ប្រេង និង​ឧស្ម័ន​នៅ​ដែន​សមុទ្រ​កម្ពុជា​ស្ថិត​នៅ​ក្នុង​ភាព​មិន​ច្បាស់​លាស់


ដោយ ហ៊ ហាប់, សេដ្ឋកិច្ចថ្ងៃនេះ

តាម​ការ​សិក្សា​មួយ​ចំនួន​បាន​សន្និដ្ឋាន​ថា អាច​មាន​ប្រេង​ប្រមាណ​ជា ២​ កោដិ​ធុង និង​ឧស្ម័ន​ធម្មជាតិ ១០,០០០ កោដិ​ហ្វីតគីប នៅ​ក្នុង​ដែន​សមុទ្រ​កម្ពុជា ។ ប្រាក់​ចំណូល​ពី​ក្ដី​សង្ឃឹម​ថ្មី​នេះ នឹង​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា ជៀស​ផុត​ពី​ភាព​ក្រីក្រ​បាន​នា​ពេល​អនាគត ។

យោង​តាម​របាយការណ៍​ព្យាករណ៍​មួយ​ចំនួន​រាប់​ទាំង​យូអិនឌីភី ប្រេង ​និង ​ឧស្ម័ន​អាច​ផ្ដល់​ចំណូល​ឳ្យ​កម្ពុជា​ប្រមាណ​ជា ១,០០០លាន​ដុល្លារ ក្នុង​មួយ​ឆ្នាំ​ៗ ចាប់​ពី​ឆ្នាំ ២០១០ ។

លោក​ដូក្លាស ហ្គាតនឺ តំណាង​អង្គការ​យូអិនឌីភី ប្រចាំ​ប្រទេស​កម្ពុជា​ បាន​មាន​ប្រសាសន៍​កាល​ពី​ខែ​ មករា ឆ្នាំ ២០០៧ ថា រដ្ឋាភិបាល​អាច​នឹង​ទទួល​ផល​ប្រហែល​ ១,៧០០​លាន​ដុល្លារ ក្នុង​មួយ​ឆ្នាំៗ ហើយ​ប្រេង​មួយ​ធុង​តម្លៃ ៦០​ដុល្លារ” ។ បច្ចុប្បន្ន​នេះ​ តម្លៃ​ប្រេង​ប្រហែល​ ១០០​ដុល្លារ ក្នុង​មួយ​ធុង ។

ចាប់​តាំង​ពី​ក្រុម​ហ៊ុន​ ឈីវរ៉ុន របស់​អាមេរិក​ បាន​ប្រកាស​រក​ឃើញ​ប្រេង​នៅ​ក្នុង​ដែន​សមុទ្រ​កម្ពុជា កាល​ពី​ឆ្នាំ ២០០៥ រដ្ឋាភិបាល​បាន​ផ្ដល់​អាជ្ញាប័ណ្ណ​ចំនួន ១៣ ទៅ​ឳ្យ​ក្រុមហ៊ុន​មក​ពី​ប្រទេស​ជា​ច្រើន​ ដូច​ជា ចិន, ជប៉ុន, សិង្ហបុរី, ស៊ុយអ៊ែត, គុយវ៉ែត, កូរ៉េ​ខាង​ត្បូង និង​ប្រទេស​មួយ​ចំនួន​ទៀត​ក្នុង​តំបន់ ។

តើ​អាច​មាន​ប្រេង​ប្រាកដ​ប៉ុន្មាន ?

មក​ដល់​ថ្ងៃ​នេះ ពុំ​ទាន់​មាន​របាយការណ៍​ណា​មួយ​អះអាង​ពី​ចំនួន​ពិត​ប្រាកដ​នោះ​ទេ ។ តែ​បើ​តាម​ការ​សិក្សា​របស់​អង្គការ​យូអិនឌីភី និង​សាកល​វិទ្យាល័យ​ហាវើត គេ​រំពឹង​ថា អាច​មាន​ប្រេង​ដល់​ទៅ ២,០០០​លាន​ធុង និង​ឧស្ម័ន​ធម្មជាតិ ១០,០០០ កោដិ​ហ្វីតគីប ។ តែ​ពុំ​ទាន់​មាន​បរិមាណ​ប្រាកដ​ណា​មួយ​ដែល​អះអាង​ដោយ​រដ្ឋាភិបាល​នោះ​ឡើយ ។ ចំពោះ​អ្វី​ដែល​គេ​ដឹង​ប្រាកដ​នោះ គឺ​ពិត​ជា​មាន​ប្រេង និង​ឧស្ម័ន នៅ​ក្នុង​ប្លុក A នៃ​ដែន​សមុទ្រ​កម្ពុជា ដែល​មាន​ចម្ងាយ​ប្រហែល​ ២០០​គីឡូម៉ែត ពី​ក្រុង​ព្រះ​សីហនុ ។ អ្វីៗ​ទាំង​អស់​គ្រាន់​តែ​ស្ថិត​នៅ​ក្រោម​ការ​ប៉ាន់​ស្មាន​នៅ​ឡើយ ។

