ដោយ ឈុន កុសល និង គឹម ណាតាឆា
ប្រទេសកម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចពីរខ្ទង់ក្នុងរយៈពេលបួនឆ្នាំជាប់គ្នាចុងក្រោយនេះ។ ទោះជាយ៉ាងនេះក្ដី ស្ថានភាពសេដ្ឋកិច្ចនាបណ្ដាឆ្នាំខាងមុខហាក់មានភាពពុំប្រសើរឡើយ ដោយសារអតិផរណាខ្ពស់, ការធ្លាក់ចុះលំនាំចេញផលិតផលកាត់ដេរ និងការឈប់មានកំណើនក្នុងវិស័យអចលនវត្ថុតទៅទៀត។
យោងតាមការប៉ាន់ស្មានចុងក្រោយបំផុតរបស់វិទ្យាស្ថានជាតិស្ថិតិឱ្យដឹងថា កំណើនផលិតផលក្នុងស្រុកសរុបរបស់កម្ពុជាក្នុងឆ្នាំ ២០០៧ ឈានដល់ ១០.១% គឺបន្ទាប់ពីកំណើន ១០.៨% ក្នុងឆ្នាំ ២០០៦ កំណើន ១៣.៣% ក្នុងឆ្នាំ ២០០៥ និង ១០.៣% ក្នុងឆ្នាំ ២០០៤ មក។
លោក នៅ សីហា អ្នកស្រាវជ្រាវជាន់ខ្ពស់នៃវិទ្យាស្ថានសេដ្ឋកិច្ចកម្ពុជា បានអះអាងថា “បើនិយាយតាមបែបស្ថិតិវិញ តួលេខបែបនេះ បានបង្ហាញពីការចាប់ផ្ដើមចុះខ្សោយនៃសេដ្ឋកិច្ចកម្ពុជា”។ លោកបានបន្ថែមទៀតថា កំណើនសេដ្ឋកិច្ចពីរខ្ទង់នឹងលែងកើតមានមួយរយៈពេល។