ប្រភពអត្ថបទ វិគីភេឌាខ្មែរ

ក្លោងទ្វារវត្តចន្ទរង្សី នៅទីក្រុងព្រៃនគរ ។
ក្រុងព្រៃនគរ ជាអតីតទឹកដីកម្ពុជា។ ក្រុងព្រៃនគរ មានឈ្មោះថា សៃហ្គន (Saigon) ក្នុងសម័យយួនខាងត្បូង អាធីវគីកាន់កាប់។
ព្រៃនគរ ជាទីក្រុងដ៏សំខាន់ និងជាទីប្រជុំកិច្ចការនៃរដ្ឋការធំនៅក្នុងដែនកម្ពុជាក្រោម និងជាអតីតកំពង់ផែពាណិជ្ជកម្ម ដ៏សំខាន់មួយនៃអាណាចក្រខ្មែរ នៅមុនពេលជនជាតិយួន ភៀសខ្លួនមករស់នៅក្នុងអំឡុងសតវត្សរ៍ទី ១៧។ ក្រោយពេល ស្តេចខ្មែរ ព្រះបាទ ជ័យជេដ្ឋាទី២ (១៥៧៣–១៦២៧) បានរៀបអភិសេកជាមួយស្នំស្តេចយួនមក ព្រៃនគរត្រូវបានជនជាតិយួនហៅថា ខេត្តយ៉ាឌិន (Gia Định Thành) នាឆ្នាំ១៧៩០ តាមស្តេចឈ្មោះ ង្វៀង អាញ់ (Nguyễn Ánh)។ ក្រោយពេលបារាំង កាន់កាប់ទីក្រុងព្រៃនគរ នាឆ្នាំ ១៨៥៩ នៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ ១៨៧៤ ប្រធានាធិបតីបារាំងឈ្មោះ Jules Grévy បានចេញបទបញ្ជាមួយ ក្នុងការបង្កើត ព្រៃនគរ ទៅជាទីក្រុងសៃហ្គន (Thành Phố Sài Gòn)។ ក្នុងសម័យអាណានិគមនិយមបារាំង ព្រៃនគរ ជាមជ្ឈមណ្ឌលដ៏សំខាន់ មិនត្រឹមតែពាណិជ្ជកម្មទេ ប៉ុន្តែថែមទាំងជា មជ្ឈមណ្ឌលរដ្ឋបាល វប្បធម៌ និង អប់រំទៀតផង ទូទាំងសហព័ន្ធឥណ្ឌូចិន និងត្រូវបានគេចាត់ទុកថាជា “ទីក្រុងប៉ារីសនៃបូព៌ាប្រទេស” (Paris in the Orient) ។
ក្រោយពីរបបសាធារណរដ្ឋវៀតណាម ដែលមានសហរដ្ឋអាមេរិកគាំទ្រ បានដួលរលំនាថ្ងៃទី ៣០ ខែមេសា ឆ្នាំ១៩៧៥ ទីក្រុងព្រៃនគរ ត្រូវបានបក្សកុម្មុយនីស្តវៀតណាម ប្តូរឈ្មោះជាភាសាយួនថា ទីក្រុងហូជីមិញ (Thành phố Hồ Chí Minh) ដើម្បីរំឮក ដល់ឈ្មោះមេដឹកនាំ បក្សកុម្មុយនីស្តយួន ហូ ជីមិញ ។ បច្ចុប្បន្ន ព្រៃនគរ ជាទីក្រុងដែលមានប្រជាជនរស់នៅច្រើនជាងគេ និងជាមជ្ឈមណ្ឌល សេដ្ឋកិច្ច, វប្បធម៌, និងអប់រំ ដ៏សំខាន់របស់សាធារណរដ្ឋសង្គមនិយមវៀតណាម។
ភូមិសាស្ត្រ
