ទ្រឹស្តីទេវរាជ៖


Devaraja

អ្នកប្រវត្តិវិទូ និងអ្នកសិក្សាស្រាវជ្រាវ អំពីប្រវត្តិសាស្ត្រខ្មែរ តែងតែនាំគ្នានិយមមូលមតិជឿយល់ថាការគោរពបូជាទេវរាជ (devajara) ជាការវិវឌ្ឍនៃព្រហ្មញ្ញសាសនា ក្នុងសម័យព្រះបាទជ័យវរ្ម័នទី២។ គេយល់ថាដើម្បីអះអាងប្រកាសខ្លួនជាស្ដេចពេញសិទ្ធិ ដើម្បីបញ្ចេញបង្ហាញ ឥទ្ធិពលមហិទ្ធិឫទ្ធិ ឲ្យប្រជានុរាស្ត្រ កោតខ្លាចគោរពទទួលស្គាល់ ដើម្បីបញ្ជាក់ភាពឯករាជ្យ របស់កម្ពុជា ព្រះបាទជ័យវរ្ម័នទី២ ត្រូវតែរៀបចំធ្វើពិធីសាសនា នៅភ្នំគូលែន។ គឺព្រះអង្គបានតាំងខ្លួនជាព្រះមហាក្សត្រផង ជាព្រះអាទិទេពផង។

ទ្រឹស្ដីនេះសមហេតុសមផលត្រឹមត្រូវណាស់។ តែបើយើងយកទ្រឹស្ដីទេវរាជ ដោយសំអាងទៅលើសិលាចារឹកស្តុកកក់ធំ មកសិក្សារិះគិតពិចារណាឲ្យបានវែងឆ្ងាយបន្តិច ជំនឿនិងការគោរពទេវរាជ មិនមែនកម្រិតឈប់ចប់ត្រឹមតែលើសាសនា និងលើរូបព្រះមហាក្សត្រប៉ុណ្ណោះនោះទេ។ ថ្ងៃធ្វើពិធីបុណ្យសក្ការបូជាគោរពថ្វាយ ចំពោះព្រះទេវរាជនៅភ្នំគូលែន ក្នុង គ.ស ៨០២ អាចចាត់ទុកជាទិវាខ្មែរឯករាជ្យរំដោះចាកផុតពីអាណានិគមជ្វាស្នាវ៉ា និងក៏ជាថ្ងៃដែលខ្មែរបានប្រកាសអនុវត្តគោរព ទ្រឹស្ដី គោលការណ៍ នយោបាយថ្មីសម្រាប់កសាងប្រទេសជាតិដែរ។ ទេវរាជ ជាឈ្មោះគម្ពីរក្បួនខ្នាត ទ្រឹស្ដីនយោបាយខ្មែរ សម្រាប់រៀបចំគ្រប់គ្រង ប្រទេសជាតិ។

ការបែងចែកអំណាច សាសនាដែលតំណាងទៅដោយវណ្ណៈ ព្រាហ្មណ៍គ្រាន់តែជា មូលដ្ឋានសម្រាប់ប្រមូលផ្ដុំប្រជានុរាស្ត្រ និងជាប្រភព សម្រាប់បង្កើតបញ្ចេញច្បាប់ទ្រឹស្ដីគោលគំនិត នយោបាយប៉ុណ្ណោះ។ ឯព្រះមហាក្សត្រដែលជាទេវរាជ ជាអ្នកយកច្បាប់យកគោលគំនិត ទ្រឹស្ដីនយោបាយ ទាំងនោះមកអនុវត្តប្រតិបត្តិ។ បើយើងនិយាយ និងប្រើតាមភាសាទំនើបថ្មី បច្ចុប្បន្នក្រុមព្រាហ្មណ៍បុរោហិត ដែលតំណាងដោយព្រាហ្មណ៍សិវកឥវលិយៈ ជាអ្នកធ្វើច្បាប់ ឬ ជារដ្ឋសភា។ ចំណែក ព្រះមហាក្សត្រវិញ ព្រះអង្គមិនធ្វើច្បាប់ទេ។ ព្រះអង្គ ជាអ្នកគោរព និងអនុវត្តធ្វើតាមសេចក្ដីបញ្ញត្តិរបស់ច្បាប់។ ព្រះមហាក្សត្រ ស្ថិតនៅក្រោមអំណាចច្បាប់។ ព្រះអង្គជា តំណាង អំណាចនីតិប្រតិបត្តិ។ ដូច្នេះ ក្នុងការរៀបចំគ្រប់គ្រងប្រទេសកម្ពុជា អ្នកគ្រប់គ្រងឬ អ្នកដឹកនាំខ្មែរ ជំនាន់ព្រះបាទជ័យវរ្ម័នទី២ បានបែងចែកអំណាចជាពីរ ៖ អំណាចនិតិបញ្ញត្តិ និងនីតិប្រតិបត្តិ។ របៀបបែងចែកអំណាចត្រូវបានព្រះមហាក្សត្រខ្មែរ ធ្វើសច្ចាប្រណិធានថាគោរពអនុវត្តធ្វើតាមតរៀងទៅអនាគត។ នេះគឺជាមូលដ្ឋាន និងជាគ្រឹះនគរខ្មែរ។

