អ្នកណាគួរយើងរិះគន់, អ្នកណាគួរយើងមិនរិះគន់


images

មានប្អូនម្នាក់ បានចោទសួរខ្ញុំថា បើខ្ញុំចែករំលែកគំនិតអប់រំ មិនអោយមនុស្សរិះគន់ និងវាយតម្លៃគ្នា, ហេតុអ្វីបានជាខ្ញុំចូលចិត្តរិះគន់គេម៉្លេះ? នេះជាសំនួរមួយដ៏ល្អបំផុត។

នៅក្នុងការរិះគន់, យើងគួរធ្វើចំពោះបុ គ្គលណា ដែលជាប់ទាក់ទង នឹងផលប្រយោជន៍សាធារណៈ, ដូចជា៖ ព្រះសង្ឃ, អ្នកនយោបាយ, មន្ត្រីរាជការ (អាស្រ័យតាមឋានៈ), សិល្បករ ជាដើម សុទ្ធតែជាបុគ្គល ដែលជាប់ពាក់ព័ន្ធ និងផលប្រយោជន៍សាធារណៈ។ តាមទម្លាប់ខ្មែរភាគច្រើន គេប្រកាន់ទស្សនៈថា ការគោរព និងធ្វើបុណ្យជាមួយលោកសង្ឃ គឺជារឿងមួយ, ឯរឿងផ្ទាល់ខ្លួនរបស់លោក គឺជារឿងមួយផ្សេងទៀត។ ការយល់បែបនេះ គឺជាគំនិតខ្វះស្មារតីទទួលខុសត្រូវ។ ការអប់រំមនុស្ស មិនមែនគ្រាន់តែអាច និយាយត្រឹមតែមាត់ នោះទេ ប៉ុន្តែគឺត្រូវប្រព្រឹត្តិជាគំរូផងដែរ។ ពោលគឺ, បើខ្លួនបង្រៀនធម៌ គឺខ្លួនត្រូវប្រព្រឹត្តិធម៌ ដើម្បីជាគំរូដល់បរិស័ទ។ ប៉ុន្តែបើយើងបង្រៀនធម៌ ហើយខ្លួនប្រព្រឹត្តិចាកធម៌, នោះគឺមានន័យថា ខ្លួនកំពុងបង្រៀន អំពីភាពលាក់ពុតរបស់ខ្លួន។

ចំណែកឯបុគ្គលសាធារណៈឯទៀតខ្លះ, ជាពិសេសមន្ត្រីរាជការ, ក៏ត្រូវប្រព្រឹត្តិខ្លួនជាគំរូដែរ ដើម្បីផលប្រយោជន៍សាធារណៈ។ ព្រោះតែដូច្នោះហើយ បានជានៅប្រទេសខ្លះ គេទាមទារលក្ខណៈសម្បត្តិខ្ពស់ ពីមន្ត្រីរដ្ឋការទាំងអស់ ដោយការពិនិត្យប្រវត្តិរូប, ប្រវត្តិសិក្សា, ប្រវត្តិការងារ, និងឆែកតាំងពីក្រេឌីត និងស្ថានភាពហិរញ្ញវត្ថុឡើងទៅ ដើម្បីថ្លឹងថ្លែងមើលថា តើគេអាចគួរជាទីទុកចិត្ត សម្រាប់បំពេញការងារ ដែលទាក់ទងនឹងប្រយោជន៍សាធារណៈឬទេ?

