Renaissance ៖ ​ការ​រស់​ឡើងវិញ​នៃ​អរិយធម៌​រុងរឿង​អឺរ៉ុប​នៅ​សតវត្សរ៍​ទី១៦


គំនូរ​គូរដោយ​ Raphaël វិចិត្រករ​អ៊ីតាលី​សម័យកាល Renaissance បង្ហាញ​អំពី​អ្នកប្រាជ្ញ​ក្រិកសម័យបុរាណ

គំនូរ​គូរដោយ​ Raphaël វិចិត្រករ​អ៊ីតាលី​សម័យកាល Renaissance បង្ហាញ​អំពី​អ្នកប្រាជ្ញ​ក្រិកសម័យបុរាណ

ប្រភព​អត្ថបទៈ វិទ្យុ​បារាំង​អន្តរជាតិ

នៅ​ក្នុង​នាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅសប្តាហ៍​នេះ សេង ឌីណា សូម​លើកឡើង​ អំពី​​ការចាប់កំណើតឡើងវិញ នៃ​អរិយធម៌​រុងរឿង​នៅ​អឺរ៉ុប ដែល​គេ​ហៅថា សម័យកាល Renaissance។

នៅ​ក្នុង​សតវត្សរ៍​ទី១៥ និង​ទី១៦ នៅ​ពេលដែលអេស្ប៉ាញ​​កំពុងតែ​វាតទី​ពង្រីក​​អាណានិគម​នៅលើ​ទ្វីបអាមេរិក ដែល​គេហៅថា​ “ដែនដីថ្មី” នៅ​អឺរ៉ុប​ដែល​ជា​ដែនដី​ចាស់ឯណេះ​វិញ គេបាន​ស្គាល់​នូវការ​វិវឌ្ឍ​ដ៏សំខាន់មួយ គឺ​ការវិវឌ្ឍ​ខាងវប្បធម៌ ដែល​គេឲ្យ​ឈ្មោះតាម​ភាសា​បារាំង​​ថា “La Renaissance”។ Renaissance ពីព្រោះ​ថា នៅ​ពេល​នោះ អឺរ៉ុប​បាន​ចាប់ផ្តើម​ស្គាល់​ឡើងវិញ​នូវ​វប្បធម៌រុងរឿង​ដែល​គេ​ធ្លាប់​មាន​ កាល​ពី​ក្នុង​សម័យបុរាណ ហើយ​ដែល​ត្រូវ​​រលាយបាត់បង់​​ស្ទើរតែ​បាត់សូន្យ​នៅ​ក្រោយ​ការ​ដួលរលំ​នៃ​ ចក្រភពរ៉ូម។

យើងដឹង​ហើយ​ថា នៅ​ក្រោយ​ការ​ដួលរលំ​នៃ​ចក្រភព​រ៉ូម នៅ​សតវត្សរ៍​ទី៥ តំបន់​អឺរ៉ុប​ដែល​ធ្លាប់​តែ​ស្ថិត​នៅ​ក្នុង​មហារដ្ឋ​តែមួយ គឺ​ចក្រភព​រ៉ូម ត្រូវ​បាន​បំបែក​ទៅជា​នគរ​ផ្សេងៗ​គ្នា ហើយ​នគរ​អស់ទាំងនោះ​បាន​ចំណាយ​ពេល​ច្រើន​ទៅលើ​ការ​ធ្វើ​សង្រ្គាម​រវាង​គ្នា​ និង​គ្នា ឬ​ធ្វើ​សង្រ្គាម​ដណ្តើម​អំណាច​ផ្ទៃក្នុង​នគរ​របស់​ខ្លួន។ អឺរ៉ុប​ត្រូវ​ធ្លាក់​ក្នុង​ភាព​អនាធិបតេយ្យ ​សេដ្ឋកិច្ច​ត្រូវ​ខ្ទេចខ្ទាំ ប្រជាជន​គ្មាន​សុខសន្តិភាព និង​គ្មាន​ការ​អប់រំ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​វប្បធម៌​ដ៏រុងរឿង​កាល​ពីមុន ​​ត្រូវ​រលាយបាត់បង់​បន្តិចម្តងៗ រហូត​ធ្លាក់​ក្នុង​ដំណាក់កាល​មួយ ដែល​អ្នក​ប្រវត្តិសាស្រ្ត​ឲ្យឈ្មោះ​ថា “យុគខ្មៅងងឹត”។

