ចេះឯង តោងក្រែងចេះគេ


Image

កាលពីព្រេងនាយ មាននិស្សិតម្នាក់ ទើបតែបានបញ្ចប់ឧត្តមសិក្សា ហើយក៏លាគ្រូ ត្រឡប់ទៅ ស្រុកកំណើតវិញ។ នៅតាមផ្លូវទៅផ្ទះ គាត់ត្រូវធ្វើដំណើរ កាត់ទន្លេមួយ ដោយជិះទូក។ នៅខណៈពេល ធ្វើដំណើរ ពូអ្នកចែវទូក ចែវបណ្តើរ និយាយពីនេះ ពីនោះ បណ្តើរ ប៉ុន្តែនិស្សិត យើងមានអារម្មណ៍ រំខានក្រៃលែង ព្រោះ គេយល់ថា អ្វីដែលអ្នក ចែវទូកនិយាយ សុទ្ធតែជាពាក្យ មិនបានការ… ជាមនុស្ស«គ្មានគំនិត» ចេះតែប្រើកម្លាំង បាយចែវទូក។ ទ្រាំលែងបាន និស្សិតយើងក៏បន្លឺឡើងថា៖

-ពូឯងនិយាយច្រើនណាស់! បើពូឯងចូលចិត្ត និយាយច្រើនម្លឹងៗ ឥឡូវខ្ញុំសួរពូឯងមើល តើទស្សនវិជ្ជាជាអ្វី?

ពូចែវទូក៖

-ឧិលោកក្មួយអ្ហើយ! ពូមិនដឹងទេ … តាំងពីធំដឹងក្តីមក ពូចេះតែធ្វើស្រែ និងចែវទូកចម្លងអ្នកដំណើរប៉ុណ្ណោះ។

និស្សិត៖

-គួរឲ្យស្តាយដែរ! គ្រាន់តែទស្សនៈវិជ្ជាជាអ្វី ក៏ពូឯងមិនដឹង។ ជីវិតពូឯងគ្មានន័យទេ ស្លាប់អស់ ៤៥% បាត់ទៅហើយ!

ពូអ្នកចែវទូក ពុំបានយកចិត្តទុកដាក់ នឹងសម្តីឡែបខាយ របស់និស្សិតយើងឡើយ, គាត់គិតតែពីគាស់ច្រវា ហើយចាប់ផ្តើមនិយាយ ពីនេះពីនោះបន្តទៀត។

និស្សិតយើង កាន់តែរងការរំខាន ក្នុងចិត្តថែមទៀត ដោយនឹកថា និយាយឲ្យប៉ុណ្ណឹង ហើយ គាត់នៅតែ មិនយល់ន័យ ហើយនៅតែបើក មាត់និយាយទៀត។ ទ្រាំមិនបាន និស្សិតយើងក៏បន្លឺឡើងទៀតថា៖

-ចុះពូឯងដឹងថាចិត្តសាស្ត្រជាអ្វីទេ?

ពូអ្នកចែវទូក ក៏ឆ្លើយតបទៅ និស្សិតនូវពាក្យដដែល។

និស្សិត៖

-ហាស់! ហាស់! ហាស់! នេះបានហៅថា កើតមក ស្ពាយល្ងង់មកតាម … សមជាអ្នក ប្រើតែកម្លាំងបាយមែន! សូម្បីតែចិត្តសាស្ត្រជាអ្វី ក៏ពូឯងមិនស្គាល់… ហឺយ!!! ជីវិតរបស់ ពូឯងស្លាប់អស់ ៩០% បាត់ទៅហើយ។

ពូអ្នកចែវទូក បានយល់ច្បាស់ អំពីការប្រមាថនេះ គាត់នឹកឆួលក្នុងចិត្ត ប៉ុន្តែគាត់ខំ សម្រួលអារម្មណ៍ ហើយដកដង្ហើម មួយយ៉ាងវែង ដើម្បីទប់កំហឹង។ គាត់ដឹងថា និស្សិត ម្នាក់នេះមិនចូលចិត្ត ឲ្យគាត់និយាយអ្វី រំខានត្រចៀកគេទេ។ គាត់ក៏ឈប់ និយាយស្តី សម្ងំគាស់ច្រវាបន្ត សំដៅទៅត្រើយម្ខាង។

ពេលធ្វើដំណើរដល់ ពាក់កណ្តាលទន្លេ ស្រាប់តែផ្ទៃមេឃ ដ៏ស្រស់ថ្លា ប្រែជាខ្មៅងងិត ព័ទ្ធដោយពពួកខ្មៅខ្មួលខ្មាញ់ និងធ្លាក់ខ្យល់ខ្លាំង ត្រជាក់ស្រឺត ស្រៀវស្រាញ ដល់ឆ្អឹងខ្នង អ្នកទាំងពីរ។ ពូអ្នកចែវទូក ដឹងសភាពការណ៍ ក៏សួរទៅកាន់និស្សិត យើងថា៖

_លោកក្មួយចេះហែលទឹកទេ?

និស្សិត មិនខ្ចីឆ្លើយ គ្រាន់តែគ្រវីក្បាល។ គ្រាន់តែនិស្សិត យើងគ្រវីក្បាល មិនទាន់ផុត ព្យុះធំមួយ ក៏លេចធ្លោឡើង ចំពោះមុខអ្នកទាំងពីរ។

ពូអ្នកចែវទូកស្រែកខ្លាំងៗថា៖

-មើលទៅ ជីវិតក្មួយ ស្លាប់ ១០០% ហើយ នៅពេលនេះ។ ទោះយ៉ាងណាក៏ដោយ សូមឲ្យក្មួយ មានសំណាងល្អណ៎ា! ពូហែលទៅកាន់ច្រាំង ទន្លេមុនហើយ។

ឯវំ ក្រសាំងកប់ បុកលាយត្រប់ក្តគោ៚

2 thoughts on “ចេះឯង តោងក្រែងចេះគេ

  1. អូរ… អញ្ចឹងមែនហើយ ! ចេះឯង ឱ្យក្រែងចេះគេ ខ្ញុំទទួលស្គាល់ មនុស្សយើងមានតម្រិះវិជ្ជាខុសៗគ្នា ខ្លះចេះតិច ខ្លះចេះច្រើន ខ្លះពូកែខាងប្រាជ្ញ ខ្លះពូកែខាងនិយាយ ខ្លះពូកែខាងសរសេរ, ខ្លះពូកែខាងតវ៉ាទាមទា ខ្លះពូកែខាងសើច ខាងយំ ខាងខ្លាចភ័យ ខ្លះពូកែខាងឈ្នះចាញ់ ខ្លះពូកែខាងច្បាំងតតាំង ខ្លះពូកែខាងរណេបរណប បន្ទាបខ្លួន ខ្លះពូកែខាងស៊ិសស៊ុស ខ្លះពូកែខាងហៃអើ ។ល។និង។ល។៚… ឯវំ ក្រសាំងកប់ប្រហុក បុកលាយត្រប់ក្តគោ ពិតជាអស្ចារ្យមែន 🙂 អរគុណដែលចែករំលែក !

    ចូលចិត្ត

បញ្ចេញមតិ