ការរៀបចំស្ថាប័នជាតិ ការបែងចែកអំណាចនាំមកនូវការរៀបចំស្ថាប័ន។ស្ថាប័ន នេះមានទាក់ទងទៅនឹងការកំណត់ មុខងារកិច្ចការរបស់ក្រុមព្រាហ្មណ៍បុរោហិត និងព្រះមហាក្សត្រ។ ក្រុមព្រាហ្មណ៍ មានភារកិច្ចក្នុងការគោរពរៀបចំធ្វើពិធីបុណ្យ ឲ្យបានត្រឹមត្រូវ ទៅតាមច្បាប់វិន័យ។ ព្រាហ្មណ៍ក៏ត្រូវពិនិត្យ ត្រួតត្រាការអនុវត្តទាំងនោះដែរ។ ហើយករណីយកិច្ចដ៏ធំមួយទៀតរបស់ព្រាហ្មណ៍គឺការអប់រំបង្ហាត់បង្រៀន ព្រះរាជវង្សានុវង្ស និង ផ្ដល់យោបល់គោលគំនិតល្អ ដល់ព្រះមហាក្សត្រ។

រួមសេចក្ដីមក ក្រុមព្រាហ្មណ៍ជាអ្នកថែរក្សាការពារច្បាប់ ធម្មវិន័យក្រឹត្យក្រមក្បួនខ្នាតគម្ពីររបស់ខ្មែរ។ ទិដ្ឋភាពត្រង់នេះ សិលាចារឹកស្តុកកក់ធំ បានបញ្ជាក់ច្បាស់លាស់។ រី ស្ថាប័នដែលជាប់ទៅនឹងព្រះមហាក្សត្រ ឬ អំណាចនីតិប្រតិបត្តិ យើងឃើញមានការបង្កើតក្រុមនាម៉ឺនមន្ត្រី ការរៀបចំសង្គម ការបែងចែករៀបចំទឹកដីភូមិស្រុក និងការបែងចែកធនធាន។

ការស្ថាបនាជាតិ ក្នុងទ្រឹស្ដីទេវរាជក្នុងសិលាចារឹកស្តុកកក់ធំ ពាក្យស្ថាបនាជាពាក្យសំខាន់មានតម្លៃ និងអត្ថន័យធ្ងន់ធំទូលំទូលាយជាងគេ។ ពាក្យស្ថាបនាជា គន្លឹះធំក្នុងទិសដៅនយោបាយកសាងជាតិរបស់ខ្មែរ។ អ្នកដឹកនាំខ្មែរ ត្រូវស្ថាបនាធ្វើដូចម្ដេចឲ្យប្រទេសចម្រុងចម្រើនឲ្យពលរដ្ឋ មានបានសម្បូរសប្បាយចាកផុតពីភាពទុរគត ក្រីក្រតោកយ៉ាកព្រាត់ប្រាសក្រុមញាតិគ្រួសារ។ ការបែងចែកអំណាច រៀបចំស្ថាប័នដាក់គោលការណ៍នយោបាយថ្មី ឲ្យសមស្រប ស៊ីសង្វាក់ ប្រទាក់ប្រទងប្រទាញគ្នាទៅវិញទៅមកត្រូវធ្វើឡើងក្នុងគោលបំណងស្ថាបនា កសាងជាតិ។ ការកសាងទាំងនេះ មិនមែនអនុវត្ត ដោយមិនបានគិតគូរល្អល្អិតល្អន់នោះទេ។ គេក៏មិនមែនធ្វើឲ្យឃើញចេញមានតែរូបរាងទុក សម្រាប់បង្អួតឲ្យគេកោតសរសើរឡើយ។ ការស្ថាបនានេះស្ថិតនៅលើការគាស់ឆ្ការព្រៃទឹកដីថ្មី ឲ្យក្លាយទៅជាស្រែចម្ការជាស្រុកភូមិថ្មី សម្រាប់បង្កបង្កើនភោគផលសម្បត្តិ សង្គមជាតិ។

មុននឹងបានសម្រេចជោគជ័យតាមការគ្រោង ព្រះមហាក្សត្រ និងអ្នកដឹកនាំខ្មែរ បានជួយឧបត្ថម្ភ ប្រជាពលរដ្ឋ ដោយមានចែកទឹកចែកដីទ្រព្យធនធានសត្វពាហនៈ គោក្របីប្រដាប់ប្រដាឧបករណ៍កសិកម្ម និងខ្ញុំកំដរទាសាទាសី។ សក្ខីភាពនេះអាចបង្ហាញថាព្រះមហាក្សត្រ និងអ្នកដឹកនាំជាតិខ្មែរយល់អំពីជម្រៅសេដ្ឋកិច្ច ដែលផ្អែកទាំងស្រុងទៅលើកសិកម្ម។ ដូច្នេះ កម្លាំងនគរស្ថិតនៅលើកសិកម្ម។ ឯការស្ថាបនាកសាងជាតិ ស្ថិតនៅលើការស្ថាបនាកសិកម្ម។ ហើយការបែងចែកទឹកដីភូមិស្រុក ការជួយឧបត្ថម្ភ និងបញ្ជូនប្រជាពលរដ្ឋ ឲ្យទៅកាន់ភពរស់នៅលើទឹកដីថ្មី ក៏ជានយោបាយមួយយ៉ាងល្អដែរក្នុងការថែរក្សាការពារជាតិមាតុភូមិ។

វិគីភីឌា

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s