សត្វទាមិនមែនទាបគ្រប់ពូជ


អ្នកស្រីកែវច័ន្ទបូរណ៍
ចាស់ៗខ្មែរយើង ពីបុរាណ ច្រើនទម្លាប់ជេរតិះដៀល មនុស្សដែលរៀនក្រចេះក្រចាំ ឬ​ដៀល​​អ្នក​ក្រ អ្នកវណ្ណៈទាប ថា សត្វ​ទា​ពូជទាប រស់តែដីរាប មិន​មាន​សមត្ថភាព ចេះហើរទំលើធ្នើរបាន។ ប៉ុន្តែ ចៃដន្យ នៅក្នុងជីវិតពិត មាន​ទាខ្លះអាចហើរខ្ពស់ ទំធ្នើរបាន គឺទាព្រៃ និងទាកាប៉ា ជាដើម។ ទាព្រៃហើរពីដំបន់មួយ ទៅដំបន់មួយ ស្វែងរកទឹកនិងអាហារ។ ជួនកាល ទៅឈប់នៅទីទួលខ្ពស់ លើមែកឈើធំៗ ខ្ពស់ៗ ដើម្បីសម្រាកស្លាប និងសម្លឹងរកផ្លូវ ហើរហោះតទៅមុខទៀត។ ចំណែកទាកាប៉ា អាចហើរទំដំបូលផ្ទះបាន ដូច្នេះហើយ ទើបពេលគេចិញ្ចឹម គេច្រើនដាក់ទ្រុងវា ហើយដកស្លាបវែងៗចោល ដើម្បីកុំអោយហើរឆ្ងាយ រួចពីទ្រុងបាត់។ ដូច្នេះពាក្យដំណៀលទាំងនេះ មិនមែនសុទ្ធតែ ជាការពិត ជាការអប់រំប្រសើរ ឬជាគម្រូល្អ សម្រាប់អោយ បច្ឆាជនយើងទាំងឡាយ រើសត្រងត្រាប់ ដើម្បី យកមកនិយាយដៀលគ្នា តៗពូជតពង្ស មិនឈប់ឈរ នោះឡើយ។

នៅដែនដី ដែលមានធាតុអាកាសត្រជាក់ ធ្លាក់ទឹកកក ពិបាករស់នៅ មានពូជទាព្រៃ ដែលហើរខ្ពស់ពីដី ជាងមួយរយម៉ែត្រ ហើយ អាចហើរបានឆ្ងាយ រាប់យោជន៍ ដោយមិនគាំងស្លាប ឆ្លងពីតំបន់មួយ ទៅតំបន់មួយ ដើម្បីសែ្វងរកទឹក និងអាកាសធាតុក្តៅ ងាយរស់ស្រួលរស់នៅវិញ។ ហ្វូងទាទាំងនោះ មានមេ មានកោយ ដឹកនាំការហោះហើរជាហ្វូងៗ លើអាកាស មានរបៀបរៀបរយ ជាងមនុស្សយើង ដែលរស់លើដី ទាំងឡាយ ទៀតផង។ ជួនកាល សត្វទាំងនេះ ឈប់ទំនៅលើដំបូលអាគារធំៗ សម្រាកស្លាប ពេលណាអស់កម្លាំង។ ដូច្នេះ ពេលមនុស្សយើង និយាយចេញមក នូវពាក្យពេចន៍ ដែលបង្ហាញគំនិតថមថយទាំងឡាយនោះ ព្រោះមកពីយើង ពុំមានចំណេះគ្រប់គ្រាន់ ជួយអោយយើង ពង្រីកគំហើញ របស់យើង អោយទូលំទូលាយ នឹងអាចពន្យល់មនុស្ស អោយរីកចម្រើន ផ្នែកគំនិតនិងសតិប្រាជ្ញាឡើយ។ ភាពទាល់ច្រកខាងវិជ្ជា និងសតិប្រាជ្ញា តែងធ្វើអោយមនុស្សយើងខើចសមត្ថភាព នឹងសម្លឹងឃើញ គុណសម្បត្តិ របស់មនុស្សសត្វ និងអ្វីទាំងអស់ជុំវិញខ្លួន អោយបានប្រសើរបាន។ ដូច្នោះហើយ ទើបយើងគប្បីជ្រើសរើស បន្ថែមការសិក្សា ការពិសោធន៍ ការហ្វឹកហ្វឺន ការស្រាវជ្រាវ ការអានច្រើន ស្តាប់ច្រើន ការសង្កេតច្រើន ការពិចារណានិងវិភាគច្រើន ដើម្បីនាំខ្លួនយើង អោយពង្រីក គំហើញប្លែកៗ និងរីកចម្រើនរុងរឿង មិនតែប៉ុណ្ណោះ យើងអាចកត់សំគាល់ឃើញ នូវអ្វីល្អៗ ដែលសង្គមមនុស្សនិងពិភពលោក ផ្តល់មកអោយជីវិត របស់យើងគ្រប់ៗគ្នា។

