ល្ងង់ងាយគេបោក, ហើយបន្ទាប់ពីដឹងថា ត្រូវគេបោក ក៏តាំងងចិត្តសង្ស័យរហូត


“ភាពអវិជ្ជា គឺដូចជាវែក ដែលគេប្រើសម្រាប់ តែដួសម្ហូប តែខ្លួនឯងមិនដែលស្គាល់រសជាតិ។”
~បុត្រាខ្មែរ

 

តាមការសង្កេត ក្នុងការទាក់ទងការងាររកស៊ី ជាមួយបងប្អូនខ្មែរ, បើមិនកាត់ថ្លៃខ្ពស់មួយជាពីរ ហើយទុកឲ្យគេតថ្លៃបញ្ចុះទេ, គឺដឹងតែខាតតែម្តង។ ឧបមាថា សម្រាប់អ្នកផ្សេង, យើងគិតការងារមួយ $១០០, ប៉ុន្តែដោយសារឃើញខ្មែរគ្នាឯង ហើយយើងមានចិត្តយោគយល់ ក៏ចុះថ្លៃឲ្យគាត់ ២៥%, គឺគិតតែ $៧៥។ ភាគច្រើន គាត់ទាឲ្យចុះថ្លៃពាក់កណ្តាល រួចហើយយើងត្រូវតថ្លៃជាមួយគាត់ ដេញពីក្រោមឡើងលើ ហើយគាត់បញ្ចុះពីលើទៅក្រោម។ បើមិនព្រមចុះថែម, គាត់សុខចិត្តដើរចេញ ហើយទៅធ្វើកន្លែងអាគាំង, កន្លែងយួន ឯណាឯណីទៅវិញ ហើយសុខចិត្តបង់ថ្លៃខ្ពស់ – រួចហើយ គាត់សំអាងថា មកពីខ្មែរគ្នាឯងមិនយោគយល់។ ហាហាហា! ម្យ៉ាងផស់គាត់ដែរទៅ!!!

តាំងពីខ្ញុំត្រឡប់មកពីស្រុកខ្មែរ, ខ្ញុំរៀនបានមេរៀនមួយ, គឺដំឡើថ្លៃមួយជាពីរ ហើយទុកឲ្យគាត់តថ្លៃបញ្ចុះមកពាក់កណ្តាល, រួចហើយធ្វើជាយល់ព្រម ហើយប្រាប់ថា “ដោយសារខ្មែរគ្នាឯង, សុខចិត្តព្រមតាមការតថ្លៃ ហើយចុះថែមឲ្យ ១០%ពីលើទៀតចុះ”។ បន្ទាប់មក គាត់អររខិបរខុប អរគុណធំៗ ព្រោះខ្មែរចេះយោគយល់ខ្មែរ, ហើយពេលខ្លះ បបួលទៅញ៉ាំបាយ ហើយជួយណែនាំភ្ញៀវមកឲ្យទៀតផង។

នេះគ្រាន់តែជាល្បិចរកស៊ីបន្តិចបន្តួច ជាមួយបងប្អូនខ្មែរ ដែលចូលចិត្តឡាំប៉ាតថ្លៃ ឬចូលចិត្តឲ្យគេអាណិតយោគយល់ប៉ុណ្ណោះ។ ប៉ុន្តែក្បួននេះ មានគេប្រើជាយូរមកហើយ ជាមួយរាស្ត្រខ្មែរដែលឆោតល្ងង់។ ដូចយើងដឹងស្រាប់ហើយថា តាំងពីបុរាណមក គឺខ្មែរយើងត្រូវបានគេអប់រំ ពង្វក់គំនិតឲ្យជឿថា ខ្លួនជាមនុស្សតូចទាប គ្មានសិទ្ធ គ្មានអំណាច, រស់នៅក្រោមក្តីសន្តោសរបស់អ្នកមានអំណាច, រស់នៅក្រោមចេស្តានៃស្តេចទេវរាជ ដែលជាអ្នកមានបុណ្យ… ដែលជាម្ចាស់ជីវិតតម្កល់លើត្បូង គ្រប់គ្រងលើជីវិត និងវត្ថុសព្វសារពើ នៅក្នុងដែនគរ។ គេប្រើអំណាចសង្កត់សង្កិន បង្អត់ឲ្យក្រខ្សត់ ទុកឲ្យត្រឹមតែនៅរស់ សម្រាប់តែបម្រើផលប្រយោជន៍របស់គេ… ហើយយូរៗ គេដាក់ទានម្តងៗ ក៏តាំងមានចិត្តត្រេកអររីករាយ ហើយបោះឆ្នោតភ្លូកទឹកភ្លូកដី ដើម្បីជាកិច្ចតបស្នង ដល់អ្នកមានគុណ ដែលតាមពិត គេយករបស់ដែលកេងប្រវញ្ចន៍ពីខ្លួន មកដាក់ទានឲ្យសោះ។

