ទីក្រុង​ព្រៃ​នគរ


ប្រភព​អត្ថបទ វិគីភេឌាខ្មែរ

ក្លោងទ្វារវត្តចន្ទរង្សី នៅទីក្រុងព្រៃនគរ ។

ក្លោងទ្វារវត្តចន្ទរង្សី នៅទីក្រុងព្រៃនគរ ។

ក្រុងព្រៃនគរ ជាអតីតទឹកដី​​កម្ពុជា។ ក្រុងព្រៃ​នគរ មានឈ្មោះថា សៃហ្គន (Saigon) ក្នុងសម័យ​យួន​ខាងត្បូង អាធីវគីកាន់កាប់។
ព្រៃនគរ ជាទី​ក្រុង​ដ៏​សំខាន់ និង​ជាទី​ប្រជុំ​កិច្ច​ការ​​នៃ​រដ្ឋការ​ធំ​នៅក្នុង​ដែនកម្ពុជា​ក្រោម និង​ជា​អតីត​កំពង់ផែ​ពាណិជ្ជ​កម្ម ដ៏​សំខាន់​មួយ​នៃ​អាណាចក្រ​ខ្មែរ នៅមុនពេល​ជនជាតិយួន​ ភៀសខ្លួន​មក​រស់នៅ​ក្នុង​អំឡុង​​សតវត្សរ៍​ទី ១៧។ ក្រោយពេល ស្តេច​ខ្មែរ ព្រះ​បាទ ជ័យជេដ្ឋាទី២ (១៥៧៣–១៦២៧) បាន​រៀប​អភិសេក​ជាមួយ​ស្នំ​ស្តេចយួន​មក ព្រៃនគរត្រូវបាន​ជនជាតិ​យួន​ហៅថា ខេត្ត​យ៉ាឌិន (Gia Định Thành) នា​ឆ្នាំ១៧៩០ តាម​ស្តេច​ឈ្មោះ ង្វៀង អាញ់​ (Nguyễn Ánh)​។ ក្រោយពេល​បារាំង កាន់​កាប់​​ទីក្រុង​ព្រៃនគរ នា​ឆ្នាំ ១៨៥៩ នៅ​ថ្ងៃទី ១៥ ខែ​មីនា ឆ្នាំ ១៨៧៤ ប្រធានាធិបតី​បារាំង​ឈ្មោះ Jules Grévy​ បានចេញ​បទបញ្ជា​មួយ ​ក្នុង​ការបង្កើត ព្រៃនគរ ទៅជា​ទីក្រុង​សៃ​ហ្គ​ន (Thành Phố Sài Gòn)។​ ក្នុងសម័យ​អាណានិគមនិយម​បារាំង ព្រៃ​នគរ ជា​មជ្ឈមណ្ឌលដ៏​សំខាន់ មិន​ត្រឹមតែ​ពាណិជ្ជកម្ម​ទេ ប៉ុន្តែ​ថែមទាំង​ជា មជ្ឈមណ្ឌល​រដ្ឋបាល វប្បធម៌ និង អប់រំ​ទៀតផង ទូទាំង​សហព័ន្ធឥណ្ឌូចិន និង​ត្រូវ​បាន​​គេ​ចាត់ទុកថា​ជា “ទីក្រុង​ប៉ា​រីស​នៃបូព៌ា​ប្រទេស​” (Paris in the Orient) ។​
ក្រោយពី​របប​សាធារណរដ្ឋ​វៀតណាម ដែល​មាន​​សហរដ្ឋអាមេរិក​គាំទ្រ​ ​បាន​ដួលរលំ​នា​ថ្ងៃទី ៣០ ខែមេសា ឆ្នាំ១៩៧៥ ទីក្រុង​ព្រៃនគរ ត្រូវបាន​បក្ស​កុម្មុយនីស្តវៀតណាម ប្តូរ​ឈ្មោះ​ជា​ភាសា​យួន​ថា ទីក្រុង​​ហូ​ជី​មិញ (Thành phố Hồ Chí Minh) ដើម្បី​រំ​ឮ​ក ដល់​ឈ្មោះ​មេដឹកនាំ បក្សកុម្មុយនីស្ត​យួន ហូ ជីមិញ ។ បច្ចុប្បន្ន ព្រៃនគរ ជាទី​ក្រុង​ដែលមាន​ប្រជាជន​រស់នៅ​ច្រើនជាងគេ និង​ជាម​ជ្ឈមណ្ឌល សេដ្ឋកិច្ច, វប្បធម៌, និង​អប់រំ ដ៏​សំខាន់​របស់​​សាធា​រ​ណរដ្ឋសង្គម​និយមវៀត​ណាម។

