះមកដាក់ពីមុខ ដើម្បីធ្វើសង្គ្រាម ដោយសំអាងហេតុផលសាសនាដដែល។

 

ដូច្នេះ, ព្រហ្មលិខិត, ព្រះអាទិទេព គឺគ្រាន់តែការប្រឌិតឡើងនៃមនុស្សលោក, រីឯទង្វើទាំងឡាយ ក៏ប្រព្រឹត្តិឡើងដោយមនុស្សលោកដូចគ្នា។

ឥទ្ធិពល នៃ ពាក្យសរសើរ

ព្រះចៅអធិរាជបារាំង ណាប៉ូឡេអុង មានព្រះកិត្តិនាមល្បីរន្ទឺ ក្នុងការដែលព្រះអង្គ អាចដឹកនាំទ័ព ទន្ទ្រានពេញទ្វីបអឺរ៉ុប។ នៅពេលមានគេសួរព្រះអង្គថា តើព្រះអង្គ មានរូបមន្តអ្វីសម្ងាត់ឬ? ព្រះអង្គ មានបន្ទូលតបវិញថា៖ "ខ្ញុំបានរៀនចេះ នូវរឿងមួយដ៏អស្ចារ្យថា មនុស្សហ៊ានស្លាប់ ដើម្បី បូកិត្តិយស (I've learned a remarkable thing: Men will die for ribbons) ។

មនុស្សគ្រប់រូប ចូលចិត្ត ពាក្យសរសើរ។  ពាក្យសរសើរ គឺជាវិធីសាស្ត្រមួយ ដ៏មានឥទ្ធិពល សម្រាប់បង្កើន កម្លាំងចិត្ត របស់មនុស្ស ជាពិសេស គឺពាក្យសរសើរ ដែលពោលចេញពីមាត់ របស់មនុស្ស ដែលខ្លួនស្រឡាញ់, គោរព ឬចាត់ទុកជាគំរូ។ ទោះមានអ្នកណាម្នាក់ អះអាងថា ខ្លួនមិនត្រូវការ ការសរសើរក៏ដោយ ក៏ក្នុងចិត្តរបស់គេ រីកថ្លា ដូចគ្រាប់ជីត្រូវទឹក នៅពេលដែលគេទទួលបាន នូវការសរសើរត្រឹមត្រូវមួយ។

ការសរសើរ ដែលខ្ញុំលើកឡើងនេះ គឺមិនមែនសំដៅដល់ ការសរសើរ តាមរបៀប ឡែបឡប, លើកជើង ថើបគូទ ដើម្បីស្វែងរកលាភសក្ការៈ នោះទេ។ គឺខ្ញុំសំដៅ ទៅលើការសរសើរ ចំពោះគុណសម្បត្តិការងារ និងឥរិយាបថវិជ្ជមាន ចំពោះជីវិត។

របៀប ៤ យ៉ាង ដ៏មានប្រសិទ្ធភាព ក្នុងការពោលពាក្យសរសើរ ដើម្បីបង្កើនកម្លាំងចិត្តមនុស្ស (បុគ្គលិក, សិស្ស, កូនចៅ, កម្មករ ។ល។) គឺ៖

១. សរសើរភ្លាមៗ – ការសរសើរ គឺមានប្រសិទ្ធភាពបំផុត កាលបើអ្នកធ្វើឡើងភ្លាម នៅពេលឃើញអ្នកណាម្នាក់ ធ្វើអ្វីមួយបានល្អ។ ការណ៍នេះ នឹងជំរុញឲ្យមនុស្ស ដែលទទួលការសរសើរ ធ្វើទង្វើដដែល ឬស្រដៀងគ្នា បន្តបន្ទាប់មកទៀត ដែលអាចទទួលបាននូវការសរសើរ ឬការយល់ព្រមពីអ្នក ឬមនុស្សផ្សេង។

២. សរសើរឲ្យចំចំណុច – ការសរសើរដោយចំហ មិនចំសាច់រឿង អាចត្រូវគេយល់ច្រឡំថា ជាការឡែបឡប ហើយការសរសើរបែបនេះ ពុំមានប្រសិទ្ធខ្ពស់ សម្រាប់បង្កើន កម្លាំងចិត្ត របស់មនុស្សឡើយ។ ដើម្បីបង្កើនកម្លាំងចិត្តមនុស្ស យើងត្រូវបញ្ជាក់ឲ្យគេដឹងច្បាស់ថា គេទទួលការសរសើរ ដោយសារអ្វី។ ឧទាហរណ៍៖ បើអ្នកសរសើរ បុគ្គលិកណាម្នាក់ ដែលបំពេញការងារ បានល្អ, អ្នកមិនត្រូវ គ្រាន់តែនិយាយថា “អ្នកជាបុគ្គលិកដ៏ឆ្នើមម្នាក់” នោះទេ។ អ្នកត្រូវសរសើរឲ្យចំចំណុច នៃកិច្ចការល្អ ដែលគេបានធ្វើ, ឧទាហរហ៍៖ “បូភា ធ្វើរបាយការណ៍ ចាយវាយប្រចាំឆ្នាំរបស់ក្រុមហ៊ុន បានល្អណាស់! ផ្ចិតផ្ចង់បានស្អាត ហើយមានសណ្តាប់ធ្នាប់ ងាយយល់ក្នុងការអាន”។ បើអ្នកចង់សរសើរកូនខ្លួនឯង, អ្នកមិនត្រូវ គ្រាន់តែនិយមថា “កូន ជាកូនដ៏ល្អ គួរឲ្យស្រឡាញ់ណាស់” នោះទេ។ អ្នកត្រូវសរសើរឲ្យចំណុច ដូចជា “ព្រឹកៗឡើង កូនបត់ភួយ រៀបចំបន្ទប់អីចឹង ពិតជាល្អណាស់”។ កាលណា អ្នកផ្តល់ ការសរសើរចំចំណុច គឹអ្នកកំពុងបង្កើនកម្លាំងចិត្ត និងកំពុងជំរុញ ឲ្យគេរក្សាគុណភាពការងារ ឬអាកប្បកិរិយាល្អបែបនេះ ឲ្យស្ថិតនៅ, យ៉ាងហោចណាស់ ក្នុងកម្រិតដដែល, ឬបានល្អប្រសើរជាងពេលមុនៗ។

