ទុក្ខសោកថ្ងៃនេះ គឺជាកម្មនៃថ្ងៃម្សិល។ ភាពរីករាយនៅថ្ងៃស្អែក គឺជាកម្មនៃថ្ងៃនេះ។ បើខ្មែរម្នាក់ៗ ជឿថា ទុក្ខសោករបស់ខ្លួនសព្វថ្ងៃ គឺជាកម្មពីជាតិមុន, ដូច្នេះមានន័យថា ខ្មែរសឹងមួយនគរ សុទ្ធតែជាអ្នក មានបាបកាលពីជាតិមុន? បើខ្មែរសឹងមួយនគរ សុទ្ធតែជាអ្នក មានបាបកាលពីជាតិមុន, អ៊ីចឹងមានន័យថា ប្រទេសខ្មែរសព្វថ្ងៃ គឺជាស្ថាននរក ដែលគេត្រូវរស់នៅ ដើម្បីសងកម្មពីជាតិមុន? តាមពិត កម្មថ្ងៃនេះ បណ្ដាលមកពី សកម្មភាព ឬអសកម្មភាព នៃថ្ងៃម្សិលទេដឹង? តាមធម្មតា បើគេដាំដើមឈើស៊ីផ្លែមួយដើម នៅក្នុងថ្ងៃនេះ រួចហើយមើលថែទាំជាប្រចាំ, ថ្ងៃក្រោយគេនឹងបានរីករាយ ជាមួយនឹងផ្លែផ្ការបស់វា។ ភាពក្រខ្សត់បច្ចុប្បន្ន បណ្ដាលមកពី ការធ្វើខុស (ឬអត់ធ្វើសោះ) ពីអតីតកាលទេដឹង? យើងរស់នៅក្នុងសង្គមសក្ដិភូមិ ប្រហែលមកពី តាំងពីដើមមក យើងនាំគ្នាសាបព្រោះ តែគ្រាប់ពូជ នៃឥរិយាបថសក្ដិភូមិទេដឹង? ការជិះជាន់ បំបិទសេរីភាព បំពានសិទ្ធិមនុស្ស នៅថ្ងៃនេះ, អាចមកពីយើង មិនដែលបានលើកតម្កើង សាបព្រោះគ្រាប់ពូជនៃឥស្សរភាព កាលពីថ្ងៃម្សិលទេដឹង? ណ្ហើយ, ខ្ជិលគិតច្រើន នាំតែឈឺក្បាល! បន្ទោសទេវតា, បន្ទោសព្រះឥសូរ, បន្ទោសព្រហ្មលិខិតវិញទៅ វាស្រួលជាង!!!