ព្រឹកមួយ ក្មេងប្រុសពិការភ្នែកម្នាក់ អង្គុយសុំទាននៅក្បែរជណ្តើរនៃអគារមួយ ដោយមានមួកមួយនៅក្បែរជើងសម្រាប់ដាក់អំណោយ។ គេអង្គុយកាន់ផ្លាកមួយដែលសរសេរថា «ខ្ញុំខ្វាក់ សុំជួយខ្ញុំផង!» ប៉ុន្តែនៅក្នុងមួករបស់គេ មានតែកាក់ពីរបីប៉ុណ្ណោះ ព្រោះពុំសូវមានជនណា ចាប់អារម្មណ៍ដាក់ទានឲ្យឡើយ។
មានបុរសម្នាក់បានដើរមកក្បែរ ហើយទម្លាក់ពីរបីកាក់ ចូលទៅក្នុងមួករបស់ក្មេងសុំទាន រួចហើយក៏ទាញយកផ្លាកពីដៃរបស់ក្មេងនោះ មកសរសេរពាក្យខ្លះនៅម្ខាងទៀត ហើយដាក់ឲ្យក្មេងនោះកាន់វិញ។
មិនយូរប៉ុន្មាន មួករបស់ក្មេងខ្វាក់នោះ ស្រាប់តែពេញទៅដោយប្រាក់អំណោយពីសប្បុរសជន។ មនុស្សកាន់តែច្រើននាក់ថែមទៀត បានដាក់ទានឲ្យក្មេងនោះ។ នៅពេលរសៀលនាថ្ងៃនោះដដែល បុរសម្នាក់ដែលបានជួយសរសេរកែផ្លាករបស់ក្មេងខ្វាក់នោះ បានដើរមកក្បែរ ដើម្បីមើល ដោយចង់ដឹងថា មានអ្វីប្រែប្រួល ឬអត់ទេ។ កេ្មងខ្វាក់នោះបានចំណាំសម្រឹបជើងរបស់បុរសនោះ ហើយក៏បន្លឺសួរថា៖ «តើលោកជាអ្នកកែផ្លាករបស់ខ្ញុំ កាលពីព្រឹកមិញនេះឬ ? ចុះលោកបានសរសេរដាក់ថាម៉េចដែរ?»
បុរសនោះបានឆ្លើយថា៖ «ខ្ញុំគ្រាន់តែសរសេរពាក្យពិតប៉ុណ្ណោះ។ ខ្ញុំបានសរសេរប្រាប់គេ ពីអ្វីដែលប្អូនបានសរសេររួចហើយ គ្រាន់តែខ្ញុំសរសេរក្នុងរបៀបផ្សេងប៉ុណ្ណោះ»។
អ្វីដែលបុរសនោះបានសរសេរគឺ «ថ្ងៃនេះសោភ័ណល្អណាស់ ហើយខ្ញុំមើលពុំឃើញទេ»។
តើមិត្តទាំងអស់យល់ថា ផ្លាកមុន និងផ្លាកក្រោយ មានន័យដូចគ្នាឬទេ? មែនហើយ ផ្លាកទាំងពីរសុទ្ធតែប្រាប់គេឧិ្យដឹងថា ក្មេងនោះជាមនុស្សខ្វាក់, ប៉ុន្តែផ្លាកមុន គ្រាន់តែនិយាយថា ក្មេងនោះខ្វាក់។ រីឯផ្លាកក្រោយ បានបញ្ជាក់ឲ្យអ្នកផងបានដឹងថា ពួកគេពិតជាសំណាងណាស់ ដែលខ្លួនមិនខ្វាក់។ តើយើងគួរភ្ញាក់ផ្អើលដែរ ទេឬអី ដែលផ្លាកក្រោយនេះប្រសិទ្ធជាង???
ដំបូន្មាននៃរឿងនេះ គឺ៖
- គួរត្រេកអរនឹងអ្វីៗដែលខ្លួនមាន ជាជាងនឹកតូចចិត្តអាណិតខ្លួនចំពោះអ្វីដែលខ្លួនគ្មាន
- រៀនគិតដោយប្រឌិតភាព, កែប្រែរបៀបថ្មី, ត្រិះរិះរកគំនិតថ្មីនិងវិជ្ជមាន