ការរិះគន់ស្ថាបនា និងការរិះគន់បន្តុះបង្អាប់


good-bad-critic
ដោយបុត្រាខ្មែរ

ការរិះគន់ គឺជារឿងសំខាន់ចាំបាច់ សម្រាប់ផ្តល់ពត៌មាន ឆ្លើយតបទៅនឹងកិច្ចការ ឬគំនិតណាមួយ។ ការរិះគន់ ចែកចេញជាពីរយ៉ាង៖ រិះគន់ស្ថាបនា និងរិះគន់បន្តុះបង្អាប់។ ការរិះគន់ស្ថាបនា មិនមែនមានន័យថា យើងត្រូវសរសើរ ឬលើកតម្កើងងអ្នកណានោះទេ។ ការរិះគន់ស្ថាបនា គឺការចង្អុលបង្ហាញនូវចំណុចខ្វះខាត និងផ្តល់ជូននូវគំនិតថ្មី ដើម្បីកែតម្រូវឲ្យបានល្អប្រសើរ។ ពោលគឺ ដើម្បីរិះគន់ស្ថាបនា, មនុស្សម្នាក់តោងយល់ដឹងផងដែរ អំពីអ្វីដែលគេកំពុងរិះគន់។

រីឯការរិះគន់បន្តុះបង្អាប់ គឺការរង់ចាំតែបន្ថោកតម្លៃ។ មនុស្សប្រភេទនេះ ច្រើនជាមនុស្សមិនសូវស្រឡាញ់ ឬគោរព ផ្តល់តម្លៃខ្លួនឯងប៉ុន្មានឡើយ។ ជារឿយៗ គេតែងមានអារម្មណ៍ច្របូកច្របល់ រសេះរសោះក្នុងចិត្ត ហើយតែងសម្លឹងឃើញតែអំពីចំណុចអាក្រក់ ទាំងចំពោះខ្លួនឯង, ទាំងចំពោះអ្នកដទៃ។ ភាគច្រើន គេបន្តុះបង្អាប់អ្នកដទៃ ដោយយល់ថា អាចធ្វើឲ្យគេធូរស្បើយក្នុងចិត្ត ប៉ុន្តែតាមពិត គេមានអារម្មណ៍កាន់តែមិនល្អលើសដើម ពីព្រោះគំនិតអវិជ្ជមានរបស់គេ ទាក់ទាញរឿងអវិជ្ជមានដូចគ្នា។

ការសិក្សាផ្នែកចិត្តវិទ្យា បានបង្ហាញថា គ្មានអ្វីបំផ្លិចបំផ្លាញដួងចិត្តមនុស្ស ច្រើនជាងការរិះគន់បន្តុះបង្អាប់នេះឡើយ។ អ្នកដែលរងការរិះគន់បន្តុះបង្អាប់ តែងទទួលអារម្មណ៍មិនល្អ, ខឹង, ហើយភាគច្រើន កាន់តែចចេស បញ្ឈឺយកឈ្នះ លែងខ្វល់ខុសត្រូវ។

រីឯការបន្តុះបង្អាប់របស់ឳពុកម្តាយ ដែលធ្វើដាក់កូនរបស់ខ្លួន គឺដូចជាការដាក់បណ្តាសារ ឬដាក់ទំនាយអវិជ្ជមាន ដែលក្រោយមក ច្រើនតែក្លាយទៅជាការពិត។ ឧទាហរណ៍ ម្តាយជេរដៀលកូន ថាអាគុក, អាច្រវាក់, អាគ្មានកំណើត..។ល។ ការតិះដៀលដដែលៗបែបនេះ ក៏ក្លាយទៅជាជំនឿមួយ ដក់ជាប់នៅក្នុងចិត្តរបស់កូន, ទាំងដឹងខ្លួនក្តី ឬមិនដឹងខ្លួនក្តី, ហើយថ្ងៃណាមួយក្រោយមកនោះ ក៏ក្លាយទៅជាដូចគាត់ថាមែន។ នេះគឺទំនាយសម្រេចដោយខ្លួនឯង – self-fulfilled prophecy ។

ដូច្នេះ ក្នុងនាមជាឳពុកម្តាយ, ភារកិច្ចដ៏ចម្បង និងដ៏ប្រពៃបំផុតគឺ ក្រៅពីការគ្រាន់តែចិញ្ចឹមឲ្យធំធាត់ផ្នែករាងកាយ, ឳពុកម្ដាយគួរផ្តល់ការស្រឡាញ់យ៉ាងកក់ក្តៅ និងអប់រំកូនរបស់ខ្លួន អោយមានការជឿជាក់ និងមានដំណើរយល់ដឹងដោយវិជ្ជមានចំពោះខ្លួនឯង (positive self-concept)។ តាមការសិក្សាដដែល, ក្មេងដែលធំឡើង មានមារយាទអន់, មានបុគ្គលិកលក្ខណៈមិនល្អ គឺច្រើនតែពុំបានទទួលការស្រឡាញ់ ថែទាំគ្រប់គ្រាន់ នៅក្នុងកំឡុងនៃការកំពុងលូតលាស់។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s