លោក​ឧបនាយក​រដ្ឋមន្ត្រី សុខ អាន​មាន​ប្រសាសន៍​ក្នុង​កិច្ច​ប្រជុំ​កាល​ពី​ថ្ងៃ​ទី ៨ ខែ វិច្ឆិកា ឆ្នាំ ២០០៧ ថា មក​ដល់​ពេល​នេះ​គេ​បាន​ខួង​អណ្ដូង​ចំនួន ២៧ ហើយ​ដើម្បី​កំណត់​បរិមាណ​ប្រេង​ចំនួន​ប៉ុន្មាន?

ក្រុម​ហ៊ុន​ឈីវរ៉ុន​ បាន​រក​ឃើញ​ថា​មាន​ប្រេង​នៅ​ដែន​សមុទ្រ​កម្ពុជា ប៉ុន្តែ​ក្រុម​ហ៊ុន​មិន​បាន​ប្រកាស​ថា អាច​នឹង​មាន​ប៉ុន្មាន​ទេ? តែ​បើ​តាម​មន្ត្រី​អាជ្ញាធរ​ប្រេង​កាត​កម្ពុជា ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បង្ហាញ​ថា អាច​មាន​ប្រេង​រហូត​ដល់​ទៅ ៧០០​លាន​ធុង នៅ​ក្នុង​ប្លុក​នេះ ។

អ្នក​ឯកទេស​ប្រេង​កាត​ឯករាជ្យ​ម្នាក់​បាន​ប្រាប់​ទស្សនាវដ្ដី​សេដ្ឋកិច្ច​ថ្ងៃ​នេះ ថា ក្រុម​ហ៊ុន​ឈីវរ៉ុន មិន​ទំនង​ជា​អាច​ផលិត​ប្រេង​មុន​ឆ្នាំ ២០១០ ដូច​ដែល​បាន​ចុះ​ផ្សាយ​ក្នុង​សារព័ត៌មាន​មួយ​ចំនួន​នោះ​ទេ” ។

លោក​បាន​ពន្យល់​បន្ថែម​ថា ក្រុម​ហ៊ុន​​ត្រូវ​ការ​ពេល​វេលា​ច្រើន​សម្រាប់​សិក្សា និង​វាយ​តម្លៃ​គម្រោង​ទាំង​មូល គឺ​រាប់​បញ្ចូល​ទាំង​ការ​ស្ថាបនា​ទី​កន្លែង និង​សម្ភារៈ​ប្រើប្រាស់​ផ្សេង​សម្រាប់​បូម​យក​ប្រេង ។ ក្រុម​ហ៊ុន​ឈិវរ៉ុន ទើប​មាន​បំណង​សុំ​អាជ្ញាប័ណ្ណ​ផលិត​ពី​អាជ្ញាធរ​ប្រេង​កាត​កម្ពុជា នៅ​ខែ មិថុនា ឆ្នាំ ២០០៨​នេះ ។ ក្នុង​ករណី​ទទួល​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​នូវ​ត្រូវ​ការ​ពេល​យ៉ាង​ហោច​ ២​ឆ្នាំ សម្រាប់​សាង​សង់​រចនា​សម្ព័ន្ធ ។

