កុំ​តោះ​តើយ ហើយ​រអ៊ូថា ស្មៅ​ព្រៃ​ចេះ​តែដុះ


index

អ្នកណាក៏ដឹងថា ការទាមទាររបស់គណបក្សប្រឆាំង អោយបោះឆ្នោតឡើងវិញ និងទាមទារអោយសម្ដេចហ៊ុន សែន ចុះចេញពីអំណាច គឺមិនអាចទៅរួចទេ, ប៉ុន្តែយ៉ាងហោចណាស់ ក៏ជាកម្លាំងជំរុញ អោយមានការរំកិល ទៅរកភាពផ្លាស់ប្ដូរ ហើយធ្វើអោយមន្ត្រីរដ្ឋាភិបាល ចេះកោតក្រែង[ខ្លះៗ] ចំពោះអំណាចមហាជន មុននឹងធ្វើអ្វីមួយផ្ដេសផ្ដាស ដូចសេះគ្មានបង្ហៀរ។

ទោះបក្សប្រឆាំង មិនទាន់បានកាន់អំណាចក្ដី ប៉ុន្តែមានតួនាទីសំខាន់ជាប្រវត្តិសាស្ត្រ ក្នុងការផ្លាស់ប្ដូរ។ និយាយតាមត្រង់, បើឧបមាថា ស្រាប់តែឥឡូវនេះ បក្សប្រឆាំងឡើងកាន់អំណាច ហើយផ្លាស់ប្ដូររបបទាំងស្រុង, ខ្ញុំគិតថា វាក៏ជារឿងគួរអោយស្រៀវឆ្អឹងខ្នងទៅវិញដែរ។ លទ្ធិប្រជាធិបតេយ្យ ប្រៀបដូចជាភ្លើង។ ភ្លើងអាចប្រើជាប្រយោជន៍ កាលណាគ្រប់គ្រងបានល្អ, ប៉ុន្តែកាលណាខ្វះស្មារតីទទួលខុសត្រូវ, ភ្លើងក៏អាចដុតបំផ្លាញ — ដូចសម័យ កម្ពុជាប្រជាធិបតេយ្យ។ ស្មារតីទទួលខុសត្រូវ គឺទ្រព្យដ៏ក្របំផុត សម្រាប់ប្រជាជាតិមួយ ដែលមានកម្រិតសិក្សាទាប។

នៅក្នុងពេលនេះ, រឿងសំខាន់បំផុត គឺការធ្វើតុល្យកម្ម ដោយកាត់បន្ថយ ការប្រើអំណាចជ្រុលហួស របស់មន្ត្រីរាជការ និងរាជរដ្ឋាភិបាលខ្មែរ។ ហើយការណ៍នេះ អាចធ្វើទៅបាន លុះត្រាតែមានការចូលរួមជាសកម្ម របស់ប្រជាពលរដ្ឋ ដោយមានការផ្ដោតជាពិសេស ទៅលើការបណ្ដុះធនធានមនុស្ស ដោយខ្វះមិនបាន នូវកម្មវិធីសិក្សាផ្នែកសីលធម៌។ យើងមិនអាចដេកនៅស្ងៀម ហើយរអ៊ូថា ហេតុអ្វីស្មៅព្រៃ ចេះតែដុះស៊ុបទ្រុបនោះឡើយ។