ឥទ្ធិពល នៃ ពាក្យសរសើរ


ព្រះចៅអធិរាជបារាំង ណាប៉ូឡេអុង មានព្រះកិត្តិនាមល្បីរន្ទឺ ក្នុងការដែលព្រះអង្គ អាចដឹកនាំទ័ព ទន្ទ្រានពេញទ្វីបអឺរ៉ុប។ នៅពេលមានគេសួរព្រះអង្គថា តើព្រះអង្គ មានរូបមន្តអ្វីសម្ងាត់ឬ? ព្រះអង្គ មានបន្ទូលតបវិញថា៖ "ខ្ញុំបានរៀនចេះ នូវរឿងមួយដ៏អស្ចារ្យថា មនុស្សហ៊ានស្លាប់ ដើម្បី បូកិត្តិយស (I've learned a remarkable thing: Men will die for ribbons) ។

មនុស្សគ្រប់រូប ចូលចិត្ត ពាក្យសរសើរ។  ពាក្យសរសើរ គឺជាវិធីសាស្ត្រមួយ ដ៏មានឥទ្ធិពល សម្រាប់បង្កើន កម្លាំងចិត្ត របស់មនុស្ស ជាពិសេស គឺពាក្យសរសើរ ដែលពោលចេញពីមាត់ របស់មនុស្ស ដែលខ្លួនស្រឡាញ់, គោរព ឬចាត់ទុកជាគំរូ។ ទោះមានអ្នកណាម្នាក់ អះអាងថា ខ្លួនមិនត្រូវការ ការសរសើរក៏ដោយ ក៏ក្នុងចិត្តរបស់គេ រីកថ្លា ដូចគ្រាប់ជីត្រូវទឹក នៅពេលដែលគេទទួលបាន នូវការសរសើរត្រឹមត្រូវមួយ។

ការសរសើរ ដែលខ្ញុំលើកឡើងនេះ គឺមិនមែនសំដៅដល់ ការសរសើរ តាមរបៀប ឡែបឡប, លើកជើង ថើបគូទ ដើម្បីស្វែងរកលាភសក្ការៈ នោះទេ។ គឺខ្ញុំសំដៅ ទៅលើការសរសើរ ចំពោះគុណសម្បត្តិការងារ និងឥរិយាបថវិជ្ជមាន ចំពោះជីវិត។

របៀប ៤ យ៉ាង ដ៏មានប្រសិទ្ធភាព ក្នុងការពោលពាក្យសរសើរ ដើម្បីបង្កើនកម្លាំងចិត្តមនុស្ស (បុគ្គលិក, សិស្ស, កូនចៅ, កម្មករ ។ល។) គឺ៖

១. សរសើរភ្លាមៗ – ការសរសើរ គឺមានប្រសិទ្ធភាពបំផុត កាលបើអ្នកធ្វើឡើងភ្លាម នៅពេលឃើញអ្នកណាម្នាក់ ធ្វើអ្វីមួយបានល្អ។ ការណ៍នេះ នឹងជំរុញឲ្យមនុស្ស ដែលទទួលការសរសើរ ធ្វើទង្វើដដែល ឬស្រដៀងគ្នា បន្តបន្ទាប់មកទៀត ដែលអាចទទួលបាននូវការសរសើរ ឬការយល់ព្រមពីអ្នក ឬមនុស្សផ្សេង។

២. សរសើរឲ្យចំចំណុច – ការសរសើរដោយចំហ មិនចំសាច់រឿង អាចត្រូវគេយល់ច្រឡំថា ជាការឡែបឡប ហើយការសរសើរបែបនេះ ពុំមានប្រសិទ្ធខ្ពស់ សម្រាប់បង្កើន កម្លាំងចិត្ត របស់មនុស្សឡើយ។ ដើម្បីបង្កើនកម្លាំងចិត្តមនុស្ស យើងត្រូវបញ្ជាក់ឲ្យគេដឹងច្បាស់ថា គេទទួលការសរសើរ ដោយសារអ្វី។ ឧទាហរណ៍៖ បើអ្នកសរសើរ បុគ្គលិកណាម្នាក់ ដែលបំពេញការងារ បានល្អ, អ្នកមិនត្រូវ គ្រាន់តែនិយាយថា “អ្នកជាបុគ្គលិកដ៏ឆ្នើមម្នាក់” នោះទេ។ អ្នកត្រូវសរសើរឲ្យចំចំណុច នៃកិច្ចការល្អ ដែលគេបានធ្វើ, ឧទាហរហ៍៖ “បូភា ធ្វើរបាយការណ៍ ចាយវាយប្រចាំឆ្នាំរបស់ក្រុមហ៊ុន បានល្អណាស់! ផ្ចិតផ្ចង់បានស្អាត ហើយមានសណ្តាប់ធ្នាប់ ងាយយល់ក្នុងការអាន”។ បើអ្នកចង់សរសើរកូនខ្លួនឯង, អ្នកមិនត្រូវ គ្រាន់តែនិយមថា “កូន ជាកូនដ៏ល្អ គួរឲ្យស្រឡាញ់ណាស់” នោះទេ។ អ្នកត្រូវសរសើរឲ្យចំណុច ដូចជា “ព្រឹកៗឡើង កូនបត់ភួយ រៀបចំបន្ទប់អីចឹង ពិតជាល្អណាស់”។ កាលណា អ្នកផ្តល់ ការសរសើរចំចំណុច គឹអ្នកកំពុងបង្កើនកម្លាំងចិត្ត និងកំពុងជំរុញ ឲ្យគេរក្សាគុណភាពការងារ ឬអាកប្បកិរិយាល្អបែបនេះ ឲ្យស្ថិតនៅ, យ៉ាងហោចណាស់ ក្នុងកម្រិតដដែល, ឬបានល្អប្រសើរជាងពេលមុនៗ។

