ចំណុច អវិជ្ជមាន មួយ ចំនួន របស់ ខ្មែរ


ទំនួញ ថ្ងៃ ពុធ៖

ទំលាប់ អាក្រក់ របស់ ខ្មែរ គឺ ការ ចូលចិត្ត ផ្លូវ កាត់។ មាន ន័យ ថា, បើ គេ ចង់ ស៊ី ផ្លែ, គេ កាប់ ដើម ផ្ដួល ដើម្បី បាន ផ្លែ យក មក ស៊ី មួយ ពេល ជាជាង ដាក់ ជណ្ដើរ ឡើង បេះ ប្រើ ទំពក់។ បើ គេ ចង់ ចូល បារ, គេ សុខចិត្ត លក់ ស្រែ ជាជាង សន្សំ ប្រាក់ ទុក ទៅ ផឹក នៅ បារ។ អ្វី ដែល មាន ឈ្មោះ វែង, គេ បំព្រួញ អោយ ខ្លី។ ពាក្យ សំដី ដែល មាន ប្រយោគ វែង គេ ស្ដាប់ បំព្រួញ អោយ ខ្លី ដើម្បី ងាយ យល់ ន័យ, ប៉ុន្តែ ជា ន័យ ខុស។ ពេល និយាយ ក៏ គេ ចូលចិត្ត និយាយ កាត់ៗ គ្មាន សម្ព័ន្ធ ច្បាស់ លាស់ ហើយ យល់ បាន ច្បាស់ តែ ខ្លួន ឯង។

ពាក្យ មួយ ចំនួន ដែល គេ ប្រើ សំរាប់ បញ្ជាក់ ន័យ អោយ ច្បាស់ លាស់ ហាក់ ដូចជា គ្មាន ន័យ ចំពោះ ខ្មែរ, ពីព្រោះ ខ្មែរ ចូលចិត្ត ស្ដាប់ ចោះ យក  ពាក្យ គន្លឹះ ហើយ យល់ ទៅ តាម គំនិត ចង្អៀត របស់ ខ្លួន។

ឧបមា ថា ខ្ញុំ និយាយ ជាមួយ មនុស្ស ម្នាក់ អំពី ទស្សនៈ របស់ ខ្ញុំ ចំពោះ គ្រិស្ទាន ថា៖ «ខ្ញុំ អត់ ចូលចិត្ត សោះ ពួក គ្រិស្ទាន ជ្រុលនិយម», អ្វី ដែល គាត់ នោះ គឺ «អា មួយ នេះ វា អត់ ចូលចិត្ត គ្រិស្ទាន ទេ» ទៅ វិញ ប៉ុន្តែ ពាក្យ ដែល ខ្ញុំ ខំ និយាយ បញ្ជាក់ នៅ ខាង ក្រោយ ថា ជ្រុលនិយម នោះ, គាត់ ផាត់ចោល ទាំងស្រុង។

ពេល ខ្ញុំ និយាយ បែប នេះប្រតិកម្ម អាច មាន ពីរ បែប អាស្រ័យ ថា, អ្នក ស្ដាប់ នោះ ជា គ្រិស្ទាន ជា អ្នក ដែល ស្អប់ គ្រិស្ទាន។ បើ គាត់ ជា គ្រិស្ទាន គាត់ ប្រតិកម្ម ថា, «អូ៎ អា មួយ នេះ ស្អប់ គ្រិស្ទាន» ប៉ុន្តែ តាម ពិត ខ្ញុំ និយាយ ថា «ខ្ញុំ អត់ ចូលចិត្ត សោះ ពួក គ្រិស្ទាន ជ្រុលនិយម», អត់ បាន និយាយ ថា អត់ ចូលចិត្ត គ្រិស្ទាន ទេ។

ប៉ុន្តែ បើ គាត់ ជា អ្នក ស្អប់ គ្រិស្ទាន វិញ, ប្រតិកម្ម របស់ គាត់ គឺ, «អើ, យ៉ាប់ ណាស់ ពួក អា គ្រិស្ទានគឺ គាត់ ម៉ៅ យក ទាំង អស់ ចំពោះ គ្រិស្ទាន ទោះបី ជា ខ្ញុំ និយាយ តែ អំពី ពួក គ្រិស្ទាន ជ្រុលនិយម ក្ដី។

