ឆ្កែចចកមួយក្បាល ស៊ីលោភខ្លាំងពេក ក៏ស្លាក់ឆ្អឹងនៅទទឹងក។ វាបានរត់ទៅរកសត្វក្រៀល អោយជួយលូកយកឆ្អឹងចេញ។
“ខ្ញុំនឹងជូនរង្វាន់ឯងយ៉ាងគាប់ចិត្ត, ប្រសិនបើឯង ជួយដកឆ្អឹងចេញពីបំពង់ករបស់យើង,” ចចកនិយាយ ទៅកាន់សត្វក្រៀល។
សត្វក្រៀលដឹងថា ការដាក់ក្បាលចូលទៅក្នុងមាត់ របស់ឆ្កែចចក មិនមែនជារឿងល្អទេ ប៉ុន្តែដោយសារសារជាតិលោភលន់របស់វា, វាក៏យល់ព្រមធ្វើតាមឆ្កែចចក។
បន្ទាប់ពីឆ្កែចចក បានទទួលអារម្មណ៍ថា ឆ្អឹងបានរបូតចេញពីបំង់កវាហើយ វាក៏ដើរចេញយ៉ាងហី។
“ឯណារង្វាន់របស់ខ្ញុំ?” សត្វក្រៀលស្រែកសួរទាំងអន្ទះសារ។
ឆ្កែចចកគ្រហឹម រួចបែរក្រោយ និយាយទៅកាន់សត្វក្រៀលថា៖
“ស្អី! ប៉ុណ្ណឹងមិនគ្រប់គ្រាន់ទេឬ? អញអនុញ្ញាតអោយឯង ដកក្បាលចេញពីមាត់អញ ដោយពុំខាំត្របាក់នោះ គឺសំណាងឯងហើយ!”
នៅពេលបម្រើមនុស្សអាក្រក់ កុំរំពឹងចង់បានរង្វាន់។