គួរ​កត់​សម្គាល់​ដែរ​ថា នៅ​មាន​ប្រេង​កាត់​ និង​ឧស្ម័ន យ៉ាង​ច្រើន​ទៀត​ក្នុង​ដែន​សមុទ្រ​ត្រួត​ស៊ី​គ្នា​រវាង​កម្ពុជាថៃ ហើយ​ប្រទេស​ទាំង​ពីរ​កំពុង​ពិភាក្សា​បែង​ចែក​ផល​ប្រយោជន៍​ទទួល​បាន​ពី​តំបន់​នេះ ។ តាម​រូប​ភាព​ពី​ផ្កាយ​រណប កម្ពុជា​អាច​មាន​ប្រេង និង​ឧស្ម័ន នៅ​តំបន់​បឹង​ទន្លេសាប ប៉ុន្តែ​នៅ​ពុំ​ទាន់​មាន​ការ​រុករក​នៅ​ឡើយ​ទេ ។

យុទ្ធសាស្ត្រ​ឈ្នះ ឈ្នះ

រដ្ឋាភិបាល​មាន​គោល​ជំហរ​វិជ្ជមាន​ថា​នឹង​ទទួល​បាន​ចំណូល​ច្រើន​ពី​ប្រេង និង​ឧស្ម័ន ទោះ​បី​ជា​គ្មាន​ភាព​ប្រាកដ​ប្រជា​ចំពោះ​បរិមាណ​ជាក់​ស្ដែង​ក៏​ដោយ ។ អ្នក​ឯកទេស​ប្រេង​កាត​មាន​សុទិដ្ឋិនិយម​ថា កម្ពុជា អាច​បាន​ចំណែក​រហូត​ដល់​ទៅ ៧០% ពី​ចំណូល​នៃ​ការ​លក់​ដុំ​តាម​រយៈ​ការ​បង់​សិទ្ធិ​ធ្វើ​អាជីវកម្ម (Royalty) ពន្ធ (Tax) និង​ចំណែក​នៃ​ផល​ចំណេញ (Profit oil)”

ផល​ដែល​ទទួល​បាន​ពី​ប្រេង និង​ឧស្ម័ន នឹង​ចែក​ជា​បី​ដំណាក់​កាល​បន្ត​បន្ទាប់ ។ ទី​១ គឺ ១២.% សម្រាប់​សិទ្ធិ​ធ្វើ​អាជីវកម្ម​ដល់​រដ្ឋាភិបាល ។ ទី​២ គឺ ៩០% នៃ​ចំណែក​នៅ​សល់​សម្រាប់​ទូទាត់​ចំណាយ​វិនិយោគ និង​ទី​៣ គឺ​ការ​បែង​ចែក​ផល​ចំណេញ​ក្នុង​ចន្លោះ​ពី ៤០% ទៅ ៦០% នៃ​ចំណែក​ចុង​ក្រោយ​រវាង​ផលិត​ករ និង​រដ្ឋាភិបាល ។ អត្រា​នេះ​ប្រែប្រួល​ទៅ​តាម​បរិមាណ​នៃ​ផល​ដែល​ទទួល​បាន ។

លោក​កូវ​ ភិរម្យ​ អ្នក​ជំនាញ​ខាង​ហេដ្ឋារចនាសម្ព័ន្ធ នៅ​វិទ្យាស្ថាន​សេដ្ឋកិច្ច​កម្ពុជា បាន​សង្កត់​ធ្ងន់​ថា ចំណែក​ ៩០% សម្រាប់​ទូទាត់​ចំណាយ​វិនិយោគ​ជា​ចំនួន​មួយ​ដ៏​ច្រើន​ ប៉ុន្តែ​វា​ជា​អត្រា​សម្រាប់​លើក​ទឹក​ចិត្ត​ដល់​វិនិយោគិន” ។ ចំនួន​នេះ​នឹង​អស់​សុពល​ភាព​នៅ​ពេល​ក្រុម​ហ៊ុន​ទូទាត់​ចំណាយ​វិនិយោគ​គ្រប់​ចំនួន​ ហើយ​បើ​តាម​ការ​ប៉ាន់​ស្មាន វា​អាច​មាន​រយៈ​ពេល​ពី ៥ ទៅ​ ៦​ឆ្នាំ ។ ប្រទេស​កម្ពុជា​នឹង​ទទួល​បាន​ចំណែក​កាន់​តែ​ច្រើន​ក្រោម​ពេល​ទូទាត់​ចំណាយ​វិនិយោគ​រួច ។