ភូមិសាស្ត្រ​
ទីក្រុង​ព្រៃនគរ ឋិត​នៅ​ចំ​កណ្តាល​បេះដូង​នៃ​តំបន់​​ទាំងពីរ​គឺ តំបន់​វាលទំនាប (Tây Nam Bộ ) និង​តំបន់​ដូន​ណៃ (Đông Nam Bộ) របស់​ដែនដី កម្ពុជា​ក្រោម និង​មាន​ទីតាំង​ខាងជើង​ ជាប់​នឹងខេត្ត​ទួល​តា​មោក (Thủ Dầu Một )    បច្ចុប្បន្ន​ជា ខេត្ត​​​បិ​ន​​ភឿ​ក (Bình Phước), ​ពាយ័ព្យ​ជាប់​នឹង​ខេត្ត​រោងដំរី ​(Tây Ninh), ​ខាងកើត និងឦសាន ជាប់​នឹង​ខេត្ត​ដូន​ណៃ (Đồng Nai), អាគ្នេយ៍ជាប់​នឹង​ខេត្ត​អូរ​កាប់ (Bà Rịa – Vũng Tàu), ខាងលិច និង​ទិស​និរតី ជាប់​នឹង​ខេត្ត​កំពង់​គោ (Long An) និង ខេត្ត​មេ​-​ស (Tiền Giang)។ ពី​ទីក្រុង​ព្រៃនគរ ទៅ​ទីក្រុង​ហាណូយ​ភាគ​ខាងជើង​ នៃ​ប្រទេស​វៀតណាម មាន​ចម្ងាយ​ប្រមាណ ១.៧៣ គីឡូម៉ែត្រ និង​ចម្ងាយ ៥០ គីឡូម៉ែត្រ ទៅ​សមុទ្រ​ចិន​ខាងត្បូង (South China Sea)។ ចំពោះ​អាស៊ីអាគ្នេយ៍, ទីក្រុង​ព្រៃនគរ ជា​ចំណុចរួម ​នៃ​ផ្លូវ​គមនាគមន៍​ដ៏​សំខាន់ រួមមាន ផ្លូវ​គោក ផ្លូវទឹក និង​ផ្លួ​វ​អាកា​ស ត​ភ្ជាប់​នឹង​ខេត្ត​នានា​នៅក្នុង​តំបន់ និង​ជា​ច្រក​អន្តរជាតិ ផងដែរ។​

