កុំផឹក Kool Aid!


2333943088_f633021146

ដោយ បុត្រាខ្មែរ

នេះជាពាក្យដ៏សំខាន់ ដែលគេតែងនិយាយ នៅក្នុងភាសាអង់គ្លេស៖ “Don’t drink the Kool Aid. – បកប្រែជាខ្មែរអោយចំថា “កុំផឹក Kool Aid”។ តើឃ្លានេះមានន័យថាម៉េច, ហើយចេញមកពីប្រភពណា?

ជាដំបូង, យើងត្រូវស្គាល់ អ្វី ជា Kool Aid សិន។ Kool Aid គឺជាប្រភេទភេសជ្ជៈម្យ៉ាង ដែលមានពណ៌ក្រហម ហើយទទួលការនិយមចូលចិត្ត នៅសហរដ្ឋអាមេរិក។ Kool Aid គឺរបៀបសរសេរបម្លែង ពីពាក្យ Cool Aid, មានន័យថា “ជំនួយត្រជាក់”។ Kool Aid ជាភេសជ្ជៈម្យ៉ាង ដែល​គេ​និយម​ផឹក​នៅ​ពេល​​បាយ ​ជា​ពិសេស នៅ​ខែក្ដៅ​ ​ និង​ក្រោយ​ពេលលេងកីឡា។ Kool Aid ផ្សំឡើង​ពី​សារធាតុច្រើនយ៉ាង ដែលមាន​ជាតិ​​​អំបិល, ទឹក​អាស៊ីត​ក្រូច​ឆ្មា, កាល្សយូមហ្វូស​ហ្វាត, ម្សៅ​រស​ជាតិ​សិប្បនិមិត្ត និងវីតាមីន C ​មាន​រសជាតិផ្សេងៗ​គ្នា។

ឃ្លា “Don’t drink the Kool Aid” ចេញមកពីព្រឹត្តិការណ៍មួយ ដែលសម្លាប់មនុស្សអស់យ៉ាងច្រើន។ អ្នកដឹកនាំសាសនាម្នាក់ ឈ្មោះ ជីម ចូនស៍ (Jim Jones) បានបញ្ចុះបញ្ចូល បរិស័ទដែលដើរតាមគាត់ អោយធ្វើដំណើរជាមួយគាត់ ឆ្ពោះទៅកាន់អាមេរិកខាងត្បូង ដើម្បីបង្កើតនិគមសាសនា នៅកន្លែងមួយឈ្មោះថា Jonestown។ បរិស័ទខ្លះ បានចាកចេញពីក្រុមសាសនា ត្រឡប់ទៅកាន់សហរដ្ឋអាមេរិកវិញ ហើយសុំអោយអាជ្ញាធរ បើកការស៊ើបអង្កេតមួយ។ សមាជិកសភាម្នាក់ ដែលមកពីទីក្រុងសាន់ ហ្វ្រាន់ស៊ីស្កូ បានធ្វើដំណើរទៅកាន់ ចូនស៍ថោន ដើម្បីនិយាយជាមួយ ជីម ចូនស៍។

ជីម ចូនស៍, មេដឹកនាំសាសនា, បានសម្រេចចិត្ត សម្លាប់បរិស័ទទាំងអស់។ គាត់បានលាយថ្នាំពុល នៅក្នុងទឹក Kool Aid អោយបរិស័ទទាំងអស់ និងសមាជិកសភាផឹកទឹក ។ មនុស្សទាំងអស់ ត្រូវបានសម្លាប់។

សព្វថ្ងៃនេះ, “Don’t drink the Kool Aid” ឬ “កុំផឹក Kool Aid” គឺមានន័យថា កុំចេះតែជឿតាមអ្នកណាម្នាក់ ទាំងងងិតងងល់។ មានន័យថា អ្នកត្រូវរក្សាគំនិតបើកចំហ ហើយត្រូវគិតពីខ្លួនឯង។ កុំបណ្ដោយអោយខ្លួន ជាប់នៅក្នុងសំណាញ់នៃឧត្តមគតិ របស់បុគ្គលណា ឬក្រុមបក្សណាមួយ។

ការណ៍នេះ គឺពិតជាពិសេស នៅក្នុងរឿងនយោបាយ ក៏ដូចគ្នានឹងសាសនាផងដែរ។ សង្គ្រោះជាតិ ឬស៊ីភីភី, អិលឌីភី ឬខ្មែរឈប់ក្រ, ព្រហ្មលិខិត, កម្មផលជាតិមុន, ធ្វើបុណ្យនឹងលោកសង្ឃ ទើបបានឡើងឋានសួគ៌, ។ល។ និង ។ល។ គឺសុទ្ធតែជាឧទាហរណ៍យ៉ាងល្អ អំពីឧត្តគតិបក្សនយោបាយ ឬជំនឿសាសនា ដែលពោរពេញទៅដោយភាពចម្រូងចម្រាស់ នៅពីខាងក្រោយ។ កាលណាយើង ប្រកាន់យកម្ខាង គឺមានន័យថា យើងមានឆន្ទៈវាយប្រហារ ទៅលើម្ខាងទៀត។

ឥឡូវ យើងយករឿងសាសនា មកធ្វើជាឧទា-ហរណ៍។ ព្រះអប់រំមនុស្សថា កុំសម្លាប់ជីវិត, ប៉ុន្តែពួកមនុស្សច្បាំងគ្នា ក្នុងនាមព្រះអាទិទេពដ៏អស្ចារ្យ។ ព្រះពុទ្ធបានប្រឹងប្រែង ធ្វើបដិវត្តន៍សាសនា ដើម្បីផ្លាស់ប្ដូរលទ្ធិហិណ្ឌូ ដែលពោរពេញទៅដោយភាពពុករលួយ, បែងចែកឋានៈ វណ្ណៈសង្គម ប៉ុន្តែគេបែរជាយកព្រះគោ (តំណាងព្រហ្មញ្ញ) និងព្រះកែវ (តំណាងព្រះពុទ្ធ) មកចងផ្អោបជាមួយគ្នា ហើយហៅខ្លួនឯងថា ជាពុទ្ធសាសនិក រួចនាំគ្នាប្រព្រឹត្តិបំពានវិន័យព្រះពុទ្ធ ដោយនាំគ្នាសែនព្រេន អារក្ស អ្នកតា ទេវតា បិសាច, ឃើញដុំថ្មរាងចម្លែក ក៏នាំគ្នាអុជធូបបន់ស្រន់។ គេថា ព្រះសង្ឃជាស្រែបុណ្យ ក៏គិតតែនាំគ្នា ទៅធ្វើបុណ្យតែនឹងសង្ឃ ហើយមើលរំលងជនទុរគត ដែលឈរសុំទាន នៅមុខក្លោងទ្វារវត្ត។ ទាំងនេះហើយ ជាការផឹក Kool Aid!

មិនថា អ្នកមាននិន្នាការនយោបាយ ឬឧត្តមគតិទេរទៅខាងណា, ចូររក្សាគំនិតចំហ ហើយចៀសវាងការដើរតាមគេ ទាំងងងិតងងល់។ វិធីសាកល្បងដ៏ល្អមួយ ដើម្បីមើលថា តើខ្លួនកំពុងផឹក Kool Aid ឬអត់ទេនោះ, ចូរគិតអំពីចំណុចមិនល្អណាមួយ នៅខាងក្រុមខ្លួន ហើយគិតអំពីចំណុចល្អណាមួយ ខាងក្រុមប្រឆាំង។

យើង គួរដឹងថា មនុស្សទាំងអស់ ឬក្រុមដែលប្រឆាំងនឹងខ្លួនទាំងអស់ ពុំមែនសុទ្ធតែអាក្រក់គ្រប់យ៉ាង, ហើយមនុស្សទាំងអស់ ឬក្រុមដែលស្របនឹងខ្លួនទាំងអស់ ពុំមែនសុទ្ធតែល្អគ្រប់បែប ដែលគួរជាទីជឿជាក់ទាំងស្រុង។ ប៉ុន្តែបើអ្នកមិនអាច រកឃើញចំណុចអវិជ្ជមាន ខាងក្រុមខ្លួនឯង ឬឧត្តមគំនិត ដែលខ្លួនកំពុងលើកតម្កើងទេ… ប៉ុន្តែបើអ្នកមិនអាច រកឃើញចំណុចវិជ្ជមាន នៅខាងក្រុមដែលខ្លួនប្រឆាំង ឬជំនឿដែលខ្លួនកំពុងជំទាស់ទេ … ចូរអ្នកសួរខ្លួនឯងថា “តើខ្ញុំកំពុងផឹក Kool Aid ឬ?”

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s