នៅ​ឆ្នាំ​១៤៥៣ មានហេតុការណ៍​ដ៏សំខាន់​មួយ ដែល​ធ្វើ​ឲ្យ​យុគខ្មៅងងឹត​នៅ​អឺរ៉ុប​ចាប់ផ្តើម​ទទួល​ពន្លឺឡើងវិញ។ ចក្រភព​អូតូម៉ង់​របស់​ពួកតួកគី​បាន​វាយផ្តួលរំលំ​ទីក្រុង​កុងស្តង់ទីណូប ដែល​​ជា​រាជធានី​នៃ​ចក្រភព​ប៊ីហ្សង់តាំង (អតីត​ចក្រភពរ៉ូម​ខាង​កើត)។ អ្នកប្រាជ្ញ​ជាច្រើន​​របស់​ប៊ីហ្សង់តាំង​ក៏​បាន​នាំគ្នា​រត់ភៀសខ្លួន​ទៅ​ កាន់​អឺរ៉ុប ដោយនាំ​យក​ទៅជាមួយ​នូវ​ឯកសារ​ល្អៗ ដែល​បន្សល់ទុក​ពី​អ្នកប្រាជ្ញ​ក្រិក​សម័យបុរាណ។ អ្នកប្រាជ្ញ និង​​ឯកសារ​ក្រិក​ទាំងនេះ​ហើយ ដែល​ជា​គ្រឹះ​ដ៏សំខាន់មួយ ដែល​នាំ​ទៅរក​ការ​ស្តារ​ឡើងវិញ​នៃ​វប្បធម៌​រុងរឿង​នៅ​អឺរ៉ុប ហើយ​ឆ្នាំ​១៤៥៣ ត្រូវ​បាន​អ្នក​ប្រវត្តិសាស្រ្ត​អឺរ៉ុប ជាពិសេស អ្នក​ប្រវត្តិសាស្រ្ត​បារាំង​ ចាត់ទុក​ថា​ជា​ឆ្នាំ​ចុងក្រោយ​នៃ​យុគសម័យកណ្តាល និង​ជា​ឆ្នាំ​ចាប់ផ្តើម​នៃ​សម័យកាល Renaissance។

ប្រទេស​ដែល​បាន​ដើរតួនាទី​សំខាន់​បំផុត នៅ​ក្នុង​​ការ​ធ្វើ​ឲ្យរស់ឡើងវិញ នៃ​វប្បធម៌​រុងរឿង​នេះ គឺ​អ៊ីតាលី។ គេសង្កេតឃើញ​ថា អ្នកប្រាជ្ញល្បីៗ​ ទាំង​ខាង​សិល្បៈ ស្ថាបត្យកម្ម ទស្សនវិជ្ជា នយោបាយ ហិរញ្ញវត្ថុ និង​តារាសាស្រ្ត ភាគច្រើន​ចេញ​មក​ពី​អ៊ីតាលី។

រូបគំនូរ Monalisa គូរដោយ Léonard de Vinci (ឬ​ Leonardo da Vinci)

រូបគំនូរ Monalisa គូរដោយ Léonard de Vinci (ឬ​ Leonardo da Vinci)

Michel-Ange, Raphael និង​ Léonard de Vinci ​ដែលត្រូវបាន​គេ​ចាត់ទុក​ថា​ជា​វិចិត្រករ ដែល​មាន​ស្នាដៃ​ឆ្នើម​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​​មនុស្ស​ជាតិ គឺ​ពូកែ​ខាង​​ចម្លាក់ គំនូរ ស្ថាបត្យកម្ម និង​វិស្វកម្ម សុទ្ធសឹង​ជា​អ្នកប្រាជ្ញ​អ៊ីតាលី។ រហូតមកទល់​នឹង​ពេល​សព្វថ្ងៃ​នេះ ក្នុងមួយថ្ងៃៗ គេឃើញ​មាន​ហ្វូងមនុស្ស​ណែនណាន់តាន់តាប់ នាំគ្នា​ឈរតម្រង់ជួរ​ចាំមើល​រូបគំនូរ​ Monalisa ដែល​គូរ​ដោយ​ Léonard de Vinci ហើយ​ដែល​គេ​ដាក់តាំង​នៅ​ក្នុងសារមន្ទីរ Louvre នៅ​ប៉ារីស។ ចំណែក​ Michel-Ange វិញ ក្រៅពី​គំនូរ និង​ចម្លាក់ បាន​បន្សល់​ទុកនូវស្នាដៃ​ស្ថាបត្យកម្ម​ដ៏ល្បីល្បាញ​​ជាច្រើន ជាពិសេស គឺ​​​​វិហារ Saint Pierre នៅ​បុរីវ៉ាទីកង់ ហើយ​ដែល​ត្រូវ​បាន​គេ​ចម្លង​តាម​ នៅ​ក្នុងការ​សាងសង់​អគារ​ជាច្រើន​ផ្សេងទៀត រួមមាន វិហារ Saint Paul នៅ​អង់គ្លេស និង​វិមាន​កាពីតូល​របស់​សហរដ្ឋ​អាមេរិក ជាដើម។