សម័យនេះ ២០១១ មានប្រព័ន្ធការសិក្សា មានកម្រិតខ្ពស់ជាងមុន ឆ្ងាយណាស់ តាមរយៈសៀវភៅ ទូរទស្សន៍ ឬប្រព័ន្ធឥន្ថឺណិត ដ៏ច្រើនមហិមា។ បើសិនយើងមិនបានទៅដល់ស្រុកគេ ក៏យើងបានឃើញបានជួបប្រទះ ផ្ទាល់ភ្នែក តាមកញ្ចក់ទូរទស្សន៍ និងឥន្ថឺណិត ដែរ។ ការនៅរក្សាទម្លាប់បុរាណ យ៉ាងបាក់ផ្នត់ ដោយមិនបានពង្រីក ការចេះដឹង និងគំហើញថ្មីៗ របស់យើង ទៅតាមការរីកចម្រើន ក្នុងសង្គមអ្នកសិក្សា ពិតជាការមួយ គួរអោយសោកស្តាយ ជាទីបំផុត ព្រោះថា នៅក្នុងឧិកាសដែលយើងតិះដៀលអ្នកដទៃ តើយើងទាំងឡាយ មានបែរមើលខ្លួនយើងខ្លះ ដែរទេ ថាសំដីដៀលត្មះរបស់យើង ចំពោះអ្នកដទៃនោះ បានបង្ហាញនូវសមានចិត្ត និងគំនិតប្រាជ្ញា របស់យើង ទូលំទូលាយ ខ្ពង់ខ្ពស់ ប៉ុនណាដែរ? បើមិនទូលាយទេ តើយើងគួរធ្វើយ៉ាងណាវិញ ដើម្បីពង្រីកនិងពន្លាត គំនិតនិងគំហើញរបស់យើង អោយទូលំទូលាយប្រសើរជាងមុន?

ដូច្នេះ អ្វីដែលប្រសើរ បំផុត សម្រាប់យើងគ្រប់ៗគ្នា សិក្សាកែប្រែខ្លួន អោយប្រសើរឡើងថែមទៀត នៅនាបច្ចុប្បន្ននេះ គឺជាការហ្វឹកហ្វឺន សិក្សា រៀនសូត្រ សង្កេត អានហើយស្រាវជ្រាវ ស្តាប់ហើយពិចារណា មុននឹងស្តីចេញមក តិះដៀលត្មះអ្នកដទៃ ឬមុននឹងជឿតាម ថាតាមគេដទៃ ប៉ោចៗ ដោយភ្លេច គិតពិចារណា វិភាគហេតុផល ទាំងឡាយ អោយបានច្រើនមុំច្រើនជ្រុង។ ព្រះពុទ្ធលោកធ្លាប់ទូន្មានប្រដៅយើង គ្រប់ៗគ្នាថា កុំឡើយជឿតាមគេ ថាថា តាមគេ ដោយខ្វះការពិចារណា សិក្សា ស្រាវជ្រាវ វិភាគ បណ្តុះនិងពង្រីកគំហើញ របស់ខ្លួនយើង អោយបានទូលំទូលាយ ជាមុន នោះឡើយ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s