ការរកឃើញ​ទ្វីបអាមេរិក ​ដោយ​គ្រីស្តូហ្វ កូឡុំ ​នៅ​ចុង​សតវត្សរ៍​ទី១៥


រហូតមកទល់នឹង​សព្វថ្ងៃ​នេះ ប្រទេស​ជាច្រើន​​នៅតែ​បន្ត​ប្រារព្ធ​ទិវា​រំឭក​ដល់ថ្ងៃ​ដែល​​​គ្រីស្តូហ្វ កូឡុំ​ធ្វើ​ដំណើរ​មក​ដល់​អាមេរិក (Columbus Day)

រហូតមកទល់នឹង​សព្វថ្ងៃ​នេះ ប្រទេស​ជាច្រើន​​នៅតែ​បន្ត​ប្រារព្ធ​ទិវា​រំឭក​ដល់ថ្ងៃ​ដែល​​​គ្រីស្តូហ្វ កូឡុំ​ធ្វើ​ដំណើរ​មក​ដល់​អាមេរិក (Columbus Day)

ដោយ សេង ឌីណា, វិទ្យុ​បារាំង​អន្តរជាតិ

អស់រយៈពេលរាប់សតវត្សរ៍​ បណ្តាជន​ទូទៅ នៅ​លើ​​ពិភពលោក​នាំគ្នា​ជឿ​ថា ​អ្នក​ដែល​បាន​រកឃើញ​ទ្វីប​អាមេរិក​​មុនគេ​បង្អស់គឺ​ គ្រីស្តូហ្វ័រ កូឡុំ​បឺស (Christopher Colombus)។ ដំណើររឿង​របស់​  គ្រីស្តូហ្វ័រ កូឡុំបឺស ​បាន​កើតឡើង នៅ​ចុង​សត​វត្សរ៍​ទី​១៥។

នៅ​ពេលនោះ អឺរ៉ុ​ប​បាន​ងើបចេញ​ ពី​យុគខ្មៅ​ងងឹត នៃ​យុគសម័យ​កណ្តាល ហើយ​ចាប់ផ្តើម​ស្គាល់​នូវ​ភាព​រុងរឿង​ឡើងវិញ​បន្តិចម្តងៗ ហើយ​ក្នុងនោះ គឺ​ឃើញ​​មាន​ប្រទេស​មហាអំណាច​ថ្មី ដែល​ចាប់ផ្តើម​លេច​មុខឡើង នៅ​អឺរ៉ុប គឺ​ព័រទុយហ្កាល់​ និង​អេ​ស្ប៉ាញ។ នៅពេលនោះ បណ្តា​ប្រទេស​នៅ​អឺរ៉ុប​កំពុងតែ​ប្រជែងគ្នា​ ក្នុងការ​ពង្រីក​សេដ្ឋកិច្ច​របស់​ពួកគេ​រៀងៗ​ខ្លួន តាមរយៈ​ការ​ធ្វើ​អាណានិគម​ និង​ការ​​គ្រប់គ្រង​ផ្លូវ​ជំនួញ។ ការធ្វើ​ជំនួញ ដែល​កាក់កប​ជាង​គេ នៅពេលនោះ គឺ​ការជួញដូរ​ជាមួយ​អាស៊ី ហើយ​ជំនួញ​នេះ​ ត្រូវ​គេ​ធ្វើ​តាម​ផ្លូវគោក ដែល​គេ​ហៅ​​ថា “ផ្លូវសូត្រ” តភ្ជាប់​អឺរ៉ុប ទៅ​ឥណ្ឌា និង​ចិន។ ក៏ប៉ុន្តែ ការធ្វើ​ដំណើរតាមផ្លូវគោក​ពីអឺរ៉ុប​ទៅអាស៊ី​ត្រូវ​ប្រឈមមុខ​នឹង​គ្រោះថ្នាក់ច្រើន នៅ​ក្រោយ​ពេល​ដែល​​ចក្រភព ​អូតូម៉ង់ ​របស់​តួកគី ​បាន​វាយយក​ទីក្រុង​​ កុងស្តង់ទីណូប និង​ផ្តួលរំលំ​​ចក្រភព​ប៊ីហ្សង់​តាំង នៅឆ្នាំ​១៤៥៣។

ព័រទុយហ្កាល់ ដែល​ពេលនោះ​ជា​ប្រទេស​មួយ​ជំនាញ​ខាង​ផ្លូវ​សមុទ្រ ​ក៏​បាន​ងាក​ទៅ​ធ្វើ​ការជួញដូរ​​តាម​ផ្លូវ​សមុទ្រវិញ ដោយ​ចេញ​ដំណើរពី​ ព័រទុយ​ហ្កាល់ តាម​មហាសមុទ្រ​អាត្លង់ទិក ចាក់ចុះ​ទៅទិស​ខាង​​ត្បូង វាងមួយជុំ​ទ្វីបអាហ្វ្រិក មុននឹង​ឆ្លងមហា​សមុទ្រ​​ឥណ្ឌា ទៅ​កាន់​តំបន់​អាស៊ី។