ទីក្រុងព្រៃនគរ ឋិតនៅចំកណ្តាលបេះដូងនៃតំបន់ទាំងពីរគឺ តំបន់វាលទំនាប (Tây Nam Bộ ) និងតំបន់ដូនណៃ (Đông Nam Bộ) របស់ដែនដី កម្ពុជាក្រោម និងមានទីតាំងខាងជើង ជាប់នឹងខេត្តទួលតាមោក (Thủ Dầu Một ) បច្ចុប្បន្នជា ខេត្តបិនភឿក (Bình Phước), ពាយ័ព្យជាប់នឹងខេត្តរោងដំរី (Tây Ninh), ខាងកើត និងឦសាន ជាប់នឹងខេត្តដូនណៃ (Đồng Nai), អាគ្នេយ៍ជាប់នឹងខេត្តអូរកាប់ (Bà Rịa – Vũng Tàu), ខាងលិច និងទិសនិរតី ជាប់នឹងខេត្តកំពង់គោ (Long An) និង ខេត្តមេ-ស (Tiền Giang)។ ពីទីក្រុងព្រៃនគរ ទៅទីក្រុងហាណូយភាគខាងជើង នៃប្រទេសវៀតណាម មានចម្ងាយប្រមាណ ១.៧៣ គីឡូម៉ែត្រ និងចម្ងាយ ៥០ គីឡូម៉ែត្រ ទៅសមុទ្រចិនខាងត្បូង (South China Sea)។ ចំពោះអាស៊ីអាគ្នេយ៍, ទីក្រុងព្រៃនគរ ជាចំណុចរួម នៃផ្លូវគមនាគមន៍ដ៏សំខាន់ រួមមាន ផ្លូវគោក ផ្លូវទឹក និងផ្លួវអាកាស តភ្ជាប់នឹងខេត្តនានានៅក្នុងតំបន់ និងជាច្រកអន្តរជាតិ ផងដែរ។
និរុត្តិសាស្ត្រ
ខ្មែរ
ពាក្យ “ព្រៃនគរ” បើយោងតាម វចនានុក្រមខ្មែររបស់ សម្តេចព្រះសង្ឃ រាជ ជួន ណាត (ជោតញ្ញាណោ) ដែលបានបោះពុម្ព ដោយវិទ្យាស្ថានពុទ្ធសាស នបណ្ឌិត្យ បានបញ្ជាក់ថា៖
ព្រៃនគរ (ន.) ឈ្មោះក្រុងជាទីប្រជុំកិច្ចការនៃរដ្ឋការធំនៅក្នុងដែនកម្ពុជាក្រោម ។
ដូចនេះ ពាក្យថា “ព្រៃនគរ” យើងអាចកាត់ចេញជាពីរសព្ទ គឺ “ព្រៃ” និង “នគរ” ។ បណ្តាសព្ទទាំងពីរនេះ, សព្ទនីមួយៗ បើយោង តាមវចនានុក្រមខាងលើដដែល មានអត្ថន័យថា ៖
ព្រៃ (ន.) ប្រទេស ឬទីដីដែលមានរុក្ខជាតិ, លតាជាតិ, តិណជាតិ ដុះដេរដាស ទ្រុបទ្រុល : ព្រៃតូច, ព្រៃធំ។ ព្រៃរនាម ព្រៃក្នុងបឹង ឬក្នុងទីដែលមានទឹកលិចត្រាំនៅយូរ ។ ព្រៃរបោះ ព្រៃដែលមានដើមឈើរបោះៗ។ ព្រៃរំលោង ព្រៃស្រោងក្នុងទំនាប។ ព្រៃស្រោង ព្រៃក្នុងទីខ្ពស់ ដែលមានដើមឈើខ្ពស់ស្រោងៗ។ ព្រៃហ័តព្រៃហោង ព្រៃធំដែលឆ្ងាយដាច់ស្រយាល អំពីស្រុកភូមិ គួរស្ញើបគួរស្បើម ព្រោះតែងមានសត្រូវចាំបៀតបៀន ។ល។ (ម. ព. ជាំ, ញៀតស្បាត, ផ្សៃ ផង) ។
(គុ.) ដែលកើត, ដែលមាននៅក្នុងព្រៃ : សត្វព្រៃ, ក្របីព្រៃ, គោព្រៃ, ឆ្កែព្រៃ, មាន់ព្រៃ…; មនុស្សព្រៃ..។ ព. ប្រ. ព្រៃៗ ដែលមានបែបបទ ឬសណ្ដាប់ធ្នាប់ឆ្គងៗ, ឆ្វេងៗ : ឫកព្រៃៗ, សម្ដីព្រៃៗ, និយាយព្រៃៗ ។ នាំឲ្យព្រៃគំនិត នាំឲ្យទើសគំនិត, ឲ្យចង្អៀតគំនិត ។ល។