៣. សរសើរនៅមុខគេ – ការសរសើរបើកចំហ នៅចំពោះមុខមនុស្សផ្សេងទៀត គឺជាវិធីដ៏មានប្រសិទ្ធភាពមួយទៀត សម្រាប់បង្កើនកម្លាំងចិត្តមនុស្ស។ កាលណា អ្នកផ្តល់ ការសរសើរ នៅក្នុងចំណោមមនុស្ស (ភ្លាមៗ បើអាច), ចំចំណុច, គឹអ្នកកំពុងបង្កើនកម្លាំងចិត្ត និងកំពុងជំរុញ ឲ្យគេរក្សាគុណភាពការងារ ឬអាកប្បកិរិយាល្អបែបនេះ ឲ្យស្ថិតនៅ យ៉ាងហោចណាស់ ក្នុងកម្រិតដដែល ឬបានល្អប្រសើរជាងពេលមុនៗ។

៤. បន្តការសរសើរ – បន្ទាប់ពីមនុស្សដែលអ្នកបានសរសើរ រក្សាគុណភាពការងារ ឬមានអាកប្បកិរិយា ដែលធ្វើឲ្យអ្នកពេញចិត្តហើយ, អ្នកត្រូវរក្សាការសរសើរជាបន្ត, ដោយយូរៗ សរសើរម្តង, ដើម្បីបង្កើនកម្លាំងចិត្តរបស់គេ និងរក្សានូវកម្រិត ដែលអ្នកចង់បាន។

ការសរសើរ អាចធ្វើឡើង ដោយពាក្យសម្តី មានន័យពិរោះស្តាប់, ឬអាចធ្វើឡើង ដោយការផ្តល់វត្ថុជាអំណោយ លើកកម្លាំងចិត្ត។

ចំណុចសំខាន់បំផុត ដែលអ្នកត្រូវចងចាំ គឺ៖ ការសរសើរ ត្រូវតែធ្វើឡើង ដោយចិត្តស្មោះពិតប្រាកដ។ បើអ្នកគ្មានចិត្តសរសើរគេទេ ចូរកុំពោលពាក្យសរសើរក្លែងក្លាយ។ មនុស្សម្នាក់ៗ គេអាចមើលដឹង ឬមានអារម្មណ៍ដឹងភ្លាម ថាពាក្យសរសើររបស់អ្នក ស្មោះ ឬមិនស្មោះ។ បើគេយល់ថា អ្នកបានផ្តល់ការសរសើរក្លែងក្លាយ គេអាចមានអារម្មណ៍ រងការប្រមាថ ហើយអាចគិតថា ពាក្យសរសើររបស់អ្នក ជាពាក្យបញ្ចើចបញ្ចើ   ឬគ្រាន់តែជាការឡែបឡប, លើកជើង, ថើបគូទ… ចាប់ច្រវា សម្លឹងត្រើយ ឬ ហុតទឹក សម្លឹងសាច់ តែប៉ុណ្ណោះ។ ទោះបីជា មានមនុស្សខ្លះ គេចូលចិត្តការឡែបឡប បែបនេះក៏ដោយ, ក៏នៅក្នុងចិត្តរបស់គេ គ្មានការគោរព ហើយគ្មានការជឿជាក់ ចំពោះអ្នក ដែលឡែបឡប បែបនេះ សោះឡើយ។

ព្រះចៅអធិរាជបារាំង ណាប៉ូឡេអុង មានព្រះកិត្តិនាមល្បីរន្ទឺ ក្នុងការដែលព្រះអង្គ អាចដឹកនាំទ័ព ទន្ទ្រានពេញទ្វីបអឺរ៉ុប។ នៅពេលមានគេសួរព្រះអង្គថា តើព្រះអង្គ មានរូបមន្តអ្វីសម្ងាត់ឬ? ព្រះមានបន្ទូលតបវិញថា៖ “ខ្ញុំបានរៀនចេះ នូវរឿងមួយដ៏អស្ចារ្យថា មនុស្សហ៊ានស្លាប់ ដើម្បីបូកិត្តិយស (I’ve learned a remarkable thing: Men will die for ribbons) ។

ថោកអីនឹងដៃ, ថ្លៃអីនឹងមាត់? បើឃើញគេធ្វើបានល្អ, សរសើរគេទៅ! អ្នកក៏សប្បាយចិត្ត, គេក៏កើនកម្លាំងចិត្ត, រីករាយ និងអរគុណចំពោះអ្នក។ បើយើងសរសើរគេ ចំកាលៈទេសៈ ហើយចំណុចនោះ, យើងមិនបាច់ខ្លាចក្រែង គេគិតថា យើងឡែបឡបដាក់គេនោះឡើយ។

តាមដាន

Get every new post delivered to your Inbox.

Join 4,975 other followers