និរុត្តិសាស្ត្រ

ខ្មែរ
​    ពាក្យ “​ព្រៃនគរ​” បើ​យោងតាម វចនានុក្រម​ខ្មែរ​របស់ សម្តេច​ព្រះសង្ឃ រាជ ជួន ណាត (​ជោ​ត​ញ្ញា​ណោ​) ដែល​បាន​បោះពុម្ព ដោយ​វិទ្យាស្ថាន​ពុទ្ធ​សាស ន​បណ្ឌិត្យ បាន​បញ្ជាក់ថា​៖
​ព្រៃនគរ (ន​.) ឈ្មោះ​ក្រុង​ជាទី​ប្រជុំ​កិច្ចការនៃ​រដ្ឋការ​​ធំ​នៅក្នុង​ដែនកម្ពុជា​ក្រោម ។​
ដូចនេះ ពាក្យ​ថា “​ព្រៃនគរ​” យើង​អាច​កាត់​ចេញ​ជា​ពីរ​សព្ទ គឺ “​ព្រៃ​” និង “នគរ​” ។ បណ្តា​សព្ទ​ទាំងពីរ​នេះ, សព្ទ​នីមួយៗ បើ​យោង តាម​វចនានុក្រម​ខាងលើ​ដដែល មាន​អត្ថន័យ​ថា ៖
ព្រៃ (ន​.) ប្រទេស ឬ​ទី​ដី​ដែលមាន​រុក្ខជាតិ​, លតា​ជាតិ​, តិណជាតិ ដុះ​ដេរដាស ទ្រុប​ទ្រុល : ព្រៃតូច​, ព្រៃធំ។ ព្រៃរនាម ព្រៃ​ក្នុង​បឹង ឬ​ក្នុង​ទី​ដែល​មានទឹក​លិច​ត្រាំ​នៅ​យូរ ។ ព្រៃរបោះ ព្រៃ​ដែលមាន​ដើមឈើ​របោះៗ។ ព្រៃរំលោង ព្រៃស្រោង​ក្នុង​ទំនាប។ ព្រៃ​ស្រោង ព្រៃ​ក្នុង​ទី​ខ្ពស់ ដែលមាន​ដើមឈើ​ខ្ពស់​ស្រោងៗ។ ព្រៃហ័តព្រៃហោង ព្រៃធំ​ដែល​ឆ្ងាយ​ដាច់​ស្រយាល អំពី​ស្រុកភូមិ គួរ​ស្ញើប​គួរ​ស្បើម ព្រោះ​តែង​មាន​សត្រូវ​ចាំ​បៀតបៀន ។​ល​។ (​ម​. ព​. ជាំ​, ញៀត​ស្បាត​, ផ្សៃ ផង​) ។​
(គុ​.) ដែល​កើត​, ដែលមាន​នៅក្នុង​ព្រៃ : សត្វព្រៃ​, ក្របីព្រៃ​, គោព្រៃ​, ឆ្កែព្រៃ​, មាន់ព្រៃ​…; មនុស្ស​ព្រៃ​..។ ព​. ប្រ​. ព្រៃៗ ដែលមាន​បែបបទ​ ឬ​សណ្ដាប់ធ្នាប់​ឆ្គងៗ​, ឆ្វេងៗ : ឫក​ព្រៃៗ​, សម្ដី​ព្រៃៗ​, និយាយ​ព្រៃៗ ។ នាំ​ឲ្យ​ព្រៃ​គំនិត នាំ​ឲ្យ​ទើស​គំនិត​, ឲ្យ​ចង្អៀត​គំនិត ។​ល​។​
​នគរ ន​-​គ សំ​. បា​. ( ន​. ) បុរី​, ក្រុង : អ្នក​នគរ គឺ​អ្នកក្រុង ។​
​សរុបមក ពាក្យ “ព្រៃនគរ​” មានន័យថា “​នគរ, ប្រទេស ឬ ទី​ដី​ដែលមាន​ព្រៃ​” ឬ “នគរ​ដែលមាន​មាន​រុក្ខជាតិ​, លតាជាតិ​, តិណជាតិ ដុះ​ដេរដាស ទ្រុប​ទ្រុល”។​