របាយការណ៍​ចុះ​ផ្សាយ​កាល​ពី​ ខែ​សីហា ឆ្នាំ​២០០៧ របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) សន្និដ្ឋាន​ថា រដ្ឋាភិបាល​អា​ទទួល​បាន​ចំណូល​ប្រមាណ ១៧៤ លាន​ដុល្លារ​ នៅ​ឆ្នាំ ២០១០ នឹង​ឈាន​ដល់​កម្រិត​អតិបរមា ១ ៧០០​លាន​ដុល្លារ​ នៅ​ឆ្នាំ ២០២១ ដោយ​សន្មត់​ថា កម្ពុជា​អាច​បូម​ប្រេង​បាន​ ៥០ ០០០​ធុង ក្នុង​មួយ​ថ្ងៃ” ។ តែ​អ្នក​វិភាគ​មិន​រំពឹង​ថា ការ​ផលិត​ប្រេង​មាន​បរិមាណ​ច្រើន​ដល់​ម្លឹង​ទេ ។

ឳ​កាស​ល្អ​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច

ហេដ្ឋារចនាសម្ព័ន្ធ​ទាំងឡាយ​ នៅ​កម្ពុជា មាន​ភាព​ទន់​ខ្សោយ​នៅ​ឡើយ ។ ចំណែក​វិស័យ​កសិកម្ម ទេសចរណ៍ និង​ឧស្សាហកម្ម​កាត់​ដេរ​ជា​ពលករ​សម្រាប់​សេដ្ឋកិច្ច​ជាតិ​ ប៉ុន្តែ​វិស័យ​នេះ​នៅ​ពឹង​ផ្អែក​ស្ទើរ​តែ​ទាំង​ស្រុង​លើ​ជំនួយ​បរទេស ។ កម្ពុជា នៅ​មាន​ឧបសគ្គ​ប្រឈម​មុខ​ច្រើន​ដូច​ជា ការិយាល័យ​ធិបតេយ្យ អំពើ​ពុក​រលួយ​នៅ​គ្រប់​ទី​កន្លែង ពលករ​គ្មាន​ជំនាញ និង​បទពិសោធន៍​ច្បាស់លាស់ ហើយ​រចនា​សម្ព័ន្ធ​សង្គម​មិន​អំណោយ​ផល​ដល់​គ្រប់​វិស័យ ។

លោក​ទេសរដ្ឋមន្ត្រី​ សុខ អាន រំ​ពឹង​ថា​ ប្រាក់​ចំណូល​ពី​ប្រេង និង​ឧស្ម័ន នឹង​ផ្ដល់​ហិរញ្ញវត្ថុ​បន្ថែម សម្រាប់​គម្រោង​អភិវឌ្ឍន៍​ទាំងឡាយ​នៅ​ក្នុង​សង្គម ព្រោះ​កម្ពុជា​​ កំពុង​ស្វែង​រក​ថវិកា ២ ៣០០​លាន​ដុល្លារ សម្រាប់​កម្មវិធី​វិនិយោគ​សាធារណៈ​ចំនួន​ ៥៨៥​គម្រោង ចាប់​ពី​ឆ្នាំ ២០០៨ ដល់​ឆ្នាំ ២០១០” ។

កាល​ពី​ខែ វិច្ឆិកា ឆ្នាំ​មុន​ សម្ដេច​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន មាន​ប្រសាសន៍​ថា កម្ពុជា​មាន​គម្រោង​សាងសង់​រោងចក្រ​ចម្រាញ់​ប្រេង​ឆៅ​ ២,៥​លាន​តោន ក្នុង​មួយ​ឆ្នាំ” ។

តាម​អត្ថបទ​ចុះ​ផ្សាយ​ក្នុង​ឆ្នាំ ២០០៦ របស់​ Dow Jones Newswires បាន​ឳ្យ​ដឹង​ថា សាជីវកម្ម China National Chemical Engineering Group Corporation ប្រកាស​ថា និង​ជួយ​សាងសង់​រោងចក្រ​ចម្រាញ់​ប្រេង​នៅ​ក្រុង​ព្រះសីហនុ ក្នុង​ចំនួន​ទឹក​ប្រាក់​ប្រមាណ​៤២០​លាន​ដុល្លារ មាន​សមត្ថភាព​ចម្រាញ់​ប្រេង​ឆៅ ៤០ ០០០​ធុង​ ក្នុង​មួយ​ថ្ងៃ ។

