ការរង គ្រោះ ពិតប្រាកដ និង ការគិត ថា ខ្លួន ជា ជន រង គ្រោះ គឺ ជា រឿង ពីរ ផ្សេង គ្នា។ កាល ណា ខ្លួន ជឿ ថា, ខ្លួន ជា អ្នក រង គ្រោះ, ទោះ ទៅ ដល់ ក្រហែង ណា ក៏ អ្នក នៅ តែ សម្លឹង ឃើញ ថា មនុស្ស នៅ ជុំវិញ ខ្លួន អ្នក សុទ្ធ តែ មាន ចំណែក ទទួលខុសត្រូវ នៅ ក្នុង ទុក្ខសោក នៃ ជីវិត របស់ អ្នក។ ទោះ ទៅ ដល់ ទ្វីប ណា ក៏ ឃើញ ពិភពលោក ជា ឋាន នរក។ ចូរ ដឹងថា, ពុំ មែន មនុស្ស ទាំង អស់ សុទ្ធ តែ ក្រោក ពី ដំណេក ជាមួយ នឹង ផែនការ សម្រាប់ ព្យាបាទ អ្នក ដោយ របៀប ណា នោះ ទេ។ ម្នាក់ៗ ប្រឹង ដើម្បី ជីវិត គេ រៀងៗ ខ្លួន, ហើយ គេ អត់ មាន ជំពាក់ អ្វី ដល់ អ្នក ឡើយ។ ដូច លោក ម៉ាក ថ្វេន បាន សរសេរ ថា “ពិភពលោក អត់ មាន ជំពាក់ អី ដល់ អ្នក ទេ។ ពិភពលោក នៅ ទី នេះ មុន អ្នក ជា យូរ មក ហើយ”។ ព្រះ ពុទ្ធ ក៏ បាន ប្រដៅ ដែរ ថា ខ្លួន ទីពឹង ខ្លួន។ រឿង អកុសល ដែល កើតឡើង ចំពោះ ខ្លួន, មិន មែន សុទ្ធ តែ ជា ផែនការ អាក្រក់ របស់ អ្នក ដទៃ នោះ ទេ។
Self-development
តម្លៃ របស់ យើង គឺ យើង ជា អ្នក កំណត់
អារម្មណ៍ ដ៏ ថប់ បំផុត គឺ, នៅ ក្នុង កែវ ភ្នែក អ្នកដទៃ យើង ប្រៀប ដូច ជា ពេជ្រ ឆ្នៃ, ប៉ុន្តែ នៅ ក្នុងកែវ ភ្នែក ញាតិ ខ្លួន ឯង វិញ, គឺ ត្រឹម ជា ធ្យូង មួយ ដុំ។ ប៉ុន្តែ អារម្មណ៍ គាប់ចិត្ត បំផុត គឺ ការសម្រេច បាន នូវ អ្វី ដែល អ្នក ដទៃ, ជាពិសេស សាច់ញាតិ, ដៅ ទុក ថា យើង ធ្វើ មិន កើត។ តាម ពិត ទៅ, យើង ជា អ្នក ណា, គឺ ខ្លួន យើង ជា អ្នក កំណត់, ហើយ តម្លៃ របស់ យើង ខ្ពស់ ឬ ទាប ក៏ គ្មាន អ្នក ណា អាច មក កំណត់ បាន ដោយ គ្មាន ការយល់ព្រម ពី យើង។
គប្បីហ៊ានពត់ស្រឡៅ គប្បីហ៊ានប្រដៅមនុស្សខូច

បើយើងមានបញ្ញា ពូកែច្នៃគំនិត យើងនឹងមានអ្វីៗល្អៗសម្រាប់ប្រើ។ ឯឈើមិនប្រសើរ ក៏ក្លាយ ជាសង្ហារឹមដ៏មានតម្លៃ ដោយសារស្នាដៃយើង។
អត្ថបទអប់រំរបស់អ្នកស្រី កែវច័ន្ទបូរណ៍