យួន
ក្រោយពី​ជនជាតិ​យួន ដែល​បាន​ភៀសខ្លួន​ពី​តំបន់​តុង​កឹង (Tonkin) ឬ ហាណូយ (Hà Nội) ភាគ​ខាងជើង​នៃ​ប្រទេស​វៀតណាម មក​រស់នៅក្នុង​ទីក្រុង ព្រៃនគរ នា​សតវត្សរ៍ ទី១៧, ព្រៃនគរ​ត្រូវបាន​ស្តេច​យួន​ឈ្មោះ ង្វៀង-អាញ់ (Nguyễn Ánh) ប្តូរ​ឈ្មោះ​ជា​ភាសា​យួន​ថា យ៉ា​ដិ​ន (​អក្សរ​យួនៈ​Gia Định) (អក្សរ​ចិន​:嘉定) ។ នៅ​ឆ្នាំ ១៨៦២ ក្រោយពេល​បារាំង បាន​ចូល​កាន់កាប់​ទីក្រុង​ព្រៃនគរ ពួកគេ​បាន​លុបឈ្មោះ យ៉ា​ដិ​ន ចេញ ហើយ​បាន​ប្តូរ​ឈ្មោះ​ជា​ផ្លូវ​ការ​​ថា សៃហ្គ​ន (Sài Gòn) វិញ ហើយ​ឈ្មោះ​នេះ ត្រូវបាន​គេ​ស្គាល់​ជា​សាធារណៈ​ រហូតមកដល់​សព្វ​ថ្ងៃ។ ទោះបី​បារាំង​បាន​លុបឈ្មោះ​យ៉ា​ដិ​ន ហើយ​ប្តូរ​ទៅជា សាយ​ហ្គ​ន ហើយ​ក្តី ក៏​ឈ្មោះ យ៉ា​ដិ​ន​ជា​អក្សរ​ចិន 嘉定 នៅតែ​ត្រូវបាន​គេ​សរសេរ​នៅលើ​ផែនទី sinitic រហូតដល់​ឆ្នាំ ១៨៩១ ។​
ពាក្យ​​ «Sài Gòn» ក្នុង​ភាសា​យួន នេះ​អ្នកខ្លះ​បាន​អះអាងថាជនជាតិ​យួន​និយាយ​ពាក្យ “ព្រៃនគរ” តាម​ខ្មែរ​មិន​ច្បាស់ ពេលដែល​ពួកគេ​បាន​ភៀសខ្លួន​មក​ដល់​ព្រៃនគរ​ដំបូង។ អ្នក​ដែល​បាន​អះអាង​យ៉ាង​នេះ ដោយ​គេ​បាន​លើក​ហេតុផល​ថា ពាក្យ “សាយ​” (Sài) នេះ ចេញ​មកពី​ពាក្យ “​ព្រៃ​” របស់​ខ្មែរ​ដែល​ជនជាតិ​យួន​និយាយ​មិន​ច្បាស់។ ពាក្យ​”ហ្គ​ន​” (Gòn) នេះ ជា​ភាសា​យួន ប្រែ​ថា “ដើម​គ​” (Cây Gòn) ឬ “​ផ្កាគ​” (Bông Gòn) ដែល​ពួក​ជនជាតិ​យួន​បាន​បកប្រែ​ចេញពី​ពាក្យ “​នគរ​” របស់​ខ្មែរ។ តាម​ពិត​ពាក្យ “​នគរ​” ក្នុង​ភាសា​ខ្មែរ​មានន័យថា បុរី ឬ ក្រុង មិនមែនជា​”​ដើម​គ​” ឬ “​ផ្កាគ​” ទេ តែ​ជនជាតិ​យួន ឮ​ខ្មែរ​និយាយថា​”នគរ​”​ៗ​ ស្តាប់​មិន​ច្បាស់​ស្មានតែ “​ដើម​គ​” ក៏​នាំគ្នា​ហៅថា “​សាយ​ហ្គ​ន​” (Sài Gòn) រហូតមកដល់​បច្ចុប្បន្ន។​
​តាមន័យ​មួយទៀត អ្នកខ្លះ​ថា បានជា​ជនជាតិ​យួន​ហៅ​ទីក្រុង​ព្រៃនគរ ថា Sài Gòn នោះ មកពី​ពេលដែល​ជនជាតិ​យួន បាន​ភៀសខ្លួន​ចូលដល់​ទឹក​ដី​ព្រៃនគរ បានឃើញ ដើម​គ ជាច្រើន​ដែល​ពលរដ្ឋ​ខ្មែរ​​បាន​ដាំ​នៅ​តំបន់​នោះ។​

