ឥរិយាបថ គឺ​ជា​អ្វីៗ​គ្រប់​យ៉ាង


មានអ្នកអានមួយចំនួន បានដេញដោលសួរ អំពីពាក្យឥរិយាបថ ហើយបានកែតម្រូវខ្ញុំផងដែរ ចំពោះនិយមន័យរបស់ពាក្យឥរិយាបថ។ ខ្ញុំសូមធ្វើការពន្យល់ដូចតទៅ តាមការយល់ដឹងរបស់ខ្ញុំ៖

ឥរិយាបថ មិនមែនត្រឹមតែជាកាយវិការ ឬរបៀប ដេក, ដើរ, ឈរ, អង្គុយ ដែលជាការយល់ដឹង មានកម្រិតនោះឡើយ។ ឥរិយាបថគឺសំដៅទៅលើ ផ្នត់គំនិតនៃរបៀបឆ្លើយតប ទៅនឹងជីវិតនៃមនុស្សម្នាក់ៗ។ របៀបដែលយើង ទទួលព័ត៌មានពីខាងក្រៅ ហើយឆ្លើយតបវិញ តាមសកម្មភាព គឺជាឥរិយាបថ។ ការឆ្លើយតប ដោយគ្មានការថ្លឹងថ្លែងពិចារណា ចំពោះអ្វីដែលកើតឡើងដល់ខ្លួន គឺឥរិយាបថប្រតិកម្ម។ ការឆ្លើយតប ដោយស្មារតីខ្ពស់ ចំពោះអ្វីដែលកើតឡើងដល់ខ្លួន គឺឥរិយាបថបរិសកម្ម។ ដូច្នេះហើយបានគិតថា ឥរិយាបថ គឺអ្វីៗគ្រប់យ៉ាងទាំងអស់។

ចំណែកឯការនិយាយថា “ឥរិយាបថរបស់ខ្ញុំយ៉ាងណា គឺអាស្រ័យទៅលើ ឥរិយបថរបស់អ្នក”នោះ គឺជារឿងស្ទើរតែធម្មតារបស់មនុស្សក្នុងលោក បង្ហាអំពីឥរិយាបថប្រតិកម្ម ដែលមានន័យថា បើអ្នកទះកំភ្លៀងខ្ញុំ ខ្ញុំនឹងទះកំភ្លៀងអ្នកវិញ។ ពាក្យខ្មែរនិយាយថា ពៀររំងាប់ដោយការមិនចងពៀរ គឺសំដៅទៅលើ ឥរិយាបថបរិសកម្មនេះឯង ដែលជាការឆ្លើយតប ដោយស្មារតីខ្ពស់ មានការគិតពិចារណាវែងឆ្ងាយ។

គ្មាន​រឿង​ចៃដន្យ!


បរាជ័យមិនមែនជាអ្វី ដែលអាចកើតឡើង នៅក្នុងពេលតែមួយយប់ ឬមួយថ្ងៃនោះឡើយ។ បរាជ័យគឺជាការបូកចូលគ្នា យ៉ាងយឺតសន្សឹមៗ ទាំងមិនដឹងខ្លួន នូវកំហុសតូចៗ ជាប្រចាំថ្ងៃ នៅក្នុងរយៈពេលយូរអង្វែង។ បរាជ័យមិនមែនជារឿងចៃដន្យ, ហើយជោគជ័យក៏ដូចគ្នា។ អ្វីៗដែលកើតឡើងនៅក្នុងលោក សុទ្ធតែមានមូលហេតុរបស់វា។ ភាពចៃដន្យ គឺគ្រាន់តែជាអ្វី ដែលយើងមិនយល់ ឬមិនចង់ទទួលខុសត្រូវប៉ុណ្ណោះ។ ប្រទេសខ្មែរដូចសព្វថ្ងៃ មិនមែនជាអ្វីដែល កើតឡើងដោយចៃដន្យ ឬដោយសារព្រហ្មលិខិតនោះទេ។ អ្វីដែលកើតឡើង គឺមកពីមានអ្នកធ្វើ និងមានអ្នកបណ្ដោយ អោយគេធ្វើតាមចិត្ត។