ឧទាហរណ៍ ផ្សេង ទៀត៖ ឧបមា ថា គាត់ ទៅ ពេទ្យ ធ្វើ ការវះកាត់ យ៉ាង តូច បំផុត មួយ, ប៉ុន្តែ ពេទ្យ គេ មាន កាតព្វកិច្ច ប្រាប់ អោយ គាត់ ដឹង អំពី គ្រោះថ្នាក់ ដ៏ តូច បំផុត មួយ ដែល អាច កើត ឡើង, ប៉ុន្តែ គាត់ ស្ដាប់ ត្រឹមតែ ពាក្យ «គ្រោះថ្នាក់», ចំណែក អា ពាក្យ ថា តូច បំផុត និង ពាក្យ ថា «អាច» នោះ, គាត់ ផាត់ចោល ទាំងស្រុង ហើយ គាត់ ថា, ទេ បើ ធ្វើ ទៅ មាន គ្រោះថ្នាក់, តើ ធ្វើ រក ងាប់ អី?

សរុប សេចក្ដី ទៅ, ក្រៅពី ទំលាប់ ខ្លួន ស្ដាប់ កាត់ៗ, និយាយ កាត់ៗ, ខួរក្បាល ខ្មែរ ភាគច្រើន គឺ ទាក់ទាញ តែ ចំណុច អវិជ្ជមាន។ មិន ថា ចំណុច អវិជ្ជមាន នោះ មាន ទំហំ តូច យ៉ាង ណា, គេ ចូលចិត្ត ឆ្កឹះ យក ទៅ ពង្រីក អោយ ធំ ប៉ោង ដូច ពាក្យ ចាស់ ថា «ក្អែក មួយ ជា ក្អែក ដប់»

ក្រៅ ពី ចំណុច ទាំង នេះ, នៅ មាន ចំណុច មួយ ទៀត ដែល គួរ អោយ ធុញគឺ ការចូលចិត្ត និយាយ ពាន ពី លើ គេ។ គាត់ កំរ ទុក ឱកាស អោយ គេ និយាយ បាន ចប់ ណាស់, មិន ថា អ្នក នោះ ជា ដុកទ័រ ជា មេធាវី ដែល តាម ពិត គាត់ ជា អ្នក ទៅ រក ដំបូន្មាន ពី គេ សោះ នោះ ទេ។ ពោល គឺ គាត់ ស្ដាប់ ដែរ ប៉ុន្តែ ស្ដាប់ សំរាប់ ចាំ ឆ្លើយ ដើម្បី អោយ គេ ដឹង ថា, «អញ ដឹង ខ្លះ ដែរមិនមែន ដំឡូង មូល ទេ» សំរាប់ មនុស្ស ជានា, កាលណា គេ ចង់ បាន ដំបូន្មាន អ្វី មួយ ពី អ្នកឯកទេស, គេ ស្ដាប់ អ្នក ផ្ដល់ ដំបូន្មាន នោះ ដោយ យក ចិត្ត ទុក ដាក់។ ពេល គេ និយាយ ចប់ អស់ ហើយ ទើប គេ សួរ សំនួរ តាម ក្រោយ។ ចំណែក ឯង ឯណេះ វិញ, គេ និយាយ បាន ម៉ាត់ កាត់ មាត់ គេ ថា, «អូ អា ហ្នឹង ខ្ញុំ ដឹង តើគេ និយាយ បាន ១០ ម៉ាត់ ទៀត, កាត់ មាត់ សួរ គេ រឿង ផ្សេង ធ្វើ ហី។

រាល់ ចំណុច អស់ នេះ, អ្នក ដែល ខាតបង់ គឺ ខ្លួន ឯង ពីព្រោះ វា បង្ហិន ពេលវេលា ផង ហើយ វា ធ្វើ អោយ ច្របូកច្របល់ ផង និង ធ្វើ អោយ គេ ធុញ ផង។ កាលណា គេ ធុញ, គេ ជួយ បាន ត្រឹម លំៗ បង្គ្រប់ កិច្ច ពីព្រោះ ពេល ខ្លះ, អា អ្នក សុំ អោយ គេ ជួយ ហ្នឹង វា smart ass ជាង អា អ្នក កំពុង ជួយ ទៅ ទៀត!