ជំរើស


មនុស្ស ច្រើន គ្នា តែង និយាយ អំពី សេរីភាព នៃ ការជ្រើសរើស, ប៉ុន្តែ ពេល គេ ធ្វើ អ្វី មួយ, គេតែង មាន អារម្មណ៍ ថា ដូច ត្រូវ គេ បង្ខំ ហើយ រអ៊ូ ឥត ឈប់។ តើ អ្វី ដែល យើង ត្រូវ ធ្វើ ដើម្បី ភាពប្រសើរ នៃ ជីវិត ខ្លួនឯង ឬ សង្គមជាតិ ទាំងមួល គឹឺ ជា រឿង ដែល ត្រូវ គេ បង្ខំ ហើយ យើង ត្រូវតែ ធ្វើ ដោយ គ្មាន ជំរើស ណា ផ្សេង ឬ?

តើ អ្នក ត្រូវតែ ធ្វើការ ឬ? តើ អ្នក ត្រូវតែ ទៅ រៀន ឬ? ចម្លើយ ដ៏ ងាយ បំផុត គឺ អត់ ទេ! អ្នក អាច ជ្រើសរើស ដេក សំដិល នៅ លើ គ្រែ — ចង់ ផ្កាប់ ក៏ បាន, ចំទាំង ក៏ បាន — អ្នក អាច ធ្វើ ពុត ឈឺ  ដើម្បី គេចវេស ពី ការងារ មួយ ថ្ងៃ ដើម្បី បាន នៅ ស៊ីផឹក ជាមួយ ក្លើម្រាក់, អត់ មាន អ្នកណា បង្ខំ ទេ។

ដូច្នេះ, មនុស្ស ម្នាក់ ឆក់ប្លន់ គេ គឺ ជា ជំរើស, ប៉ុន្តែ គេ ដាក់ កំហុស ទៅ លើ កាលៈទេសៈ នៃ ជីវិត  ដែល បង្ខំ អោយ គេ ធ្វើ រឿង អាក្រក់ ដើម្បី រស់។ មនុស្ស ម្នាក់ ខ្ជីខ្ជា ក្នុង ការសិក្សា គឺ ជា ជំរើស, ប៉ុន្តែ គេ ដាក់ កំហុស ទៅ លើ ស្ថានភាព ជីវិត ដែល បង្ខំ អោយ គេ បោះបង់ ការសិក្សា។

សរុប សេចក្ដី មក, គឺ គ្មាន អ្នកណា បង្ខំ ឡើយ។ ភាពលំបាក គឺ ជា ផ្នែក ចាំបាច់ នៃ ជីវិត សម្រាប់ ពង្រឹង មនុស្ស អោយ កាន់ តែ រឹងមាំ។ ចង់ ឬ មិន ចង់, អត់ មាន អ្នកណា បង្ខំទេ, ប៉ុន្តែ ចូរ ចងចាំ ថា ការសប្បាយ មួយ គ្រា គឺ បាន មក ដោយ ការដោះដូរ នឹង ទុក្ខលំបាក។ មាន ន័យ ថា, អ្វីៗ ទាំងអស់ នៅ ក្នុង ជីវិត គឺ សុទ្ធតែ ត្រូវ បង់ តម្លៃ — ប្លែកគ្នា ត្រង់ ថា, អ្នក ចង់ បង់ តម្លៃ ជាមុន ហើយ សប្បាយ តាម ក្រោយ ឬ សប្បាយ សិន សឹម បង់ តម្លៃ តាម ក្រោយ ប៉ុណ្ណោះ។ ទោះ ជា ជ្រើស យក មួយ ណា ក៏ អត់ មាន អ្នកណា បង្ខំ ដែរ, ប៉ុន្តែ ជំរើស នីមួយៗ សុទ្ធតែ មាន ផល របស់ វា។ សូម កុំ ស្រែក រអ៊ូថា ខ្លួន គ្មាន ជំរើស!!!

Choices

ហេតុ និង ផល


នៅក្នុងលោកនេះ មានវិបត្តិច្រើនរាប់មិនអស់ ប៉ុន្តែវិបត្តិភាគច្រើន ដែលកើតឡើងចំពោះមនុស្សម្នាក់ៗ គឺជាផលនៃភាពល្ងង់ខ្លៅរបស់ខ្លួន។ ប៉ុន្តែការប្រឈមមុខ ទទួលស្គាល់ភាពល្ងង់ខ្លៅរបស់ខ្លួន គឺជាការពិបាកជាង ការឡើងកំពូលភ្នំហេមពាន្តទៅទៀត, ដូច្នេះការបន្ទោសអ្នកដទៃ, បន្ទោសស្ថានភាព, បន្ទោសកាលៈទេសៈ, បន្ទោសព្រហ្មលិខិត គឺជាការងាយស្រួល ដើម្បីកុហកខ្លួនឯង អោយបានធូរស្រាលមួយពេល។ ទោះយ៉ាងណាក្ដី, ការពិតនៅតែការពិត, ហើយបញ្ហាដែលកើតឡើង ដោយសារភាពល្ងង់ខ្លៅរបស់ខ្លួន នៅតែជាបញ្ហាដដែល។

Most problem are the effect of one's own ignorance

សម្ភារៈ​និង​ភាព​រីករាយ


ជោគជ័យផ្នែកសម្ភារៈ ធ្វើអោយយើងរីករាយ តែនៅពេលណា យើងរីករាយស្រាប់តែប៉ុណ្ណោះ។

Material success make you happy only when you're already happy