ក៏ប៉ុន្តែ គ្រីស្តូហ្វ័រ កូឡុំបឺស ដែល​ជា​អ្នក​ជំនាញ​ខាង​​ដើរកប៉ាល់​មក​ពី​អ៊ីតាលី បាន​បែកគំនិត​មួយថ្មី​ថា ដោយសារតែ​ផែនដី​មាន​រាងមូល បើសិន​ជា​គេ​ធ្វើ​​ដំណើរ​ចេញ​ពី​អឺរ៉ុប ឆ្ពោះទៅ​ទិសខាងលិច កាត់​តាម​​មហាសមុទ្រ​អាត្លង់ទិក គេ​នឹង​អាច​ធ្វើដំណើរ​ដោយត្រង់​​ទៅដល់​ឥណ្ឌា​ ដោយ​ចំណាយពេល​តិច​ជាង​ ការ​ធ្វើ​ដំណើរ​ទៅទិស​ខាង​កើត ដែល​ត្រូវ​​វាង​មួយជុំ​ទ្វីប​អាហ្វ្រិក។ នៅចុងសតវត្សរ៍ទី ១៥ ស្តេច​អេស្ប៉ាញ​​ ក៏​បានជួល​​ គ្រីស្តូហ្វ័រ កូឡុំបឺស​ ឲ្យ​ដឹកនាំ​បេសកកម្ម ក្នុងនាម​អេស្ប៉ាញ ធ្វើ​ដំណើរ​តាម​កប៉ាល់ កាត់​មហាសមុទ្រ​អាត្លង់ទិក ឆ្ពោះទៅ​អាស៊ី។

នៅថ្ងៃទី៣ ខែ​សីហា ​ឆ្នាំ​១៤៩២ គ្រីស្តូហ្វ័រ កូឡុំបឺស បាន​​ចេញដំណើរ​ពី​អេស្ប៉ាញ ជាមួយ​នឹង​កប៉ាល់​ ៣គ្រឿង ឆ្ពោះទៅទិស​ខាងលិច សំដៅ​ទៅ​អាស៊ី។ ជាង ២ខែ​ក្រោយ​មក នៅ​ថ្ងៃ​ទី១២ ខែ​តុលា កប៉ាល់​របស់​​ គ្រីស្តូហ្វ័រ កូឡុំបឺស ក៏​បាន​ធ្វើ​ដំណើរ​មក​​ដល់ឆ្នេរ​ខាង​កើត ​នៃ​ទ្វីប​អាមេរិក។ គ្រីស្តូហ្វ័រ កូឡុំ​បឺស​ នឹកស្មាន​ថា​​ ខ្លួន​មក​ដល់​ឥណ្ឌា ក៏​បាន​ហៅ​ជនជាតិ​ដើម ដែលរស់​នៅលើ​ទ្វីបអាមេរិក​ថា​ជា​ពួក​ឥណ្ឌា។ ឈ្មោះ ដែល​នៅ​ជាប់​រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន គឺ “ឥណ្ឌា​ស្បែក​ក្រហម”។
ចាប់តាំង​ពីពេលនោះមក គ្រីស្តូហ្វ័រ កូឡុំបឺស ត្រូវ​បាន​ប្រវត្តិសាស្រ្ត​ ចារទុក​ថា​ ជា​អ្នក​ដែល​បាន​រកឃើញ​ទ្វីបអាមេរិក​មុនគេ​បង្អស់។ ក៏ប៉ុន្តែ ក្រោយ​មក គេ​បាន​រកឃើញ​ភស្តុតាង ដែល​បញ្ជាក់ថា គ្រីស្តូ​ហ្វ័រ កូឡុំបឺស មិនមែន​ជា​អ្នក​រកឃើញ​ទ្វីប​អា​មេរិក​​មុនគេ​នោះទេ ហើយ​ក៏​មិនមែន​ជា​ជនជាតិ​អឺរ៉ុប​​ទី​មួយ ដែល​បាន​ធ្វើ​ដំណើរ​ មកដល់​ទឹកដី​អាមេរិក​នោះដែរ។