កម្ពុជា​នាំ​ចូល​ប្រេង​ និង​ឧស្ម័ន ១០០% ពី​បរទេស ។ ព័ត៌មាន​នេះ នឹង​ធ្វើ​ឳ្យ​តម្លៃ​ថាមពល​ក្នុង​ស្រុក​ចុះ​ថោក​ជាង​បច្ចុប្បន្ន​ ការ​ចំណាយ​ផលិតកម្ម​នឹង​ធ្លាក់​ចុះ​ ហើយ​ទំនិញ​ផលិត​ក្នុង​ស្រុក នឹង​អាច​មាន​តម្លៃ​ថោក​នៅ​លើ​ទី​ផ្សារ​អន្តរជាតិ ។

វិស័យ​ថ្មី​នេះ ផ្ដល់​ឱកាស​ការងារ​តិច​តួច​ដល់​ពលករ និង​អ្នក​ជំនាញ​ខ្មែរ ព្រោះ​វា​ទាមទារ​ឳ្យ​ពលករ​មាន​ជំនាញ បទពិសោធន៍ និង​បច្ចេកទេស​ខ្ពស់​ ដូច​ជា​វិស្វករ​ប្រេង​កាត ។ ជំនាញ​បែប​នេះ មិន​ដែល​មាន​បង្រៀន​ទាល់​តែ​សោះ​នៅ​កម្ពុជា សូម្បី​តែ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (ITC) ហៅ​កាត់​ថា​ សាលា​តិចណូ ។

លោក​ប៉ាន់​ សុវណ្ណា នាយក​ដេប៉ាតេម៉ង់​វិស្វកម្ម​ម៉េកានិច និង​ឧស្សាហកម្ម បាន​ឳ្យ​ដឹង​ថា សាលា​តិចណូ​ មាន​បង្រៀន​តែ​ជំនាញ​វិស្វកម្ម​ទូទៅ​ដូច​ជា​វិស្វកម្ម​រ៉ែ​ និង​អគ្គិសនី​ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ គេ​រំពឹង​ថា ចំណូល​ពី​វិស័យ​នេះ​នឹង​បង្កើត​ការងារ​ដោយ​ប្រយោល​ច្រើន តាម​រយៈ​ការ​វិនិយោគ​លើ​ធនធាន​មនុស្ស សាវា​សាធារណៈ រចនា​សម្ព័ន្ធ​រូបវ័ន្ដ​ ដូច​ជា​ផ្លូវ​ស្ពាន​ ប្រព័ន្ធ​ធារាសាស្ត្រ​ និង​ខ្សែ​បណ្ដាញ​ចែក​ចាយ​ទឹក​ ភ្លើង ព្រម​ទាំង​វិស័យ​នានា​ដែល​អាច​បង្កើត​ការងារ​ច្រើន​ដល់​ប្រជាជន ។

តើ​វា​ជា​បណ្ដាសា ឬ​ជា​ប្រសិទ្ធី​ពរជ័យ ?

អ្នក​ជំនាញ​មួយ​ចំនួន​ បាន​ផ្ដល់​អនុសាសន៍​ជា​ច្រើន​ទាក់ទង​នឹង​បញ្ហា​ប្រេង​ និង​ឧស្ម័ន​នៅ​កម្ពុជា ។ ធនាគារ​អភិវឌ្ឍ​អាស៊ី​ លើក​ឡើង​ថា ប្រាក់​ចំណូល​ពី​ប្រេង​កាត់​ និង​ឧស្ម័ន អាច​នឹង​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម ប្រសិន​បើ​ប្រើប្រាស់​បាន​ត្រឹម​ត្រូវ” ។ ប៉ុន្តែ ការ​ហូរ​ចូល​យ៉ាង​គំហុគ​នៃ​ទឹក​ប្រាក់​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ អាច​បណ្ដាល​ឳ្យ​មាន​អំពើ​ពុករលួយ​ដ៏​ធ្ងន់ធ្ងរ ឬ​កើត​ជា​សង្គ្រាម​ដណ្ដើម​ទ្រព្យ​សម្បត្តិ​ ដូច​ដែល​កើត​មាន​ឡើង​នៅ​ប្រទេស​មួយ​ចំនួន​រួច​មក​ហើយ ។