“កុំពត់ស្រឡៅ កុំប្រដៅមនុស្សខូច” ជាសំដីរបស់សង្គមជន ដែលខ្វះសមត្ថភាព កែស្រឡៅ ឬជនដែលអង្គុយ មើលបំណាំ តែម៉្យាង។ ស្រឡៅរឹងមែន ស្រួយមែន តែក៏មិនរឹង មិនស្រួយ ចំពោះ អ្នកមានទេពកោសល្យ ខាងអារឆ្លាក់ឈើ អោយក្លាយជា តុ ទូគ្រែ ក្តារក្រាលផ្ទះ និងគ្រឿងសង្ហារឹម ល្អៗថ្លៃថ្នូរ ក្នុងលំនៅដ្ឋាននោះឡើយ។ ស្រឡៅ មិនសូវមានដើមត្រង់ខ្ពស់ឡើងលើ ដូចបេង ធ្នង់ឡើយ តែស្រឡៅ មានសាច់ឈើ ងាយប្រេះងាយស្រាំ ដូចឈើកកោះ ហើយច្រើនមានមែក មានខ្នែង មានពក ក្ងិកក្ងក់ ទៅតាមពូជរបស់ខ្លួន។ ថ្វីបើយ៉ាងនេះក៏ដោយ អ្នកមានទេពកោសល្យ នៅអាចកែស្រឡៅ អោយទៅជាគ្រឿងសង្ហារឹមបាន យ៉ាងស្អាតប្រសើរ ហើយលក់មានតម្លៃលើសសង្ហារឹមធម្មតា ទៀតផង។ ពកស្រឡៅ ពកកកោះ មានក្រឡាល្អណាស់ បើគេច្រៀកអារជាបន្ទះៗ យើងនឹងឃើញរចនាបថប្លែកៗ តាមលក្ខណៈធម្មជាតិរបស់សាច់ឈើ។ នៅពេលគេចៀរជាបន្ទះរួចហើយ គេច្រើនចៀរសាច់ឈើខាង ចេញជារាងមូល រាងផ្កាយ រាងពងក្រពើ ឬ ជារាងអ្វីក៏បាន សម្រេចនៅលើអ្នកពូកែច្នៃប្រឌិត។ ពកឈើកកោះ ពកឈើស្រឡៅ អាចលក់បានថ្លៃជាងឈើធម្មតា ដោយសារក្រឡាដ៏ស្រស់ស្អាតប្លែក របស់សាច់ឈើ។ ភាគច្រើន គេច្រើនយក បន្ទះពកឈើកកោះ ពកឈើស្រឡៅ ឬឈើខ្លឹមដទៃទៀត ទៅបិតពីលើឈើធម្មតា ដើម្បីអោយចេញជាក្បាច់រចនា យ៉ាងស្អាត ទាក់ទាញភ្នែកអតិថិជន។ ដោយសារមូលហេតុនេះហើយ ទើបធ្វើអោយឈើស្រឡៅ មានតម្លៃជាងរូបសណ្ឋានរបស់ដើម ថ្វីបើមើលពីក្រៅទៅ ឃើញមែក ពកក្ងិកក្ងក់ មិនត្រង់ស្អាត ដូចឈើធម្មតា។ រីឯអ្នកឆ្លាត ក៏មិនចេះតែយកឈើព្រៃ មកផលិតត្រឹមតែ ក្តារផ្ទះត្រង់ៗនោះដែរ។ មានពាក្យស្លោកមួយទៀត ដែលចែងថា កោងធ្វើកង់ត្រង់ធ្វើកាំ មានន័យថា យើងគប្បីរក្សា គំនិតរចនាបថ អោយបានច្រើនបែប ប្លែកៗខុសពីអ្នកដទៃ មិនមែនចម្លងបែបតែម៉្យាង ដូចដែលធ្លាប់មាន ក្នុងសង្គមខ្មែរបុរាណនោះឡើយ។
ទំនួលខុសត្រូវផ្ទាល់ខ្លួន
សួនច្បារ ឬជាសួនស្មៅ គឺអាស្រ័យលើយើង
យើងអាចបន្ទោសអ្នកធំយ៉ាងនេះ អ្នកមានអំណាចយ៉ាងនោះ! អាងតែមានអំណាច ធ្វើអ្វីស្រេចនឹងចិត្ត! ជាការពិត ដែលអ្នករងគ្រោះសង្គមទូទៅ តែងយល់ថា ខ្លួនគ្មានកំហុស ឬគ្មានចំណែកនៅ ក្នុងភាពអកុសលទាំងនោះទេ, ប៉ុន្តែទោះជាយ៉ាងណាក្ដី, ទទួលស្គាល់ ឬមិនទទួលស្គាល់ក្ដី, អ្នករងគ្រោះសង្គមទាំងនោះ ក៏មានចំណែកទទួលខុសត្រូវ នៅក្នុងភាពអកុសលទាំងនោះដែរ។