ចំណែកសិល្បករ គេអាចធ្វើអ្វីក៏បាន ទៅតាមទេពកោសល្យរបស់គេ ដើម្បីទាក់ទាញអ្នកគាំទ្រ, ប៉ុន្តែកុំភ្លេចថា ប្រភពចំណូលរបស់គេ គឺបានមកពីសាធារណជន, ដូច្នេះគឺអាចរិះគន់បាន។

តាំងពីដើមមក ខ្ញុំរិះគន់មិនឈប់ឈរ, ប៉ុន្តែបើអ្នកទាំងអស់គ្នា យកចិត្តទុកដាក់ពិនិត្យមើល អោយបានដិតដល់, ភាគច្រើន ខ្ញុំរិះគន់គំនិត, មិនមែនរិះគន់បុគ្គល។ ប៉ុន្តែបើខ្ញុំរិះគន់បុគ្គល ក៏ព្រោះតែបុគ្គលនោះ មានជាប់ទាក់ទង នឹងផលប្រយោជន៍សាធារណៈផងដែរ។ ចំណែកបុគ្គលឯកជន ឬរឿងអាស្រូវរបស់មនុស្សឯកជន ខ្ញុំមិនលើកមករិះគន់ វិនិច្ឆ័យទោសកំហុសនោះទេ។

ការរិះគន់ និងការឈ្លោះប្រកែក គឺជាសមាសធាតុចាំបាច់ សម្រាប់ភាពចម្រើន របស់មនុស្សជាតិ។ ដូច្នេះ ពុំគួរខ្មាសអៀននឹងការរិះគន់ ឬការប្រកែកនោះទេ ប៉ុន្តែអ្វីក៏ដោយ ត្រូវថ្លឹងថ្លែងអោយមានតុល្យភាព។ ការឈ្លោះប្រកែក មានខុស មានត្រូវ, មានឈ្នះមានចាញ់, ហើយរៀងរាល់ពេល ដែលយើងមានការខ្វែងគំនិតគ្នា, ឈ្លោះប្រកែកគ្នា, យើងតែងជំរុញខ្លួនឯង អោយស្វែងរកជម្រើសផ្សេង ដើម្បីដោះស្រាយបញ្ហា។ ប៉ុន្តែបើយើងគេចវែសពីការប្រឈមរហូតនោះ យើងមិនបានរៀនអ្វីទាំងអស់ ហើយក្លាយទៅជាមនុស្ស មានះស្ងាត់ស្ងៀម (passive aggressive) ឬក្លាយជាជនរងគ្រោះ ងាយអោយគេកេងប្រវញ្ចន៍ ហើយខ្លួនឯង បានត្រឹមតែដេកខឹង នឹងអាក់អន់ស្រពន់ចិត្ត ចំពោះភាពកំសាករបស់ខ្លួន ដែលពួនពីក្រោយ “ទ្រឹស្ដីសន្សំសុខ”។

នៅក្នុងការសន្ទនា, ទោះស្ថិតនៅក្នុងបរិយាកាសបែបណាក្ដី, បើចង់អោយទឹកមាត់ខ្លួនប្រៃ, សំខាន់បំផុត គឺចៀសវាងដាច់ខាត មិនប្រើពាក្យអសុរោះជេរបញ្ចោរ … សុំបញ្ជាក់ម្ដងទៀត… កុំជេរបញ្ចោរ! បើកាលណាបើកមាត់ឡើងជេរបញ្ចោរ ទោះខ្លួនជាស្ដេច ឬមានឋានៈខ្ពស់ត្រដែត ជាមួយនឹងសញ្ញាប័ត្របណ្ឌិតបិទពេញផ្ទះ ក៏នឹងបាត់បង់តម្លៃអស់មួយរំពេចនោះ។

ការជេរបញ្ចោរ គឺកើតចេញពីកំសួលអារម្មណ៍, ហើយកាលណា យើងបណ្ដោយអោយអារម្មណ៍ ជាអ្នកគ្រប់គ្រងស្ថានភាព, ដល់ពេលនោះ ហេតុផលទាំងប៉ុន្មាន ក៏លែងមានន័យអ្វីទាំងអស់។

សូមអោយអ្នកទាំងអស់ បានសុខចម្រើន! រាត្រីសួស្ដី!
-បុត្រាខ្មែរ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s