នគរ ន-គ សំ. បា. ( ន. ) បុរី, ក្រុង : អ្នកនគរ គឺអ្នកក្រុង ។
សរុបមក ពាក្យ “ព្រៃនគរ” មានន័យថា “នគរ, ប្រទេស ឬ ទីដីដែលមានព្រៃ” ឬ “នគរដែលមានមានរុក្ខជាតិ, លតាជាតិ, តិណជាតិ ដុះដេរដាស ទ្រុបទ្រុល”។
យួន
ក្រោយពីជនជាតិយួន ដែលបានភៀសខ្លួនពីតំបន់តុងកឹង (Tonkin) ឬ ហាណូយ (Hà Nội) ភាគខាងជើងនៃប្រទេសវៀតណាម មករស់នៅក្នុងទីក្រុង ព្រៃនគរ នាសតវត្សរ៍ ទី១៧, ព្រៃនគរត្រូវបានស្តេចយួនឈ្មោះ ង្វៀង-អាញ់ (Nguyễn Ánh) ប្តូរឈ្មោះជាភាសាយួនថា យ៉ាដិន (អក្សរយួនៈGia Định) (អក្សរចិន:嘉定) ។ នៅឆ្នាំ ១៨៦២ ក្រោយពេលបារាំង បានចូលកាន់កាប់ទីក្រុងព្រៃនគរ ពួកគេបានលុបឈ្មោះ យ៉ាដិន ចេញ ហើយបានប្តូរឈ្មោះជាផ្លូវការថា សៃហ្គន (Sài Gòn) វិញ ហើយឈ្មោះនេះ ត្រូវបានគេស្គាល់ជាសាធារណៈ រហូតមកដល់សព្វថ្ងៃ។ ទោះបីបារាំងបានលុបឈ្មោះយ៉ាដិន ហើយប្តូរទៅជា សាយហ្គន ហើយក្តី ក៏ឈ្មោះ យ៉ាដិនជាអក្សរចិន 嘉定 នៅតែត្រូវបានគេសរសេរនៅលើផែនទី sinitic រហូតដល់ឆ្នាំ ១៨៩១ ។
ពាក្យ «Sài Gòn» ក្នុងភាសាយួន នេះអ្នកខ្លះបានអះអាងថាជនជាតិយួននិយាយពាក្យ “ព្រៃនគរ” តាមខ្មែរមិនច្បាស់ ពេលដែលពួកគេបានភៀសខ្លួនមកដល់ព្រៃនគរដំបូង។ អ្នកដែលបានអះអាងយ៉ាងនេះ ដោយគេបានលើកហេតុផលថា ពាក្យ “សាយ” (Sài) នេះ ចេញមកពីពាក្យ “ព្រៃ” របស់ខ្មែរដែលជនជាតិយួននិយាយមិនច្បាស់។ ពាក្យ”ហ្គន” (Gòn) នេះ ជាភាសាយួន ប្រែថា “ដើមគ” (Cây Gòn) ឬ “ផ្កាគ” (Bông Gòn) ដែលពួកជនជាតិយួនបានបកប្រែចេញពីពាក្យ “នគរ” របស់ខ្មែរ។ តាមពិតពាក្យ “នគរ” ក្នុងភាសាខ្មែរមានន័យថា បុរី ឬ ក្រុង មិនមែនជា”ដើមគ” ឬ “ផ្កាគ” ទេ តែជនជាតិយួន ឮខ្មែរនិយាយថា”នគរ”ៗ ស្តាប់មិនច្បាស់ស្មានតែ “ដើមគ” ក៏នាំគ្នាហៅថា “សាយហ្គន” (Sài Gòn) រហូតមកដល់បច្ចុប្បន្ន។
តាមន័យមួយទៀត អ្នកខ្លះថា បានជាជនជាតិយួនហៅទីក្រុងព្រៃនគរ ថា Sài Gòn នោះ មកពីពេលដែលជនជាតិយួន បានភៀសខ្លួនចូលដល់ទឹកដីព្រៃនគរ បានឃើញ ដើមគ ជាច្រើនដែលពលរដ្ឋខ្មែរបានដាំនៅតំបន់នោះ។
ចិន