មុនពេល​ដែល គ្រីស្តូហ្វ័រ កូឡុំបឺស ធ្វើដំណើរ​មកដល់ នៅ​ចុងសតវត្សរ៍​ទី ១៥ ទ្វីបអាមេរិក​មាន​មនុស្ស​រស់នៅ​ តាំង​ពី​រាប់ម៉ឺនឆ្នាំ​មកហើយ។ ជន​ជាតិ​ដើមនៅ​អាមេរិក (ដែល​យើង​ហៅ​ថា ជា​ជនជាតិ​ឥណ្ឌា​​ស្បែក​ក្រហម) តាមការពិត គឺ​ជា​មនុស្ស ដែល​មាន​ដើមកំណើត​មក​ពី​អាស៊ី។ ពួកគេ​បាន​ធ្វើ​ដំណើរ​ចេញ​ពី​អាស៊ី​ មក​អាមេរិក កាល​ពី​ប្រមាណ​ជា ២ម៉ឺន​ឆ្នាំ​មុន ដោយ​ឆ្លងកាត់​តាម​ចក្រសមុទ្រ រវាង​រុស្ស៊ី និង​រដ្ឋ​អាឡាស្កា (Bering Sea) នៅ​ក្នុង​​អំឡុង​យុគ​សម័យ​​ទឹកក (Ice Age) ពេល​ដែល​កម្ពស់​​មាន​កម្រិត​​ទាប ហើយ​ច្រក​សមុទ្រ​នេះ នៅជា​ដីគោក​នៅ​ឡើយ ដែល​អាច​ឲ្យ​គេ​ដើរ​ឆ្លងកាត់បាន។

ចាប់តាំង​ពី​ក្រោយ​យុគសម័យទឹកកក នៅពេល​ដែល​កម្ពស់​ទឹកសមុទ្រ​កើនឡើង ទ្វីបអាមេរិក​ត្រូវ​បាន​កាត់ផ្តាច់​ពី​​តំបន់​ផ្សេងទៀត ដោយ​មហាសមុទ្រ​ប៉ាស៊ីហ្វិក នៅ​ខាង​លិច និង​មហាសមុទ្រ​អាត្លង់ទិក នៅ​ខាង​កើត ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ទ្វីបអាមេរិក​នេះ ត្រូវ​​បាន​​គេ​បំភ្លេច​ចោល​​ស្ទើរតែ​ទាំងស្រុង​។ រហូត​ទាល់តែ​ក្រោយ​ពេល​ គ្រីស្តូហ្វ័រ កូឡុំបឺស ធ្វើ​ដំណើរ​មក​​ដល់​ទ្វីបនេះ ទើប​មហាអំណាច​នៅ​អឺរ៉ុប ជា​ពិសេស អេស្ប៉ាញ និង​ព័រទុយហ្កាល់ ចាប់ផ្តើម​នាំគ្នា​ធ្វើ​ដំណើរ​ មក​ដាក់​អាណានិគម​ លើ​ទ្វីបអាមេរិក ហើយ​​ពិភពលោក​ទាំងមូល​ដឹង​ថា មាន​ទ្វីបអាមេរិក ហើយ​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ គេ​នាំគ្នា​គិត​ថា គឺ​គ្រីស្តូហ្វ័រ កូឡុំបឺស ដែល​ជា​អ្នក​បាន​រកឃើញ​ទ្វីប​អាមេរិក​នេះ​មុនគេ។

ក៏ប៉ុន្តែ ក្រោយមកទៀត អ្នក​ប្រវត្តិសាស្រ្ត​មួយ​ចំនួន​​បាន​រកឃើញ​ថា ​ទ្វីបអាមេរិក ​ត្រូវ​បាន​គេ​រកឃើញ តាំងពី​មុន​ គ្រីស្តូហ្វ័រ កូឡុំបឺស ទៅទៀត។

អ្នកប្រវត្តិសាស្រ្ត​ខ្លះ​បាន​អះអាង​ថា សំពៅចិន ក្រោម​​ការដឹកនាំ​របស់​មេទ័ពជើងទឹក​នៃ​រាជវង្សមីង ឈ្មោះ Zheng He បាន​ធ្វើ​ដំណើរ​ទៅដល់​ទ្វីបអា​មេរិក តាំងពី​ឆ្នាំ​១៤២១ ពោលគឺ ប្រមាណ​ជា ៧០​ឆ្នាំ មុន​ គ្រីស្តូហ្វ័រ កូឡុំបឺស (១៤៩២)។ ក្រោយមក​ទៀត គេបាន​រកឃើញ​ផែនទី​​គូរ​ដោយ​ចិន ដែល​បង្ហាញ​អំពី​ផ្នែក​ខ្លះ​នៃ​ទ្វីបអាមេរិក។ ផែនទី​នេះ​ត្រូវ​បាន​គូរ​តាំងពី​មុន​ពេល​គ្រីស្តូហ្វ័រ កូឡុំបឺស ធ្វើ​ដំណើរ​ទៅដល់​ទ្វីបអាមេរិក​ទៅទៀត ហើយ​ខ្លះ​​ត្រូវ​បាន​គូរ​ តាំងពី​ក្នុង​សម័យកាល ដែល​ចិន​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​អធិរាជម៉ុងហ្គោល គូប៊ីឡៃ ខាន់​ ម៉្លេះ ដែល​អាច​​បញ្ជាក់ថា ​ចក្រភព​ម៉ុងហ្គោល​​ បាន​រកឃើញ​ទ្វីបអាមេរិក តាំង​ពីមុន​ ​Zheng He នៃ​រាជ​វង្ស​មីង​ទៅទៀត។