អ្នកប្រាជ្ញ​មួយរូប​ទៀត​របស់​អ៊ីតាលី នាសម័យកាល Renaissance គឺ​ទស្សនវិទូនយោបាយ ឈ្មោះ Machiavelli ​បាន​និពន្ធ​សៀវភៅមួយក្បាល​​ ដែលល្បីសុះសាយ​​រហូត​មក​ដល់​សព្វថ្ងៃ គឺ​សៀវភៅ ដែល​មាន​ចំណង​ជើង​ជា​ភាសា​បារាំង​ថា “Le Prince”។ នៅ​ក្នុង​សៀវភៅ​នេះ Machiavelli បាន​សរសេរ​អំពី​របៀប​ដឹកនាំ​រដ្ឋ ដោយ​ប្រើ​ប្រាជ្ញា​ផង ប្រើ​កម្លាំង​ផង និងប្រើ​​កលល្បិចផង។ បើតាម Machiavelli មេដឹកនាំ​រដ្ឋ​ត្រូវ​តែ​ចេះប្រើ​កម្លាំង​ដូចជា​សត្វតោ និង​ចេះ​ក្រឡិចក្រឡុច​ដូចជា​សត្វកញ្ជ្រោង ក៏ប៉ុន្តែ កម្លាំង និង​ភាព​ក្រឡិចក្រឡុច​នេះ មិនមែន​​ដើម្បី​គ្រាន់តែ​រក្សា​អំណាច​យកមក​បំពេញ​ប្រយោជន៍​ផ្ទាល់ខ្លួន​នោះ ទេ ប៉ុន្តែ គឺ​ដើម្បី​រក្សា​អំណាច​យក​ទៅ​បម្រើ​ផលប្រយោជន៍​របស់​ប្រជាជន​​ទូទៅ។ រដ្ឋ​​អាច​រំលោភ​ច្បាប់ ឬ​ធ្វើ​នូវ​ទង្វើ​ដែល​គ្មាន​សីលធម៌ បើ​សិន​ជា​វា​ចាំបាច់ ដើម្បី​ផលប្រយោជន៍​ជាតិ ដែល​គេហៅ​តាមភាសា​បារាំង​ថា “Raison d’Etat”។ គោលគំនិត​របស់ Machiavelli ត្រូវ​បាន​អ្នកខ្លះ​រិះគន់​ថា​ជា​គំនិតអ្នកនយោបាយ​ដែល​គ្មាន​សីលធម៌ ក៏ប៉ុន្តែ ខ្លះទៀត យល់ថា​វាជា​គំនិត​នយោបាយ​ដែល​មាន​លក្ខណៈ​ប្រាកដ​និយម។ មកទល់នឹង​ពេល​បច្ចុប្បន្ន​នេះ សៀវភៅ “Le Prince” របស់ Machiavelli នៅតែ​ជា​សៀវភៅ​គោល ដែល​គេ​យក​មក​បង្រៀន​នៅ​​​ស្ទើរតែ​គ្រប់​សាលា​​វិទ្យាសាស្រ្ត​នយោបាយ​។

នៅ​សតវត្សរ៍ទី​១៦ ចលនា Renaissance ដែល​ចាប់កំណើត​នៅ​អ៊ីតាលី បាន​ជះពន្លឺ​បន្តិចម្តងៗ ទៅដល់​បណ្តា​ប្រទេស​ផ្សេងទៀត នៅ​ទូទាំង​តំបន់​អឺរ៉ុប រាប់ចាប់តាំង​ពី​អេស្ប៉ាញ បារាំង អាល្លឺម៉ង់ និង​អង់គ្លេស រហូត​ទៅដល់​ប៉ូឡូញ។

នៅ​ឆ្នាំ​១៥៤៣ តារាវិទូ​ប៉ូឡូញម្នាក់​ឈ្មោះ Nicolas Corpernic ដែល​ធ្លាប់​បាន​ទៅ​សិក្សា​នៅ​អ៊ីតាលី បាន​ចេញផ្សាយ​សៀវភៅមួយ អំពី​ទ្រឹស្តី​ថ្មី​នៃ​តារាសាស្រ្ត ដែល​ត្រូវបាន​គេ​ចាត់ទុកថា​ជា​​បដិវត្តន៍​នៃ​ការ​យល់ដឹង​របស់​មនុស្ស​ទៅលើ ចក្រវាល។