ចិន
​តាម​ការអះអាង​មួយបែប​ទៀតថា ពាក្យ «Sài» ក្នុង​ភាសា​យួន​នេះ ជា​ពាក្យ​យួន​ខ្ចី​ពី​ចិន (​អក្សរ​ចិនៈ 柴 ដែល​បញ្ចេញ​សំឡេង តាមភាសា​ចិន ថា “​ឆាយ”​ ឬ (Chay) មានន័យថា “ឧស​,​ មែក​,​ របង​ចម្រឹង​ការពារ​,​ ស្វិត​ស្រពោន​”) ។ ពាក្យ «Gòn» វិញ​ក៏​ជា​ពាក្យ​យួន​ខ្ចី​ពី​ចិន​ដែរ (​អក្សរ​ចិនៈ​ 棍 បញ្ចេញ​សំឡេង​​តាម​ភា សា​ចិន​ថា “សុង​” ឬ Súng មានន័យថា “​គល់ឈើ​, ប៉ូល​”)។ តែ​ពាក្យ «Gòn» នេះ​មានន័យថា “​សំឡី ឬ ផ្កាគ” ក្នុង​ភាសា​យួន​ទៅ​វិញ ។​
​នៅ​ប្រទេស​ចិន ទីក្រុង​ព្រៃនគរ ត្រូវបាន​គេ​ហៅ​ថា 西贡 បញ្ចេញ​សំនៀង​ថា Sai Gung តាម​គ្រាម​ភាសា​បញ្ចេញ​សំឡេង​ថា Sai Goong តាម​ចិន​តា​ជីវ (Teochew) និង xīgòng តាម​ភាសា​ចិន ​កុក​ងឺ​(Mandarin) ។​

ប្រវត្តិ
ទីក្រុង​ព្រៃនគរ ត្រូវបាន​គេ​ស្កាល់​ជាទូទៅ​ថា ទីក្រុង​ហូជីមិញ (TP Hồ Chí Minh) ឋិត​នៅក្នុង​តំបន់​វាលទំនាប​នៃ​ដែនដី កម្ពុជា​ក្រោម ឬ​ភាគខាង​ត្បូង​នៃ​ប្រទេស​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម បច្ចុប្បន្ន។ មុនពេល​ជនជាតិ​យួន ​ភៀសខ្លួន​មក​រស់​នៅ នា​សតវត្សរ៍ ទី ១៧, ព្រៃនគរ ជាទី​ក្រុង​ដ៏​សំខាន់​របស់​ខ្មែរ និង​មាន​ពលរដ្ឋ​ខ្មែរក្រោម​រស់នៅ​រាប់​សត​វត្សរ៍​មកហើយ។​
ឆ្នាំ ១៦២៣ ព្រះបាទជ័យជេដ្ឋាទី២ ឬ ព្រះ​ពញាញោម (១៥៧៣-១៦២៧) សោយរាជ្យ​នៅ​ក្រុង​​ឧ​ត្តុ​ង្គ ចាប់ពី​ឆ្នាំ ១៦១៨ ដល់ ១៦២៨ ​ បានផ្តល់​ឱកាស​ឲ្យ​ស្តេច​យួន​ត្រកូល​ង្វៀង (Nguyễn) ឈ្មោះ ង្វៀង-ផុ​កង្វៀង (Nguyễn Phúc Nguyên) (១៥៦៣​–១៦៣៥) សោយរាជ្យ​ពី​ឆ្នាំ ១៦១៣ ដល់ ១៦៣៥ បោះជំរុំ​ទ័ព ​និង​ ជនភៀសខ្លួន​យួន​នៅ​ព្រៃនគរ ដើម្បី​ធ្វើសង្គ្រាម ជាមួយ​ស្តេច​យួន​ត្រកូល​ទ្រិ​ញ ​(Trịnh) នៅ​ភាគ​ខាងជើង​ប្រទេស​យួន ​ក្រោយ​ពី​ស្តេច​ខ្មែរ​អង្គ​នេះ បាន​រៀប​អភិសេក​ជាមួយ​បុត្រី ស្តេច​យួន​ឈ្មោះ ង្វៀង-ផុ​កង៉ុ​កវ៉ាន (Nguyễn Phúc Ngọc Vạn) មក​ធ្វើជា​មហេសី​មក​។ ដោយ​អំណាច​នៃការរៀប​អភិសេក បុត្រី​យួន​ឲ្យ​ស្តេច​ខ្មែរ​នេះ​ហើយ បានធ្វើ​ឲ្យ​ស្តេច​យួន​ត្រកូល​ង្វៀង​ខាងត្បូង​ធ្វើសឹក​ឈ្នះ​ស្តេច យួន​ត្រកូល​ទ្រិ​ញ​ខាងជើង ហើយ​បន្ទាប់មក ​ស្តេច​យួន​ត្រកូល​ង្វៀង ក៏បាន​ទទួល​ជោគ​ជ័យ​​នូវ​ម​ហ​ច្ឆិ​តា ​លេប​ទឹកដី របស់​ខ្មែរ​តាម​គោល​នយោ​បាយ “ដំណើរ​ឆ្ពោះទៅ ទិស​ខាងត្បូង​” (Cuộc Nam Tiến) យ៉ាង​ត្រចះត្រចង់ ។​