ក៏ប៉ុន្តែ រហូតមកទល់នឹង​ពេលនេះ អ្នកប្រវត្តិ​សាស្រ្ត នៅតែ​មាន​ការ​ខ្វែងគំនិត​គ្នា​ច្រើន​នៅឡើយ ជុំវិញ​​ការរកឃើញ​ទ្វីបអាមេរិក​ដោយ​ចិន​ ក្រោម​​រាជ​វង្សមីង ឬ​ដោយ​​ចិន ក្រោម​គូប៊ីឡៃ ខាន់ នៃ​ចក្រ​ភព​ម៉ុងហ្គោល។ តែទោះជាយ៉ាងណា គេបាន​យល់ស្រប​គ្នា​ថា អាមេរិក​ពិត​ជា​ត្រូវ​បាន​គេ​រកឃើញ​តាំងពី​មុន​គ្រីស្តូហ្វ័រ កូឡុំបឺស។

អ្នកដែល​បានរកឃើញ​ទ្វីបអាមេរិកមុន ​គ្រីស្តូ​ហ្វ័រ កូឡុំបឺស ហើយ​ដែល​គេ​អាច​បញ្ជាក់​បាន​ច្បាស់​លាស់ តាមរយៈ​ភស្តុតាង​បុរាណវិទ្យា គឺ​ពួក​វ៉ៃគីង (Viking) ពោលគឺ ជនជាតិ​ក្នុង​អម្បូរ ែ​ហ៊្សរម៉ានិក ដែល​រស់​​នៅ​តំបន់​អឺរ៉ុប​ខាង​ជើង។ តាមរយៈកំណាយ​​បុរាណ​វិទ្យា នៅប៉ែក​ខាង​កើត​​​ប្រទេស​កាណាដា (New​foundland) គេ​បាន​រកឃើញ​ថា ពួក​វ៉ៃគីង បាន​ធ្វើ​ដំណើរ​ទៅដល់ និង​តាំងទីលំនៅ ក្នុង​ទ្វីប​អាមេរិក តាំង​ពី​ក្នុង​អំឡុង​ដើមសតវត្សរ៍​ទី ១១ ពោល​គឺ ប្រមាណ​ជាជិត ៥០០​ឆ្នាំ​ មុន​ គ្រីស្តូហ្វ័រ កូឡុំ​បឺស។

ក៏ប៉ុន្តែ បើទោះបីជា​ គ្រីស្តូហ្វ័រ កូឡុំបឺស មិន​មែន​​ជា​អ្នក​បាន​រកឃើញ​ ទ្វីបអាមេរិក​មុនគេ​ក៏​ដោយ ការធ្វើ​ដំណើរ​របស់​ គ្រីស្តូហ្វ័រ កូឡុំបឺស ​ទៅ​ដល់​​ទ្វីបអាមេរិក នៅ​ចុងសតវត្សរ៍​ទី១៥ គឺ​ជា​ចំណុច​ចាប់ផ្តើម​ដ៏សំខាន់​មួយ​ នៃ​​ការ​បើកចំហ​ទ្វីបអាមេរិក ទៅកាន់​ពិភពលោក។ គឺ​ជា​ការ​បើក​ផ្លូវ ដល់​មហា​អំណាច​​អឺរ៉ុប ​ឆ្ពោះទៅ​​ស្វែងយល់​ស៊ីជម្រៅ និង​​ធ្វើ​អាជីវកម្ម​លើ​ធនធាន នៅលើ​ដែនដី​ថ្មី​ដ៏ធំ​​មួយ ប៉ុន្តែ វា​​​ក៏​​ជា​ការ​បើក​ផ្លូវ​​ផងដែរ ឆ្ពោះទៅ​រក​ការ​វិនាស​ហិនហោច សម្រាប់​ជនជាតិ​ដើម​អាមេរិក៕

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s