តាមការអះអាងមួយបែបទៀតថា ពាក្យ «Sài» ក្នុងភាសាយួននេះ ជាពាក្យយួនខ្ចីពីចិន (អក្សរចិនៈ 柴 ដែលបញ្ចេញសំឡេង តាមភាសាចិន ថា “ឆាយ” ឬ (Chay) មានន័យថា “ឧស, មែក, របងចម្រឹងការពារ, ស្វិតស្រពោន”) ។ ពាក្យ «Gòn» វិញក៏ជាពាក្យយួនខ្ចីពីចិនដែរ (អក្សរចិនៈ 棍 បញ្ចេញសំឡេងតាមភា សាចិនថា “សុង” ឬ Súng មានន័យថា “គល់ឈើ, ប៉ូល”)។ តែពាក្យ «Gòn» នេះមានន័យថា “សំឡី ឬ ផ្កាគ” ក្នុងភាសាយួនទៅវិញ ។
នៅប្រទេសចិន ទីក្រុងព្រៃនគរ ត្រូវបានគេហៅថា 西贡 បញ្ចេញសំនៀងថា Sai Gung តាមគ្រាមភាសាបញ្ចេញសំឡេងថា Sai Goong តាមចិនតាជីវ (Teochew) និង xīgòng តាមភាសាចិន កុកងឺ(Mandarin) ។
ប្រវត្តិ
ទីក្រុងព្រៃនគរ ត្រូវបានគេស្កាល់ជាទូទៅថា ទីក្រុងហូជីមិញ (TP Hồ Chí Minh) ឋិតនៅក្នុងតំបន់វាលទំនាបនៃដែនដី កម្ពុជាក្រោម ឬភាគខាងត្បូងនៃប្រទេសសាធារណរដ្ឋសង្គមនិយមវៀតណាម បច្ចុប្បន្ន។ មុនពេលជនជាតិយួន ភៀសខ្លួនមករស់នៅ នាសតវត្សរ៍ ទី ១៧, ព្រៃនគរ ជាទីក្រុងដ៏សំខាន់របស់ខ្មែរ និងមានពលរដ្ឋខ្មែរក្រោមរស់នៅរាប់សតវត្សរ៍មកហើយ។
ឆ្នាំ ១៦២៣ ព្រះបាទជ័យជេដ្ឋាទី២ ឬ ព្រះពញាញោម (១៥៧៣-១៦២៧) សោយរាជ្យនៅក្រុងឧត្តុង្គ ចាប់ពីឆ្នាំ ១៦១៨ ដល់ ១៦២៨ បានផ្តល់ឱកាសឲ្យស្តេចយួនត្រកូលង្វៀង (Nguyễn) ឈ្មោះ ង្វៀង-ផុកង្វៀង (Nguyễn Phúc Nguyên) (១៥៦៣–១៦៣៥) សោយរាជ្យពីឆ្នាំ ១៦១៣ ដល់ ១៦៣៥ បោះជំរុំទ័ព និង ជនភៀសខ្លួនយួននៅព្រៃនគរ ដើម្បីធ្វើសង្គ្រាម ជាមួយស្តេចយួនត្រកូលទ្រិញ (Trịnh) នៅភាគខាងជើងប្រទេសយួន ក្រោយពីស្តេចខ្មែរអង្គនេះ បានរៀបអភិសេកជាមួយបុត្រី ស្តេចយួនឈ្មោះ ង្វៀង-ផុកង៉ុកវ៉ាន (Nguyễn Phúc Ngọc Vạn) មកធ្វើជាមហេសីមក។ ដោយអំណាចនៃការរៀបអភិសេក បុត្រីយួនឲ្យស្តេចខ្មែរនេះហើយ បានធ្វើឲ្យស្តេចយួនត្រកូលង្វៀងខាងត្បូងធ្វើសឹកឈ្នះស្តេច យួនត្រកូលទ្រិញខាងជើង ហើយបន្ទាប់មក ស្តេចយួនត្រកូលង្វៀង ក៏បានទទួលជោគជ័យនូវមហច្ឆិតា លេបទឹកដី របស់ខ្មែរតាមគោលនយោបាយ “ដំណើរឆ្ពោះទៅ ទិសខាងត្បូង” (Cuộc Nam Tiến) យ៉ាងត្រចះត្រចង់ ។
សម័យអាណានិគមបារាំងពីឆ្នាំ ១៨៦២ ដល់ ១៩៥៤ ៖