សម័យ​អាណានិគម​បារាំង​ពី​ឆ្នាំ ១៨៦២ ដល់ ១៩៥៤ ៖
យោងតាម​ស​ព្វា​វចនាធិប្បាយ​វី​គី​ភី​ឌា  (Wikipedia), នៅ​ឆ្នាំ ១៨៥៩ ពេល​បារាំង​ត្រួតត្រា​បាន ទីក្រុង​ព្រៃនគរភ្លាម ពួកគេ​ក៏​ចាប់ផ្តើម​អភិវឌ្ឍ​តំបន់​មួយ​​នេះ​ ឲ្យ​ក្លាយទៅជា​ទីក្រុង​ពាណិជ្ជកម្ម ដ៏​ធំ​មួយ ដើម្បី​បំពេញ​ម​ហិ​ច្ឆិ​តា ​ពង្រីក​ឥទ្ធិពល​របស់ខ្លួន ​នៅ​ឥណ្ឌូចិន។ តាម​គម្រោង​ដំបូង​ទីក្រុង​ព្រៃនគរ ត្រូវ​បាន​​បូក​បញ្ចូល​ទាំង​តំបន់​ផ្សារ​ធំ ដែល​ភាសា​យួន​ហៅ ចើ​លើង (Chợ Lớn ) ប៉ុន្តែ​ដល់​ឆ្នាំ ១៩៦៩ ដោយ​យល់ឃើញថា គម្រោង​នៃ​ការបង្កើត​ទីក្រុង​នេះ​​មាន​ទំហំ​ធំ​ពេក ពិបាក​ក្នុង​ការរក្សាសន្តិសុខ រដ្ឋា​ភិបាល​អាណានិគមបារាំង បាន​កាត់ ផ្តាច់​តំបន់​ផ្សារ​ធំ​​ចេញ ពី​ទីក្រុង​ព្រៃនគរ យ៉ាង​ឆាប់រហ័ស។ ក្រោយ​ពី​​ការបង្កើត​គម្រោង​នេះ​មិនយូរប៉ុន្មាន អាគារ​ធំៗ សំខាន់ៗ​​របស់​ទីក្រុង ដែល​បាន​កសាង​តាមបែប​បស្ចិម​ប្រទេស ដូចជា អាគារ​ទេសាភិបាល​ដែន​កូស័ង​ស៊ីន និង​វិមាន​នរោត្តម ត្រូវបាន​ដំណើរ​សាង​សង់។ ក្រោយពី​កសាង​អាគារ​នេះ និង​ធ្វើការ​អភិវឌ្ឍ​រួចមក មុខមាត់​នៃ​ទីក្រុង​ព្រៃនគរ​មានការ​ផ្លាស់ប្តូរ គួរ​ឲ្យ​កត់សម្គាល់ ។​
​គួរកត់សម្គាល់​ផងដែរ អាគារ​វិមាន​នរោត្តម ត្រូវ​បាន​លោក​ទេ​សា​ភិ បាល​ដែន​កូស័ងស៊ីន Lagrandière ប្រារព្ធ​ពិធី​សម្ពោធិ៍ បញ្ចុះបឋមសិលា ជា​​លើកដំបូង​នៅ​ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ១៨៦៨ ដើម្បី​ដំណើរការ​សាងសង់ អាគារ​ទេសាភិបាល​ថ្មី​មួយ​នេះ នៅ​ទីក្រុង​ព្រៃនគរ​ជំនួស​ឲ្យ​អាគារ​ចាស់​ដែល បាន​កសាង​ដោយ​ឈើ​កាលពី​ឆ្នាំ ១៨៦៣ ។ អាគារ​ថ្មី​នេះ កសាង​រហូតដល់​ឆ្នាំ ១៨៧៣ (៥ ឆ្នាំ ) ទើបបាន​សម្រេច​ជា​ស្ថាពរ ដែលមាន​វិស្វករ Hermite ជា​អ្នក​រៀប​គម្រោង​សំណង់ ។ ក្រោយពី​បាន​កសាង សម្រេច​ជា​ស្ថាពរ គេ​បានដាក់​ឈ្មោះ​អាគារ​នេះ​ថា វិមាន​នរោត្តម និង​ផ្លូវ​នៅមុខ​អាគារ​នេះ ក៏ត្រូវ​បាន​គេ​ដាក់ឈ្មោះថា វិថី​នរោត្តម ដែរ ដើម្បី​ឧទ្ទិស​ដល់​​ព្រះករុណា​ព្រះបាទ សម្ដេចព្រះ​នរោត្តម (១៨៣៤ – ១៩០៤) ជា​ព្រះ​ចៅ ក្រុង​កម្ពុជា​ធិបតី នា​ពេលនោះ ។​
គម្រោងការណ៍ (​ប្លង់​) របស់​ទីក្រុង​ព្រៃនគរ នា​ពេល​នោះ ត្រូវបាន​រៀបចំឡើង​តាមបែប​អ៊ឺ​រុ​ប ដោយ​មាន​បង្កើត​ការិយាល័យ និង​ស្ថាប័ន​រដ្ឋបាល​ជាច្រើន​ដូចជា វិមាន​ទេសាភិបាល, អាគារ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ, តុលាការ, សាលាឧទ្ធរណ៍, សាលាដំបូង, តុលា ការ​ពាណិជ្ជកម្ម, និង វិហារ​សម្តេច​សង្ឃ​កាតូលិក ជា​ដើម ។
ឆ្នាំ ១៨៦២ ព្រៃនគរ​ត្រូវបាន​ប្តូរ​ឈ្មោះ​ទៅជា​សាយ​ហ្គ​ង (Sai Gon)។ ដល់​ឆ្នាំ ១៨៦៧ អភិបាល​កិច្ច​ទីក្រុង​ព្រៃនគរ បានប្រគល់ ទៅ​ឲ្យ​គណៈកម្មការ​ទីក្រុង​​ដែលមាន​ប្រធាន​មួយរូប និង​សមាជិក​គណៈ​កម្មការ ១២ រូប ជា​អ្នកគ្រប់គ្រង ។​
​ថ្ងៃទី ១៥ ខែមីនា ឆ្នាំ ១៨៧៤ ប្រ​ធា​ធិបតី​បារាំង Jules Grévy បានចេញ​បទបញ្ជា​មួយ ក្នុង​ការ​​បង្កើត​ព្រៃនគរ ទៅជា​ទីក្រុង ដោយមាន​ទេសា​ភិ​បាល​ក្រុង (résident-maire ) ជា​ជនជាតិ​បារាំង ។​
ឆ្នាំ ១៨៧៦ រដ្ឋាភិបាល​បារាំង បាន​បែងចែក​ដែន​កម្ពុជា​ក្រោម ចេញ​ជា ៤ តំបន់​រដ្ឋបាល​ធំៗ ហៅ​ថា circons cription administrative ក្នុង​តំបន់​នី​មួយៗ ត្រូវបាន​បែង​ចែកចេញជា​និគម តូចៗ (arrondissement ) ដូចខាងក្រោម​៖