តាំងពីដើមរៀងមក មនុស្ស​ក្នុង​សម័យបុរាណ​យល់ថា ផែនដី​គឺ​ជា​ចំណុច​កណ្តាល​នៃ​ចក្រវាល។ គ្រប់អ្វីៗ​ទាំងអស់​​ដែល​នៅលើ​មេឃ ទាំង​ព្រះចន្ទ ព្រះអាទិត្យ និង​គ្រប់ផ្កាយ​ទាំងអស់​ សុទ្ធតែធ្វើ​ដំណើរ​ជុំវិញ​ផែនដី។ Nicolas Copernic ដែល​បាន​ចំណាយ​ពេល​រាប់ឆ្នាំ សិក្សា​អំពី​តារាស្រ្ត បាន​បង្កើត​នូវ​ទ្រឹស្តី​ដ៏ថ្មីស្រឡាងមួយ គឺ​ថា មិនមែន​ព្រះអាទិត្យ​ទេ ដែល​វិល​ជុំវិញ​ផែនដី គឺ​ផែនដី​វិញ​ទេ ដែល​ជុំវិញ​ព្រះអាទិត្យ។ ​ហេតុ​ដែល​គេ​មើលទៅឃើញ​ហាក់ដូចជា​ព្រះអាទិត្យ និង​អ្វីៗ​ទាំងអស់​នៅលើ​មេឃ​វិល​ជុំវិញ​ផែនដី តាមការពិត គឺ​ដោយសារ​តែ​ផែនដី​វិលជុំវិញ​ខ្លួនឯង ដែល​ក្នុងមួយជុំៗ ​មាន​រយៈពេល ២៤ម៉ោង។ យោងតាម​ទ្រឹស្តី​របស់ Copernic ផែនដី​​គ្រាន់តែ​ជា​ភពមួយ​ ក្នុង​ចំណោម​ភព​ជាច្រើន​ផ្សេងទៀតប៉ុណ្ណោះ ហើយ​មិនមែន​ជា​ចំណុច​កណ្តាល​នៃ​ចក្រវាល ដូចដែល​គេ​ធ្លាប់​ជឿ​ពីមុន​នោះទេ។ ទ្រឹស្តី​របស់ Nicolas Copernic គឺ​​ជា​ចំណុច​ចាប់ផ្តើម​នៃ​តារាសាស្រ្ត​សម័យបុរាណ ក៏ប៉ុន្តែ វាផ្ទុយ​ទៅនឹង​ជំនឿ​របស់​វិហារ​កាតូលិក​ នាសម័យកាល​នោះ។ ហេតុដូច្នេះ​ហើយ​បាន​ជា​ Copernic រង់ចាំ​រហូតដល់ដង្ហើមចុងក្រោយ​នៃ​ជីវិត​របស់​លោក ទើប​ចេញផ្សាយ​សៀវភៅ ស្តីពី​បដិវត្តន៍​នៃ​តារាស្រ្ត​។

និយាយ​អំពី​វិហារ​កាតូលិក ​យុគសម័យ Renaissance ក៏​ជា​យុគសម័យ​​ដែល​​មាន​ការ​បែកបាក់​នៃ​គ្រឹស្ត​សាសនា​និកាយ​​កាតូលិក​ផង ដែរ។ យើងដឹង​ហើយ​ថា នៅពេល​ដែល​ចក្រភព​រ៉ូម​ត្រូវ​ពុះចែក​ជាពីរ គ្រឹស្ត​សាសនា​​ត្រូវ​បាក់​បែក​ជា​ពីរ​និកាយ​​រួចមកហើយ គឺ​និកាយ​អ័រតូដុក្ស៍ (Orthodox) នៅ​ចក្រភព​រ៉ូម​ខាង​កើត (ចក្រភព​ប៊ីហ្សង់តាំង​)​ និង​និកាយ​កាតូលិក​ នៅ​​ចក្រភព​រ៉ូម​ខាងលិច​ (​អឺរ៉ុបខាងលិច)។ ក្រោយ​ពេល​ចក្រភព​រ៉ូម​ខាង​លិច​ដួលរលំ​​បែកខ្ញែក​ទៅជា​នគរ​ផ្សេងៗ​គ្នា គ្រប់នគរ​ទាំងអស់​​នៅ​អឺរ៉ុប​ខាងលិច​នៅតែ​បន្ត​ស្ថិត​ក្រោម​អំណាច​នៃ​វិហារ​ កាតូលិក​ដដែល ដោយ​មាន​​​សម្តេច​ប៉ាប នៅ​ទីក្រុង​រ៉ូម​ ជា​អ្នក​មាន​អំណាច​កំពូលខាង​សាសនា។