រឿងអកុសលទាំងនេះ អាចកើតមានឡើង ដោយសារអ្វី ហើយត្រូវបន្ទោសអ្នកណា? កត្តាចម្បង គឺភាពអវិជ្ជា, ហើយអ្នកដែលត្រូវបន្ទោស គឺខ្លួនឯងអវិជ្ជានេះឯង។ អវិជ្ជា គឺអត់ចេះ! អត់ដឹង!!! ភាពអវិជ្ជា គឺប្រៀបដូចជាវែក ដែលគេប្រើសម្រាប់ដួសម្ហូបឲ្យគេ តែខ្លួនឯង មិនដែលស្គាល់រសជាតិ — មិនដឹងថា សិទ្ធមនុស្សហ្នឹងវាយ៉ាងម៉េច! សេរីភាពហ្នឹង វាមានរសជាតិយ៉ាងម៉េច! ប្រជាធិបតេយ្យពិតប្រាកដហ្នឹង វាយ៉ាងម៉េច! គឺចាំតែស្តាប់តាមល្បិច បញ្ជោរបោកប្រាស ដូចគេយកស្ករគ្រាប់ ទៅលួងកូនក្មេង។

គ្រោះថ្នាក់ដ៏ធំមួយទៀត នៃភាពល្ងង់ខ្លៅ គឺចិត្តសង្ស័យ, ហើយការសង្ស័យនេះ វាមិនមែនជាកំហុសទេ… កំហុសធំ គឺអវិជ្ជា។ ការសង្ស័យកើតឡើយ ដោយសារការឆ្លងកាត់បទពិសោធន៍អាក្រក់។ តាំងពីក្រោយសម័យសៀមដុតនគរ លួចគម្ពីរ, លួចក្បួនតម្រា, សម្បត្តិថ្លៃថ្លាទាំងឡាយជាច្រើនមក, គឺយើងជួបប្រទះតែនឹងរឿងអកុសល, ងើបបានបន្តិច ក៏បាក់ស្រុតទៅវិញ រហូលមកដល់សតវត្សទី ២១។ បើយើងចង់ប្រៀបធៀប, យើងអាចប្រៀបធៀបប្រទេសខ្មែរ ទៅនឹងស្ត្រីអភ័ព្វម្នាក់ដែល មានប្តីកំណាចដល់ទៅពីរនាក់ ផ្លាស់វេនគ្នារំលោភធ្វើបាប, ទុកប្រើប្រាស់សម្រាប់ជាទ្រនាប់សង្គ្រាមត្រជាក់ រវាងសៀម និងយួន និងក្រោយមក នៅតែជាទ្រនាប់សម្រាប់សង្គ្រាមត្រជាក់ រវាងមហាអំណាចធំៗ។

ខ្មែរភាគច្រើន នៅមានជំនឿមួយថា ខ្មែរគឺជាពូជអ្នកចម្បាំង, ជាពូជអ្នកតស៊ូ ដែលមិនព្រមចុះចាញ់ នឹងការគ្របដណ្តប់របស់សត្រូវ ដែលព្យាយាមបំបាត់ដែនដីខ្មែរ ចេញពីផែនទីពិភពលោក។ ប៉ុន្តែក៏មានមតិផ្សេងទៀត យល់ផ្ទុយទៅវិញផងដែរថា ខ្មែរអាចគង់វង្សមកទល់សព្វថ្ងៃ គឺដោយសារការញញើតគ្នារវាងសៀម និងយួន ឬអាចចាត់ទុកថា ជាការព្រមព្រៀងគ្នា រវាងសៀម និងយួន, ដោយម្ខាងកាត់យកខ្មែរក្រោម, ម្ខាងទៀត កាត់យកខ្មែរលើ ហើយទុកខ្មែរកណ្តាល ជាទ្រនាប់នៃប្រទេសគេទាំងពីរ សម្រាប់ធ្វើសង្គ្រាមត្រជាក់ប៉ុណ្ណោះ។

ទោះយ៉ាងណាក្តី, អ្វីដែលបានកើតឡើងហើយ… អ្វីដែលបានធ្វើរួចហើយ… គឺជារឿងប្រវត្តិសាស្ត្រ, ជាបទពិសោធន៍… ហើយអ្នកដែលមិនព្រមរៀន ពីបទពិសោធន៍ រមែងមានកំហុសដដែលៗ។