ចូរយើងយករឿងដ៏តូច ហើយងាយស្រួលបំផុត មកធ្វើការប្រៀបធៀបថា យើងមានសួនច្បារមួយ ហើយយើងពុំដែលជីកស្មៅជម្រះ ថែទាំ ដាំផ្កា ឬដាំដំណាំអ្វីឡើយ។ សួនច្បារដែលគួរមានសណ្ដាប់ធ្នាប់ និងភាពស្រស់បំព្រងនៃផ្កាចម្រុះ ឬដំណាំបន្លែទាំងឡាយ ក៏ក្លាយទៅជាសួនស្មៅស៊ុបទ្រុបទៅវិញ។ តើយើងអាចបន្ទោសស្មៅទាំងនោះ ដែលដុះស៊ុបទ្រាំដែរឬទេ? បើយើងមិនបោសសម្អាត បន្ទប់ដេករបស់ខ្លួនទេ, តើយើងត្រូវបន្ទោសធូលី ដែលចេះតែមកធ្វើអោយប្រឡាក់ឬទេ?
បើនិយាយអំពីមនុស្ស ក៏មិនខុសគ្នាពីស្មៅ និងធូលីនោះដែរ។ ភាពវៈល្អ និងភាវៈអាក្រក់ជាគូនឹងគ្នា ហើយកាលណាភាគីណាមួយធ្វេសប្រហែស ភាគីម្ខាងទៀតនឹងគ្របដណ្ដប់។ កំហុសទូទៅរបស់ជនរងគ្រោះសង្គម គឺភាពតោះតើយ, ដំណើរខ្ជិលច្រអូស, ភាពយករួចខ្លួន ហើយនាំគ្នានិយាយយកត្រូវ ដើម្បីកុហកលួងចិត្តខ្លួនឯងថា [ទោះមិនបានធ្វើបុណ្យ ឬធ្វើល្អក៏ដោយ] “ដរាបណាខ្លួនមានបានធ្វើបាបអ្នកណា ខ្លួនជាមនុស្សល្អ” ហើយវិលវល់តែនឹងខ្លួនឯង ឥតបើកភ្នែកមើលរឿងអកុសលនៅជុំវិញខ្លួន។
ភាពលាក់ពុតនៃភាសិតខ្មែរ “ពុតគ្រូកុំត្រាប់ ច្បាប់គ្រូសឹមយក”
នៅក្នុងសម្ភាសន៍ ជាមួយវិទ្យុអាស៊ីសេរី អំពីសុភាសិតខ្មែរ “ពុតគ្រូកុំត្រាប់ ច្បាប់គ្រូសឹមយក”, លោកព្រឹទ្ធាចារ្យ មាស លី បកស្រាយថា «ទ្រឹស្ដីរបស់អ្នកប្រាជ្ញហ្នឹងក៏តៗគ្នាមក ដើម្បីប្រៀនប្រដៅកូនខ្មែរ។ ពុតគ្រូហ្នឹងវាមានល្បិចកលច្រើនដែរ ការបង្រៀនរបស់គ្រូហ្នឹង។ លក្ខណៈរបស់គ្រូហ្នឹង គឺលោកបង្រៀនចង់ឲ្យសិស្សចេះ ប៉ុន្តែលក្ខណៈដែលជាចរិតអត្តចរិតរបស់គ្រូហ្នឹង ជួនកាលគ្រូខ្លះកាច ជួនកាលគ្រូខ្លះរាយមាយ ជួនកាលគ្រូខ្លះធ្វើអំពើអត់ប្រយោជន៍។ ទាំងអស់ហ្នឹង កុំយកទៅតាមពុតហ្នឹង លោកមិនឲ្យត្រាប់ទេ»។