រូបគំនូរ​បង្ហាញ​ពី Nicolas Copernic ​តារាវិទូ​ប៉ូឡូញ ដែល​គេ​ចាត់ទុក​ថា​ជា​បិតា​នៃ​តារាស្រ្ត​សម័យបុរាណ

រូបគំនូរ​បង្ហាញ​ពី Nicolas Copernic ​តារាវិទូ​ប៉ូឡូញ ដែល​គេ​ចាត់ទុក​ថា​ជា​បិតា​នៃ​តារាស្រ្ត​សម័យបុរាណ

ក៏ប៉ុន្តែ នៅ​ឆ្នាំ​១៥១៧ បុព្វជិត​កាតូលិក​អាល្លឺម៉ង់​ម្នាក់ ឈ្មោះ Martin Luther (សូមកុំច្រឡំ​ជាមួយ Martin Luther King ដែល​ជា​សកម្មជន​ការពារ​សិទ្ធិ​ជន​ជាតិ​ស្បែក​ខ្មៅ​នៅ​អាមេរិក!) បាន​ចេញមុខ​ជា​សាធារណៈ​រិះគន់​សេចក្តីបង្រៀន រចនាសម្ព័ន្ធ និង​របៀបដឹកនាំ​របស់​សម្តេចប៉ាប ព្រមទាំង​បាន​ទាមទារ​ឲ្យ​ធ្វើ​កំណែទម្រង់​ស៊ីជម្រៅ​នៃ​វិហារ​កាតូលិក​។ នៅ​ឆ្នាំ​១៥២១ Marthin Luther ត្រូវបាន​សម្តេច​ប៉ាប​បណ្តេញ​ចេញ​ពី​វិហារ​កាតូលិក ព្រមទាំង​ត្រូវ​បាន​អធិរាជ​ Charles Quint ចាត់ទុក​ថា​ជា​ឧទ្ទាម​ក្រៅច្បាប់។ ក៏ប៉ុន្តែ​ គំនិត​របស់​ Martin Luther បាន​ទទួល​នូវ​ការ​គាំទ្រ​កាន់តែ​ច្រើន ហើយ​ចលនា​ប្រឆាំង​នឹង​ថ្នាក់ដឹកនាំ​វិហារកាតូលិក​ចេះតែ​បន្ត​​​រីករាលដាល​ កាន់តែ​ធំឡើង រហូត​បង្កើត​ទៅជា​និកាយ​មួយថ្មី​ទៀត ដែល​គេ​ឲ្យ​ឈ្មោះ​ថា “ប្រូតេស្តង់” (Protestant)។ ប្រូតេស្តង់ ដោយសារ​តែ​ពួកគេ​​ជា​អ្នក​តវ៉ា​ប្រឆាំង​នឹង​អំណាច​របស់​សម្តេចប៉ាប និង​សេចក្តី​បង្រៀន​ជាទូទៅ​របស់​វិហារ​កាតូលិក។

នៅ​ឆ្នាំ​១៥៣៤ នៅ​អង់គ្លេស ដែល​ស្ថិត​នៅ​ក្រោម​អំណាច​របស់​សម្តេច​ប៉ាប​ដែរ​នោះ ព្រះបាទ ​Henri VIII ចង់​លែង​ព្រះមហេសី​របស់​ព្រះអង្គ ប៉ុន្តែ សម្តេច​ប៉ាប​មិន​អនុញ្ញាត។ ព្រះបាទ Henri VIII ក៏​បាន​​​ផ្តាច់ខ្លួន​ចេញ​ពី​អំណាច​របស់​សម្តេច​ប៉ាប ដោយ​បាន​បង្កើត​ជា​និកាយ​ថ្មី​មួយ​ទៀត សម្រាប់​អង់គ្លេស គឺ​និកាយ Anglican។ រហូតមកទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ វិហារ​គ្រឹស្ត​សាសនា​និកាយ​ Anglican នៅតែ​ត្រូវ​កាត់ផ្តាច់​ពី​អំណាច​របស់​សម្តេច​ប៉ាប។ ប្រមុខដឹកនាំ​វិហារ​ Anglican គឺ​ ព្រះមហាក្សត្រ​​អង់គ្លេស៕

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s