
ប្រសិនបើគ្មានការផ្លាស់ប្ដូរទេ, បើបាតុកម្មនៅតែបន្ត, សេដ្ឋកិច្ចជាតិ នឹងរងការប៉ះទង្គិចខ្លាំង។ មនុស្សទូទៅ សុទ្ធតែមើលឃើញ ចំណុចនេះដូចគ្នា, ប៉ុន្តែគេបង្វិលរឿងនេះ អោយទៅជាកំហុស របស់បាតុករទៅវិញ។ ការធ្វើបាតុកម្ម ពុំមែនជារឿង ដែលគេនាំគ្នាធ្វើ ដោយសារពួូកគេ អផ្សុកខ្លាំងនោះទេ! វាជាសញ្ញាប្រាប់ថ្នាក់ដឹកនាំថា សង្គមកំពុងមានវិបត្តិធ្ងន់ធ្ងរ ហើយតម្រូវអោយមានការកែប្រែ។
យ៉ាងណាក្ដី, បើគ្មានការកែប្រែ, ថ្ងៃនៅតែរះពីខាងកើត ហើយលិចនៅខាងលិច, ប៉ុន្តែវិនិយោគិន អាចនឹងដកការរកស៊ីពីស្រុក ដោយសារពួកគេមិនអាចរងគំនាបទាំងសងខាង៖ ១ គឺថ្លៃទឹកតែ ដូរយកសិទ្ធរកស៊ី, ២ គឺការទាមទារ ដំឡើងប្រាក់ខែពីកម្មករ។ បើវិនិយោគិន ដកខ្លួនចេញពីកម្ពុជា, ប្រជាជនខ្មែរ នឹងធ្លាក់ទៅកាន់ ភាពឥតការងារធ្វើ, រីឯរាជរដ្ឋាភិបាល នៅតែមានដី ព្រៃឈើ បឹងបួរ សម្រាប់ធ្វើសម្បទាន បូមខ្លាញ់បាញ់ប្រេងដដែល។
នៅក្នុងប្រវត្តិសាស្ត្រខ្មែរ មានលំអានមួយដែលគួរអោយកត់សម្គាល់ ប៉ុន្តែពុំសូវឃើញអ្នកណា យកចិត្តទុកដាក់រៀនតាម៖ គឺខ្មែរជាជនជាតិដែលស្លូតបូត ចូលចិត្តចិត្តសន្សំសុខ (និយាយតាមរបៀបម្យ៉ាងដែលពិរោះស្ដាប់), ប៉ុន្តែបើធ្វើអោយខ្មែរដល់ក ខ្មែរនឹងវ៉ៃបកវិញ លែងស្ដាយជីវិតខ្លួនឯង, ហើយសូម្បីកូនង៉ានៅក្នុងអ្រងឹងក៏ពុំលើកលែងដែរ។ សូមយោគយល់គ្នា ដោយក្ដីមេត្តា,បន្ធូរបន្ថយ និងកែប្រែខ្លះទៅ!!!