កត្តាអ្វី ដែលជំរុញឲ្យយើងមានកំហុសដដែលៗ?
ដូចខ្ញុំធ្លាប់រៀបរាប់រួចមកហើយថា ខ្មែរយើង ត្រូវបានគេអប់រំ ពង្វឹកឲ្យជឿថា អ្វីៗគឺមានព្រហ្មលិខិតជាអ្នកចារទុកមក — បើកើតមកជាកូនអ្នកស្រែ គឺត្រូវតែធ្វើស្រែ សមនឹងពាក្យគេថា “កុំប្រឆាំងនឹងវាសនា, កុំតវ៉ានឹងព្រហ្មលិខិត”។ ជំនឿនេះ គឺសម្រាប់តែជនអវិជ្ជាប៉ុណ្ណោះ! កាលណាយើងអវិជ្ជា គឺមានតែពឹងលើក្បួនតម្រាចាស់ៗ ហើយនាំគ្នាអភិរក្សប៉ុណ្ណោះ។ ខ្ញុំមិនមែនមានន័យថា យើងត្រូវតែទាត់ចោលក្បួនតម្រាទាំងនោះចោលទាំងស្រុងទេ។ អ្វីដែលខ្ញុំនិយាយគឺ យើងត្រូវនាំគ្នារៀនឲ្យមានចំណេះ, ចេះគិតក្រៅប្រអប់ដោយប្រឌិតភាព, មិនត្រូវពឹងលើក្បួនទាំងស្រុងឡើយ  ព្រោះក្បួនវិន័យខ្លះ ល្អសម្រាប់ជំនាន់នោះ តែមិនអាចអនុវត្តក្នុងជំនាន់នេះ។ ខ្មែរយើង មានច្បាប់ក្បួនច្រើនណាស់, ប៉ុន្តែយើងត្រូវដឹងថា បើកាលណាមានអ្នកដឹកនាំជាគំរូល្អ គេមិនចាំបង្កើតក្បួនច្បាប់ច្រើនពេកទេ។ ច្បាប់ខ្លះ បង្កើតឡើងជាបច្ចេកទេស សម្រាប់ចម្រាញ់យកប្រយោជន៍ប៉ុណ្ណោះ។ ដែលហៅថាអ្នកដឹកនាំល្អ គឺមិនមែនចាំបាច់ ទាល់តែអ្នកនោះ ជាអ្នកមានអំណាច, មានបុណ្យសក្តិ, លុយកាក់ហូរហៀរ ទើបអាចដឹកនាំនោះទេ។ អ្នកដឹកនាំល្អ គឺខ្លួនយើងនេះឯង។ បើយើងឳពុកម្តាយ ចង់ឲ្យកូនល្អ, យើងត្រូវប្រព្រឹត្តិជាគំរូ។ បើយើងជាបង ចង់ឲ្យប្អូនៗល្អ, យើងត្រូវប្រព្រឹត្តិជាគំរូ។ បើយើងជាគ្រូ ចង់ឲ្យសិស្សល្អ, យើងត្រូវប្រព្រឹត្តិជាគំរូ។ បើយើងជាអ្នកកាន់អំណាច ចង់ឲ្យប្រជាពលរដ្ឋ, យើងត្រូវប្រព្រឹត្តិជាគំរូ។ បើនិយាយឲ្យអាក្រក់ស្តាប់ មនុស្សយើង ទោះមានវិចារណញ្ញាណ សម្រាប់គិតថ្លឹងថ្លែងយ៉ាងណាក៏ដោយ ក៏នៅតាមសភាគតិដូចសត្វស្វា សេកសេក ដែលត្រាប់តៗគ, គឺ Monkey sees, monkey do – ស្វាឃើញ ស្វាធ្វើ (ត្រាប់តាម)។ បើយើងសំអាងលើសុភាសិតតែមួយមុខ ដែលនិយាយថា “ពុតគ្រូកុំត្រាប់ ច្បាប់គ្រូសឹមយក”នោះ គឺទៅមិនរួចទេ។ អាហ្នឹង គេហៅថា គីង្គក់ លក់ថ្នាំស្រែង!!!

2 thoughts on “ល្ងង់ងាយគេបោក, ហើយបន្ទាប់ពីដឹងថា ត្រូវគេបោក ក៏តាំងងចិត្តសង្ស័យរហូត

  1. ផែនទីខ្មែរបានបាត់ក្នុងផែនទីពីភពលោកកាលសម័យមុនមួយសារហើយ សម័យនេះមិនអាចបាត់ តែប្រហែលជាបាត់ជនជាតិជាម្ចាស់ស្រុកម្ដង… យូរៗទៅម្ចាស់ស្រុកនឹងក្លាយជាជនជាតិភាគតិច

  2. Hello:

    I am Jessica Francis. I am from Germany. I am now conducting a research study on Bloggers in Cambodia as part of my master thesis. This master thesis analyses the role of blogs, especially Journalistic Gatekeeper Blogs, in the Cambodian Media system.

    The Freedom of Press in Cambodia is concerned not free by Freedom House. TV and Radio are mostly controlled by the government and only a few newspapers dare write critically about the government or certain connected subjects – then fearing defamation and threats.

    http://www.surveymonkey.com/s/T9WH82B

    This survey is the foundation of the master thesis trying to give an overview of the complete blogosphere in Cambodia.

    Resulting from this survey in a more advanced stage this thesis will focus on blogs on subjects as society, human rights, politics etc. (Journalistic Gatekeeper Blogs)

    The aim is to show in which extent these blogs take over the function of traditional media in Cambodia for the Internet is mostly free from censorship. Although only used by 1 percent of the Cambodians the www is an upcoming platform of expression particularly for young people. Cambodian bloggers are organized as cloggers since 2007.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s