អ្នក​វិភាគ​ជា​ច្រើន​ មាន​ទាំង​យូអិនឌីភី បាន​ព្រមាន​ពី​បញ្ហា​បណ្ដាសា​ធនធាន​ដែល​អាច​កើត​មាន ។ កម្ពុជា​នឹង​ជួប​ប្រទះ​រឿង​ដែល​ធ្លាប់​កើត​មាន​នៅ​ប្រទេស​ នីហ្សេរីយ៉ា​ និង​វេណេហ្ស៊ូអេឡា ដោយ​ការ​គ្រប់​គ្រង​មិន​ល្អ ហើយ​ផល​ប្រយោជន៍​បាន​ទៅ​លើ​តែ​ជន​មួយ​ក្ដាប់​តូច ព្រោះ​តែ​អំពើ​ពុក​រលួយ ។ សម្ដេច​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ បង្ហាញ​ពី​សុឆន្ទៈ​ថា កម្ពុជា​មិន​ល្ងង់​ដើរ​តាម​គន្លង​របស់​ប្រទេស​នីហ្សេរីយ៉ា ទេ!”

លោក​សុន ឆ័យ ប្រធាន​គណៈ​កម្មការ​ទី​៥ នៃ​រដ្ឋសភា មាន​ប្រសាសន៍​ថា​កម្ពុជា​គ្មាន​អ្វី​ខុស​គ្នា​ពី​ប្រទេស​នីហ្សេរីយ៉ា​ទេ ប្រសិន​បើ​គ្មាន​ការ​គ្រប់គ្រង​ដ៏​មាន​តម្លាភាព​លើ​ប្រាក់​ចំណូល​នោះ ហើយ​អ្វីៗ​អាច​កើត​មាន​ឡើង​គ្រប់​ពេល​ ព្រោះ​អំណាច​យោធា​នៅ​តែ​ខ្លាំង​ក្លា​នៅ​ឡើយ ។ លោក​បន្ថែម​ថា កំណើន​សេដ្ឋកិច្ច​ខ្ពស់​នា​ពេល​ថ្មី​ៗ​នេះ ផ្ដល់​ប្រយោជន៍​តិច​តួច​ណាស់​ដល់​ប្រជាជន​ទូទៅ ជា​ពិសេស​អ្នក​ក្រីក្រ ដូច្នេះ​ប្រាក់​ចំណូល​ពី​ប្រេង​ និង​ឧស្ម័ន អាច​នឹង​ដើរ​តាម​គន្លង​តែ​មួយ ។

លោក​លឹម ទី ជា​អតីត​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ អាយុ​ ២៤ឆ្នាំ ជឿ​ថា ប្រាក់​ចំណូល​ពី​ប្រេង​ និង​ឧស្ម័ន នឹង​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច និង​បង្កើត​ការងារ​ច្រើន​សម្រាប់​និស្សិត ហើយ​សង្ឃឹម​ថា តម្លៃ​ប្រេង​សាំង​ និង​ហ្គាស នឹង​ចុះ​ថោក​ជាង​ពេល​បច្ចុប្បន្ន​ ។ ប៉ុន្តែ​គាត់​នៅ​តែ​បារម្ភ​​ ចំពោះ​អំពើ​ពុក​រលួយ​ដែល​អាច​ធ្វើ​ឳ្យ​បាត់​បង់​ផលប្រយោជន៍​ទាំង​នេះ ។

អ្នក​ជំនាញ​អំពាវនាវ​ឳ្យ​មាន​តម្លា​ភាព​លើ​ការ​ប្រើប្រាស់​ប្រាក់​ចំណូល

អ្នក​ជំនាញ​និយាយ​ថា ប្រាក់​ចំណូល​អាច​ធ្លាក់​ទៅ​លើ​កណ្ដាប់​ដៃ​មន្ត្រី​ពុក​រលួយ​មួយ​ក្ដាប់​តូច​ ។

លោក​ចូសេហ្វ ម៉ូ​សូមេលី អគ្គ​រដ្ឋទូត​អាមេរិក ប្រចាំ​ប្រទេស​កម្ពុជា លើក​ឡើង​ថា ដើម្បី​ចៀសវាង​បណ្ដាសា​ធនធាន មេ​ដឹក​នាំ​ទាំង​អស់ គួរ​មាន​សុឆន្ទៈ​នយោបាយ​ក្នុង​ការ​គ្របគ្រង និង​ប្រើប្រាស់​ប្រាក់​ចំណូល​ឳ្យ​មាន​ប្រសិទ្ធិភាព​សម្រាប់​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម” ។

