សូមចែករំលែកការពិចារណាមួយ អំពីខ្លឹមសារនៃពាក្យដែលគួរដឹង៖
ការឆ្លើយតប និងប្រតិកម្ម គឺជាវេវចនស័ព្ទ ប៉ុន្តែមានតម្លៃវិជ្ជមាន និងអវិជ្ជមាន ផ្សេងគ្នា។
ការឆ្លើយតប គឺធ្វើឡើង ដោយស្មារតី ទទួលខុសត្រូវ។ គឺមានន័យថា មានការថ្លឹងថ្លែង ល្អិតល្អន់ មុននឹងឆ្លើយតប។ ភាសាអង់គ្លេសហៅថា Response ហើយកាលណា Response + ability គឺមានន័យថា សមត្ថភាពឆ្លើយតប ដែលក្លាយទៅជាភាពទទួលខុសត្រូវ។
ប្រតិកម្ម គឺជាឆ្លើយតប ដោយគ្មានការព្រៀងទុក, គ្មានការពិចារណា, គ្មានការត្រិះរិះ, គ្មានការគ្រប់ ប្រៀបដូចខ្ទះខ្លាញ់ ដែលកំពុងឆាម្ហូប ហើយយើងចាក់ទឹកចូលទៅ ក៏ប្រតិកម្មឆេះសន្ធោសន្ធៅដូច្នោះ។ ភាពអង់គ្លេសហោថា Reaction រីឯកាយវិការដែល ដែលរងចាំតែប្រតិកម្ម គ្មានដឹងក្បាលកន្ទុយអីសោះនោះ គេហៅថា ប្រតិកិរិយា – Reactionary ។
ជម្រើសនៃការប្រើប្រាសវេវចនស័ព្ទនីមួយ គួរស្វែងយល់អោយច្បាស់ មុននឹងយកមកប្រើ, កុំសំអាងលើសំឡេងពិរោះ ហើយយកមកប្រើ អោយឡូយថូយនោះ។ ការប្រើពាក្យច្បាស់លាស់ អ្នកអានអាចយល់ ដល់គោលគំនិត និងចរិតលក្ខណៈ របស់អ្នកសរសេរ បានដោយងាយ ពុំបាច់មានការពន្យល់ច្រើន។
អង្គការ ឬអង្គភាពឆ្លើយតបរហ័ស និង អង្គការ ឬអង្គភាពប្រតិកម្មរហ័ស ទោះបីមានតួនាទីដូចគ្នា ប៉ុន្តែមានខ្លឹមសារ ឬសមត្ថភាពផ្សេងគ្នា។ តួយ៉ាងដូចនៅក្នុងរូបភាពនេះ គឺជាប្រតិកម្មនៃសារធាតុគីមី។ នៅក្នុងស្ថានភាពមួយ តើយើងចង់ឆ្លើយតបជាមនុស្ស ឬមានប្រតិកម្មដូចជាសារធាតុគីមី???