យោងតាមសព្វាវចនាធិប្បាយវីគីភីឌា (Wikipedia), នៅឆ្នាំ ១៨៥៩ ពេលបារាំងត្រួតត្រាបាន ទីក្រុងព្រៃនគរភ្លាម ពួកគេក៏ចាប់ផ្តើមអភិវឌ្ឍតំបន់មួយនេះ ឲ្យក្លាយទៅជាទីក្រុងពាណិជ្ជកម្ម ដ៏ធំមួយ ដើម្បីបំពេញមហិច្ឆិតា ពង្រីកឥទ្ធិពលរបស់ខ្លួន នៅឥណ្ឌូចិន។ តាមគម្រោងដំបូងទីក្រុងព្រៃនគរ ត្រូវបានបូកបញ្ចូលទាំងតំបន់ផ្សារធំ ដែលភាសាយួនហៅ ចើលើង (Chợ Lớn ) ប៉ុន្តែដល់ឆ្នាំ ១៩៦៩ ដោយយល់ឃើញថា គម្រោងនៃការបង្កើតទីក្រុងនេះមានទំហំធំពេក ពិបាកក្នុងការរក្សាសន្តិសុខ រដ្ឋាភិបាលអាណានិគមបារាំង បានកាត់ ផ្តាច់តំបន់ផ្សារធំចេញ ពីទីក្រុងព្រៃនគរ យ៉ាងឆាប់រហ័ស។ ក្រោយពីការបង្កើតគម្រោងនេះមិនយូរប៉ុន្មាន អាគារធំៗ សំខាន់ៗរបស់ទីក្រុង ដែលបានកសាងតាមបែបបស្ចិមប្រទេស ដូចជា អាគារទេសាភិបាលដែនកូស័ងស៊ីន និងវិមាននរោត្តម ត្រូវបានដំណើរសាងសង់។ ក្រោយពីកសាងអាគារនេះ និងធ្វើការអភិវឌ្ឍរួចមក មុខមាត់នៃទីក្រុងព្រៃនគរមានការផ្លាស់ប្តូរ គួរឲ្យកត់សម្គាល់ ។
គួរកត់សម្គាល់ផងដែរ អាគារវិមាននរោត្តម ត្រូវបានលោកទេសាភិ បាលដែនកូស័ងស៊ីន Lagrandière ប្រារព្ធពិធីសម្ពោធិ៍ បញ្ចុះបឋមសិលា ជាលើកដំបូងនៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ១៨៦៨ ដើម្បីដំណើរការសាងសង់ អាគារទេសាភិបាលថ្មីមួយនេះ នៅទីក្រុងព្រៃនគរជំនួសឲ្យអាគារចាស់ដែល បានកសាងដោយឈើកាលពីឆ្នាំ ១៨៦៣ ។ អាគារថ្មីនេះ កសាងរហូតដល់ឆ្នាំ ១៨៧៣ (៥ ឆ្នាំ ) ទើបបានសម្រេចជាស្ថាពរ ដែលមានវិស្វករ Hermite ជាអ្នករៀបគម្រោងសំណង់ ។ ក្រោយពីបានកសាង សម្រេចជាស្ថាពរ គេបានដាក់ឈ្មោះអាគារនេះថា វិមាននរោត្តម និងផ្លូវនៅមុខអាគារនេះ ក៏ត្រូវបានគេដាក់ឈ្មោះថា វិថីនរោត្តម ដែរ ដើម្បីឧទ្ទិសដល់ព្រះករុណាព្រះបាទ សម្ដេចព្រះនរោត្តម (១៨៣៤ – ១៩០៤) ជាព្រះចៅ ក្រុងកម្ពុជាធិបតី នាពេលនោះ ។
គម្រោងការណ៍ (ប្លង់) របស់ទីក្រុងព្រៃនគរ នាពេលនោះ ត្រូវបានរៀបចំឡើងតាមបែបអ៊ឺរុប ដោយមានបង្កើតការិយាល័យ និងស្ថាប័នរដ្ឋបាលជាច្រើនដូចជា វិមានទេសាភិបាល, អាគារមន្ត្រីក្រសួងមហាផ្ទៃ, តុលាការ, សាលាឧទ្ធរណ៍, សាលាដំបូង, តុលា ការពាណិជ្ជកម្ម, និង វិហារសម្តេចសង្ឃកាតូលិក ជាដើម ។