  • តំបន់​ព្រៃនគរ (Sai Gon) មាន ៥ និគម​
  • តំបន់​មេស (My Tho) មាន ៤ និគម​
  • តំបន់​លង់​ហោរ (Vinh Long) មាន ៤ និគម​
  • តំបន់​បាសាក់ (Ba Sac) មាន ៦ និគម​

 

តំបន់​ព្រៃនគរ បាន​បែង​ចែកចេញជា ៥ និគម​រួមមាន​៖

  1. រោងដំរី (Tây Ninh)
  2. ទួល​តា​មោក (Thủ Dầu)
  3. ត្រពាំង​ចង្វា (Biên Hòa)
  4. បា​រៀ (Bà Rịa)
  5. ព្រៃនគរ (Gia Định)

​លុះដល់​ឆ្នាំ ១៨៧៩ រដ្ឋាភិបាល​បាន​បង្កើត​បន្ថែម​​នូវ​គណៈកម្មការ​ទី​រួម​ខេត្ត​ព្រៃនគរ មួយទៀត។​
ក្រោយពេល​បារាំង​ចូល ត្រួតត្រា​ទីក្រុង​ព្រៃនគរ គេ​សង្កេត​​ឃើញ ឥទ្ធិពល​វប្បធម៌ និង​សាសនា​នៃ​បស្ចិម​ប្រទេស​​ក៏បាន​ហូរ ចូលមក​ដែនដីកម្ពុជា​ក្រោម​​ផងដែរ។ ឥទ្ធិពល​ទាំងនេះ អាច​បញ្ជាក់បាន​តាម រយៈ​​ការកសាង អាគារ​ផ្សេងៗ​ តាមបែប​បស្ចិម​ប្រទេស និង​ជនជាតិ​យួន​ជាច្រើន​ បាន​ប្តូរ​ពី​សាសនា​ព្រះពុទ្ធ ទៅជា​សាសនា​កាតូលិក​។ ចំណែក​ខ្មែរ​ក្រោម​​រក្សា​គោលជំហរ ក្នុងការ​គោរព​ព្រះពុទ្ធសាស​-នា​​ថេរវាទ​ដដែល។​
ក្នុងសម័យ​អាណានិគមនិយម​បារាំង ទីក្រុង​ព្រៃនគរជា​មជ្ឈមណ្ឌល​ដ៏​សំខាន់ មិន​ត្រឹមតែ​ពាណិជ្ជ​កម្ម​ទេ វា​ថែមទាំង​ជា មជ្ឈមណ្ឌល​រដ្ឋបាល វប្បធម៌ និង​​អប់រំ​ទូទាំង​សហព័ន្ធ​ឥណ្ឌូចិន និង​ត្រូវបាន​គេ​ចាត​់ទុកថា​ជា “ទីក្រុង​ប៉ា​រិ​ស​នៃ​បូព៌ា​ប្រទេស​” (Paris in the Orient)។​
ឆ្នាំ ១៩២៩ ទីក្រុង​ព្រៃនគរ មាន​ប្រជាជន​ទាំង​អស់​ចំនួន ១២៣,៨៩០ នាក់ ក្នុងនោះ ជនជាតិ​បារាំង ​មាន ១២,១០០ នាក់។ ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៤០ មាន ២២០,០០០ នាក់៕ q

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s