កាលពីព្រេងនាយ មាននិស្សិតម្នាក់ទើបតែបានបញ្ចប់ឧត្តមសិក្សា ហើយក៏លាគ្រូត្រឡប់ទៅស្រុកកំណើតវិញ។ នៅតាមផ្លូវទៅផ្ទះ គាត់ត្រូវធ្វើដំណើរកាត់ទន្លេមួយដោយជិះទូក។ នៅខណៈពេលធ្វើដំណើរ ពូអ្នកចែវទូក ចែវបណ្តើរ និយាយពីនេះពីនោះបណ្តើរ ប៉ុន្តែនិស្សិតយើងមានអារម្មណ៍រំខានក្រៃលែង ព្រោះគេយល់ថា អ្វីដែលអ្នកចែវទូកនិយាយសុទ្ធតែជាពាក្យមិនបានការ… ជាមនុស្ស«គ្មានគំនិត» ចេះតែប្រើកម្លាំងបាយចែវទូក។ ទ្រាំលែងបាន និស្សិតយើងក៏បន្លឺឡើងថា៖
-ពូឯងនិយាយច្រើនណាស់! បើពូឯងចូលចិត្តនិយាយច្រើនម្លឹងៗ ឥឡូវខ្ញុំសួរពូឯងមើល តើទស្សនវិជ្ជាជាអ្វី?
ពូចែវទូក៖
-ឧិលោកក្មួយអ្ហើយ! ពូមិនដឹងទេ … តាំងពីធំដឹងក្តីមក ពូចេះតែធ្វើស្រែ និងចែវទូកចម្លងអ្នកដំណើរប៉ុណ្ណោះ។
និស្សិត៖
-គួរឲ្យស្តាយដែរ! គ្រាន់តែទស្សនៈវិជ្ជាជាអ្វី ក៏ពូឯងមិនដឹង។ ជីវិតពូឯងគ្មានន័យទេ ស្លាប់អស់ ៤៥% បាត់ទៅហើយ!
ពូអ្នកចែវទូក ពុំបានយកចិត្តទុកដាក់នឹងសម្តីឡែបខាយរបស់និស្សិតយើងឡើយ, គាត់គិតតែពីគាស់ច្រវា ហើយចាប់ផ្តើមនិយាយពីនេះពីនោះបន្តទៀត។
និស្សិតយើងកាន់តែរងការរំខានក្នុងចិត្តថែមទៀត ដោយនឹកថា និយាយឲ្យប៉ុណ្ណឹងហើយ គាត់នៅតែមិនយល់ន័យ ហើយនៅតែបើកមាត់និយាយទៀត។ ទ្រាំមិនបាន និស្សិតយើងក៏បន្លឺឡើងទៀតថា៖
-ចុះពូឯងដឹងថាចិត្តសាស្ត្រជាអ្វីទេ?
ពូអ្នកចែវទូក ក៏ឆ្លើយតបទៅនិស្សិតនូវពាក្យដដែល។
និស្សិត៖
-ហាស់! ហាស់! ហាស់! នេះបានហៅថា កើតមកស្ពាយល្ងង់មកតាម … សមជាអ្នកប្រើតែកម្លាំងបាយមែន! សូម្បីតែចិត្តសាស្ត្រជាអ្វី ក៏ពូឯងមិនស្គាល់… ហឺយ!!! ជីវិតរបស់ពូឯងស្លាប់អស់ ៩០% បាត់ទៅហើយ។
ពូអ្នកចែវទូកបានយល់ច្បាស់ពីការប្រមាថនេះ គាត់នឹកឆួលក្នុងចិត្ត ប៉ុន្តែគាត់ខំសម្រួលអារម្មណ៍ ហើយដកដង្ហើមមួយយ៉ាងវែងដើម្បីទប់កំហឹង។ គាត់ដឹងថា និស្សិតម្នាក់នេះមិនចូលចិត្តឲ្យគាត់និយាយអ្វីរំខានត្រចៀកគេទេ។ គាត់ក៏ឈប់និយាយស្តី សម្ងំគាស់ច្រវាបន្តសំដៅទៅត្រើយម្ខាង។
ពេលធ្វើដំណើរដល់ពាក់កណ្តាលទន្លេ ស្រាប់តែផ្ទៃមេឃដ៏ស្រស់ថ្លា ប្រែជាខ្មៅងងិត ព័ទ្ធដោយពពួកខ្មៅខ្មួលខ្មាញ់ និងធ្លាក់ខ្យល់ខ្លាំងត្រជាក់ស្រឺតស្រៀវស្រាញដល់ឆ្អឹងខ្នងអ្នកទាំងពីរ។ ពូអ្នកចែវទូកដឹងសភាពការណ៍ ក៏សួរទៅកាន់និស្សិតយើងថា៖
-លោកក្មួយចេះហែលទឹកទេ?
និស្សិត មិនខ្ចីឆ្លើយ គ្រាន់តែគ្រវីក្បាល។ គ្រាន់តែនិស្សិតយើងគ្រវីក្បាលមិនទាន់ផុត ព្យុះធំមួយក៏លេចធ្លោឡើងចំពោះមុខអ្នកទាំងពីរ។
ពូអ្នកចែវទូកស្រែកខ្លាំងៗថា៖
-មើលទៅ ជីវិតក្មួយ ស្លាប់ ១០០% ហើយ នៅពេលនេះ។ ទោះយ៉ាងណាក៏ដោយ សូមឲ្យក្មួយមានសំណាងល្អណ៎ា! ពូហែលទៅកាន់ច្រាំងទន្លេមុនហើយ។ ៚