ព្រោះតែការកកស្ទះចរាចរណ៍ មនុស្សលោកជាច្រើនរមែងសុបិនស្វែងរកមធ្យោបាយមួយ ដើម្បីគេចផុតពីកំណកចរាចរណ៍នេះ។

រថយន្តដែលអាចហោះហើរបាន ឈ្មោះ Terrafugia Transition
ចូរឈប់សុបិនទៀតទៅ ព្រោះរថយន្តដែលអាចហោះបានជាលើកដំបូងរបស់ពិភពលោកបានធ្វើការហោះហើររបស់ខ្លួនជាលើកដំបូង ដោយសំកាំងនៅលើលំហមេឃនៃសហរដ្ឋអាមេរិក។ មុនពេលចុះចតនោះ គេគ្រាន់តែចុចប៊ូតុង នោះស្លាបវានឹងបត់ចូល ហើយអាចរត់នៅលើផ្លូវធំបាន។
រថយន្តដែលអាចហោះហើរបាន ឈ្មោះ Terrafugia Transition អាចបើកក្នុងល្បឿនមធ្យម ១៨៥ គ.ម ក្នុងមួយម៉ោង។
លោកខាល ឌីទ្រិច (Carl Dietrich) អ្នកបង្កើតរថយន្ត Terrafugia បាននិយាយថា ការរកឃើញនេះ នឹងកែប្រែចល័តភាពនៃពិភពលោក។ វាជាអ្វីដែលពួកអ្នកចូលចិត្តផ្នែកអាកាសចរណ៍ បានខិតខំស្វែងរកតាំងពីឆ្នាំ ១៩៩៨ មកម៉េ្លះ។
ក្រុមហ៊ុនអះអាងថា រថយន្តដែលអាចហោះបាននេះ អាចសំកាំងក្នុងអាកាសចម្ងាយ ៦៤៣.៧៣ គ.ម ដោយប្រើធុងសាំងតែមួយធុងទេ។ ទន្ទឹមគ្នានេះដែរ ការចាក់សាំងបន្ថែមមិនតម្រូវឲ្យធ្វើអ្វីច្រើនទេ ដោយគ្រាន់តែបើកបរទៅរកទីធ្លាស្ថានីយប្រេងក្បែរនោះ ហើយចាក់សាំងដែលគ្មានជាតិសំណបាហាំងចូល។
មានរថយន្តដែលអាចហោះបានដទៃទៀត ត្រូវបានបង្ហាញពីមុនមក ប៉ុន្តែ នេះគឺជាការធ្វើដំណើរលើអាកាស មករត់នៅលើផ្លូវបានដោយរលូន។
ទោះបីជាយ៉ាងណាក៏ដោយ ក៏នៅមានឧបសគ្គបន្តិចបន្តួច។ រថយន្តដែលអាចហោះបាននេះ នឹងមានតម្លៃប្រហែល $១៩៨, ៥៧៥ នៅពេលចាប់ផ្តើមដាក់ឲ្យប្រើប្រាស់ តែទោះយ៉ាងណា ថ្លៃនេះមិនថ្លៃជាងរថយន្តទំនើបម៉ាក Bentley ទេ។
អ្នកបើកបរ ចាំបាច់នឹងត្រូវផ្តល់ប័ណ្ណបើកបររថយន្ត ឬប័ណ្ណបើកបរយន្តហោះពេញលេញផងដែរ ប្រសិនបើត្រូវបានគេបញ្ឈប់នៅពាក់កណ្ដាលការហោះហើរ។
ដោយសារវាជាប្រភេទយន្តហោះដ៏ស្រាល យន្តហោះនេះ នឹងជម្នះនឹងការហោះហើរក្នុងអាកាសធាតុមិនល្អ, គំហើញមិនសូវច្បាស់ ឬលំហអាកាសដែលត្រូវបានកំណត់ ប៉ុន្តែវាមានអត្ថប្រយោជន៍បន្ថែមទៀត ក្នុងការបន្តការធ្វើដំណើរតាមផ្លូវថ្នល់ ប្រសិនបើលក្ខខណ្ឌអាកាសធាតុប្រែជាអាក្រក់។
ក្រុមហ៊ុនបានធ្វើការសាកល្បងដោយឲ្យលោក ហ្វីល មេទៀ (Phil Meteer) អតីតវរសេនីយ៍ឯកទ័ពអាកាសបើកបរជើងហោះហើរដំបូង កាលពីដើមខែនេះ។
លោកបានប្រាប់វិបសាយ AV ថា “ការហោះហើរដំបូងមិនគួរឲ្យកត់សម្គាល់ទេ។ ខ្ញុំបានធ្វើការហោះហើររាប់ពាន់ម៉ោង ដែលមានយន្តហោះគ្រប់ប្រភេទចាប់ពី Pipercubs រហូតដល់ F-16s ហើយយន្តហោះ Transitions នេះហោះហើរដូចជាយន្តហោះល្អពិតប្រាកដដែរ”។ យន្តហោះ Transitions ត្រូវបានចាត់ទុកថាជាយន្តហោះដ៏ស្រាលមួយ ដែលស័ក្តិសមទៅនឹងប្រភេទ “Light Sport” របស់អាមេរិក ហើយវាងាយស្រួលទទួលបានអាជ្ញាប័ណ្ណ។
ក្រុមហ៊ុនកំពុងតែរង់ចាំវិញ្ញាបនបត្រពីរដ្ឋបាលសុវត្ថិភាពដឹកជញ្ជូនជាតិ។ យន្តហោះ Light Sport នឹងត្រូវបានយកទៅប្រើប្រាស់នៅលើផ្លូវថ្នល់ និងលើមេឃក្នុងពេលឆាប់ៗនេះ។៚