៣. សរសើរនៅមុខគេ – ការសរសើរបើកចំហ នៅចំពោះមុខមនុស្សផ្សេងទៀត គឺជាវិធីដ៏មានប្រសិទ្ធភាពមួយទៀត សម្រាប់បង្កើនកម្លាំងចិត្តមនុស្ស។ កាលណា អ្នកផ្តល់ ការសរសើរ នៅក្នុងចំណោមមនុស្ស (ភ្លាមៗ បើអាច), ចំចំណុច, គឹអ្នកកំពុងបង្កើនកម្លាំងចិត្ត និងកំពុងជំរុញ ឲ្យគេរក្សាគុណភាពការងារ ឬអាកប្បកិរិយាល្អបែបនេះ ឲ្យស្ថិតនៅ យ៉ាងហោចណាស់ ក្នុងកម្រិតដដែល ឬបានល្អប្រសើរជាងពេលមុនៗ។

៤. បន្តការសរសើរ – បន្ទាប់ពីមនុស្សដែលអ្នកបានសរសើរ រក្សាគុណភាពការងារ ឬមានអាកប្បកិរិយា ដែលធ្វើឲ្យអ្នកពេញចិត្តហើយ, អ្នកត្រូវរក្សាការសរសើរជាបន្ត, ដោយយូរៗ សរសើរម្តង, ដើម្បីបង្កើនកម្លាំងចិត្តរបស់គេ និងរក្សានូវកម្រិត ដែលអ្នកចង់បាន។

ការសរសើរ អាចធ្វើឡើង ដោយពាក្យសម្តី មានន័យពិរោះស្តាប់, ឬអាចធ្វើឡើង ដោយការផ្តល់វត្ថុជាអំណោយ លើកកម្លាំងចិត្ត។

ចំណុចសំខាន់បំផុត ដែលអ្នកត្រូវចងចាំ គឺ៖ ការសរសើរ ត្រូវតែធ្វើឡើង ដោយចិត្តស្មោះពិតប្រាកដ។ បើអ្នកគ្មានចិត្តសរសើរគេទេ ចូរកុំពោលពាក្យសរសើរក្លែងក្លាយ។ មនុស្សម្នាក់ៗ គេអាចមើលដឹង ឬមានអារម្មណ៍ដឹងភ្លាម ថាពាក្យសរសើររបស់អ្នក ស្មោះ ឬមិនស្មោះ។ បើគេយល់ថា អ្នកបានផ្តល់ការសរសើរក្លែងក្លាយ គេអាចមានអារម្មណ៍ រងការប្រមាថ ហើយអាចគិតថា ពាក្យសរសើររបស់អ្នក ជាពាក្យបញ្ចើចបញ្ចើ   ឬគ្រាន់តែជាការឡែបឡប, លើកជើង, ថើបគូទ… ចាប់ច្រវា សម្លឹងត្រើយ ឬ ហុតទឹក សម្លឹងសាច់ តែប៉ុណ្ណោះ។ ទោះបីជា មានមនុស្សខ្លះ គេចូលចិត្តការឡែបឡប បែបនេះក៏ដោយ, ក៏នៅក្នុងចិត្តរបស់គេ គ្មានការគោរព ហើយគ្មានការជឿជាក់ ចំពោះអ្នក ដែលឡែបឡប បែបនេះ សោះឡើយ។

ព្រះចៅអធិរាជបារាំង ណាប៉ូឡេអុង មានព្រះកិត្តិនាមល្បីរន្ទឺ ក្នុងការដែលព្រះអង្គ អាចដឹកនាំទ័ព ទន្ទ្រានពេញទ្វីបអឺរ៉ុប។ នៅពេលមានគេសួរព្រះអង្គថា តើព្រះអង្គ មានរូបមន្តអ្វីសម្ងាត់ឬ? ព្រះមានបន្ទូលតបវិញថា៖ “ខ្ញុំបានរៀនចេះ នូវរឿងមួយដ៏អស្ចារ្យថា មនុស្សហ៊ានស្លាប់ ដើម្បីបូកិត្តិយស (I’ve learned a remarkable thing: Men will die for ribbons) ។

ថោកអីនឹងដៃ, ថ្លៃអីនឹងមាត់? បើឃើញគេធ្វើបានល្អ, សរសើរគេទៅ! អ្នកក៏សប្បាយចិត្ត, គេក៏កើនកម្លាំងចិត្ត, រីករាយ និងអរគុណចំពោះអ្នក។ បើយើងសរសើរគេ ចំកាលៈទេសៈ ហើយចំណុចនោះ, យើងមិនបាច់ខ្លាចក្រែង គេគិតថា យើងឡែបឡបដាក់គេនោះឡើយ។