លោក​កូវ​ ភិរម្យ យល់​ថា កម្ពុជា​អាច​ចៀស​ផុត​ពី​បណ្ដាសា ប្រសិន​បើ​ប្រាក់​ចំណូល​ត្រូវ​បាន​គេ​ប្រើ​យក​ទៅ​វិនិយោគ​លើ​វិស័យ​ដែល​មាន​ឥទ្ធិពល​ក្នុង​រយៈ​ពេល​វែង​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​ដែល​គាំ​ទ្រ​ដល់​ការ​កាត់​បន្ថយ​ភាព​ក្រី​ក្រ ។ ប្រសិន​បើ​ចំណាយ​មិន​ចំ​វិស័យ ឬ​ចាត់​ចែង​មិន​ល្អ សេដ្ឋកិច្ច​សង្គម​នឹង​ដួល​រលំ​ដូច​កើត​មាន​នៅ​បណ្ដា​ប្រទេស​មួយ​ចំនួន​មក​ហើយ គឺ​មាន​ការ​ហូរ​ចូល​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​នៃ​រូបិយប័ណ្ណ​បរទេស (ដុល្លារ) នៅ​លើ​ទី​ផ្សារ​កម្ពុជា ដែល​ធ្វើ​ឳ្យ​រូបិយវត្ថុ​ជាតិ (រៀល) ឡើង​ថ្លៃ ។ វា​ជា​រនាំង​សម្រាប់​ផលិត​ផល​ក្នុង​ស្រុក ក្នុង​ការ​ប្រកួត​ប្រជែង​នៅ​លើ​ទី​ផ្សារ​អន្តរជាតិ ព្រោះ​ចំណាយ​ផលិតកម្ម​ខ្ពស់ ។

អ្នក​ជំនាញ​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​បញ្ហា​ទាំង​នេះ​ ក៏​បាន​សហការ​ជា​មួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ដើម្បី​ពិភាក្សា​អំពី​ការ​បង្កើត​ក្រុម​មួយ​សម្រាប់​ឃ្លាំ​មើល​ការប្រើប្រាស់​ប្រាក់​ចំណូល​ពី​ប្រេង និង​ឧស្ម័ន​ព្រមទាំង​លើក​ស្ទួយ​ការ​ចូល​រួម​ពី​សាធារណៈ ។ ក្រុម​នេះ មាន​បំណង​ធ្វើ​ជា​តំណាង​របស់​សង្គម​ស៊ីវិល ដើម្បី​ធ្វើការ​ជា​មួយ​រដ្ឋាភិបាល និង​ក្រុមហ៊ុន​វិនិយោគ​សម្រាប់​ប្រតិបត្តិ​កម្មវិធី​ផែន​ការ​និស្សារណ​តម្លាភាព​ឧស្សាហកម្ម (Extractive Industries Transparency Initiative) ដែល​ទទួល​បាន​ជោគជ័យ​រួច​មក​ហើយ​នៅ​ប្រទេស​នីហ្សេរីយ៉ា ។

អ្នក​តំណាង​ក្រុម​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ថា គំនិត​បង្កើត​ក្រុម​នេះ​មាន​ដើម​ទង​មក​ពី​កង្វល់​របស់​សង្គម​ស៊ី​វិល ចំពោះ​ការ​ចាត់​ចែង​ប្រាក់​ចំណូល​បាន​មក​ពី​ប្រេង និង​ឧស្ម័ន ។ ក្រុម​នេះ​បង្កើត​ឡើង​ដោយ​មាន​គំរូ​ល្អ​ពី​ប្រទេស​ដែល​មាន​ធនធាន​ច្រើន ហើយ​បាន​ប្រយុទ្ធ​ប្រឆាំង​​ជា​មួយ​បណ្ដាសា​ ។ គាត់​បន្ថែម​ថា ប្រទេស​នីហ្សេរីយ៉ា អាច​សន្សំ​ថវិកា​បាន​ ១ ០០០​លាន​ដុល្លារ ក្រោយ​ពី​ចូល​រួម​ជា​មួយ EITI

លោក​ឧបនាយក​រដ្ឋមន្ត្រី សុខ អាន​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​កំពុង​តែ​ត្រួត​ពិនិត្យ​មើល​គោល​គំនិត​របស់ EITI


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s