ឆ្នាំ ១៨៦២ ព្រៃនគរត្រូវបានប្តូរឈ្មោះទៅជាសាយហ្គង (Sai Gon)។ ដល់ឆ្នាំ ១៨៦៧ អភិបាលកិច្ចទីក្រុងព្រៃនគរ បានប្រគល់ ទៅឲ្យគណៈកម្មការទីក្រុងដែលមានប្រធានមួយរូប និងសមាជិកគណៈកម្មការ ១២ រូប ជាអ្នកគ្រប់គ្រង ។
ថ្ងៃទី ១៥ ខែមីនា ឆ្នាំ ១៨៧៤ ប្រធាធិបតីបារាំង Jules Grévy បានចេញបទបញ្ជាមួយ ក្នុងការបង្កើតព្រៃនគរ ទៅជាទីក្រុង ដោយមានទេសាភិបាលក្រុង (résident-maire ) ជាជនជាតិបារាំង ។
ឆ្នាំ ១៨៧៦ រដ្ឋាភិបាលបារាំង បានបែងចែកដែនកម្ពុជាក្រោម ចេញជា ៤ តំបន់រដ្ឋបាលធំៗ ហៅថា circons cription administrative ក្នុងតំបន់នីមួយៗ ត្រូវបានបែងចែកចេញជានិគម តូចៗ (arrondissement ) ដូចខាងក្រោម៖
- តំបន់ព្រៃនគរ (Sai Gon) មាន ៥ និគម
- តំបន់មេស (My Tho) មាន ៤ និគម
- តំបន់លង់ហោរ (Vinh Long) មាន ៤ និគម
- តំបន់បាសាក់ (Ba Sac) មាន ៦ និគម
តំបន់ព្រៃនគរ បានបែងចែកចេញជា ៥ និគមរួមមាន៖
- រោងដំរី (Tây Ninh)
- ទួលតាមោក (Thủ Dầu)
- ត្រពាំងចង្វា (Biên Hòa)
- បារៀ (Bà Rịa)
- ព្រៃនគរ (Gia Định)
លុះដល់ឆ្នាំ ១៨៧៩ រដ្ឋាភិបាលបានបង្កើតបន្ថែមនូវគណៈកម្មការទីរួមខេត្តព្រៃនគរ មួយទៀត។
ក្រោយពេលបារាំងចូល ត្រួតត្រាទីក្រុងព្រៃនគរ គេសង្កេតឃើញ ឥទ្ធិពលវប្បធម៌ និងសាសនានៃបស្ចិមប្រទេសក៏បានហូរ ចូលមកដែនដីកម្ពុជាក្រោមផងដែរ។ ឥទ្ធិពលទាំងនេះ អាចបញ្ជាក់បានតាម រយៈការកសាង អាគារផ្សេងៗ តាមបែបបស្ចិមប្រទេស និងជនជាតិយួនជាច្រើន បានប្តូរពីសាសនាព្រះពុទ្ធ ទៅជាសាសនាកាតូលិក។ ចំណែកខ្មែរក្រោមរក្សាគោលជំហរ ក្នុងការគោរពព្រះពុទ្ធសាស-នាថេរវាទដដែល។
ក្នុងសម័យអាណានិគមនិយមបារាំង ទីក្រុងព្រៃនគរជាមជ្ឈមណ្ឌលដ៏សំខាន់ មិនត្រឹមតែពាណិជ្ជកម្មទេ វាថែមទាំងជា មជ្ឈមណ្ឌលរដ្ឋបាល វប្បធម៌ និងអប់រំទូទាំងសហព័ន្ធឥណ្ឌូចិន និងត្រូវបានគេចាត់ទុកថាជា “ទីក្រុងប៉ារិសនៃបូព៌ាប្រទេស” (Paris in the Orient)។
ឆ្នាំ ១៩២៩ ទីក្រុងព្រៃនគរ មានប្រជាជនទាំងអស់ចំនួន ១២៣,៨៩០ នាក់ ក្នុងនោះ ជនជាតិបារាំង មាន ១២,១០០ នាក់។ ក្នុងទសវត្សរ៍ឆ្នាំ ១៩៤០ មាន ២២០,០០០ នាក់៕ q
Like this:
ចូលចិត្ត កំពុងផ្ទុក...