អ្វីដែលលោកបកស្រាយ អំពីអត្ថន័យរបស់សុភាសិត គឺពុំមានកន្លែងណាខុសទេ, អ្វីដែលខុស គឺគំនិតនៅពីក្រោយសុភាសិតនេះតែម្ដង។ ការអប់រំមនុស្ស ពុំអាចចេះតែនិយាយចេញ អោយផុតពីមាត់ ហើយរំពឹងអោយគេ ធ្វើតាមសម្ដីខ្លួននោះឡើយ។ របៀបរីកចម្រើនរបស់មនុស្សលោក គឺការរៀនធ្វើតាមគ្នា ពីមួយទៅមួយជាគំរូ។ សូម្បីតែសត្វតិរិច្ឆាន ក៏វាត្រាប់តាមគ្នាដែរ។
ដូច្នេះ, អ្នកដែលបង្កើតសុភាសិតនេះឡើង គឺដើម្បីលើកលែងអោយខ្លួន អាចធ្វើអ្វីផ្ទុយនឹងការបង្រៀនរបស់ខ្លួន នៅខណៈដែលខ្លួន កំពុងបង្គាប់បញ្ចាគេ អោយគោរពតាមការអប់រំរបស់ខ្លួនប៉ុណ្ណោះ។ នេះគេហៅថា “គីង្គក់លក់ថ្នាំស្រែង”។ សូមមនុស្សជំនាន់ក្រោយ កុំយកភាសិតសម្អុយនេះ មកអនុវត្តទៀត ពីព្រោះវាជាការបង្រៀន និងជាលេស សម្រាប់អោយមនុស្ស មានភាពលាក់ពុតប៉ុណ្ណោះ។
បើចង់អោយមនុស្សគោរព, គួរប្រព្រឹត្តិខ្លួនជាគម្រូ។ បើខ្លួនបង្រៀនគេអំពីសីលធម៌សង្គម ត្រូវប្រព្រឹត្តិខ្លួន អោយស្របនឹងគោលការណ៍ នៃអ្វីដែលខ្លួនកំពុងបណ្ដុះបណ្ដាល។ បើខ្លួនជាមន្ត្រីច្បាប់ ត្រូវគោរព និងអនុវត្តទៅតាមគោលការណ៍ច្បាប់។ បើខ្លួនជាព្រះសង្ឃ ត្រូវប្រព្រឹត្តិខ្លួនអោយសមនឹងធម៌វិន័យ។ នោះហើយជាការដឹកនាំដោយគំរូ។ ការអប់រំមនុស្ស គឺគេត្រូវដឹកនាំពីមុខ ដូចគ្នានឹងការដឹកមុខគោក្របីដូច្នោះ។ យើងមិនអាចរុញពីក្រោយ ហើយខឹងគោដើរមិនត្រង់ផ្លូវនោះឡើយ។ សូមធ្វើខ្លួនជាអ្នកដឹកនាំ កុំធ្វើជាអ្នកបញ្ជា!!!
ចចក ពីរ ក្បាល
បុរស ចំណាស់ នៃ កុលសម្ព័ន្ធ ឥណ្ឌីឆេរ៉ូគី (ជនជាតិ ដើម អាមេរិកាំង) ម្នាក់ និយាយ ប្រាប់ ចៅប្រុសខ្លួន ថា៖
-ចៅ សម្លាញ់, នៅ ក្នុង ខ្លួន យើង មាន ការប្រយុទ្ធ គ្នា យ៉ាង ខ្លាំងក្លា មួយ រវាង ឆ្កែ ចចក ពីរ ក្បាល ដែល តំណាង ភាវៈ ល្អ និង ភាវៈ អាក្រក់។ ខាង ភាវៈ អាក្រក់ គឺ មាន កំហឹង, ក្ដីច្រណែន, ការលោភលន់, ការតូចចិត្ត, ភាពអន់ ជាង គេ, ការភូត កុហក, និង អំនួត អាត្មា។ ឯ ខាង ភាវៈ ល្អ គឺ មាន ក្ដីរីករាយ, សន្តិភាព, ក្ដីស្រឡាញ់, ក្ដីសង្ឃឹម, ការចេះ ដាក់ ខ្លួន, ក្ដីមេត្តា, ការចេះ យល់ចិត្ត, និងសេចក្ដីពិត។
ចៅប្រុស សញ្ជឹង គិត មួយ ភ្លែត ហើយ សួរ, “លោក តា, ចចក មួយ ណា ឈ្នះ?”
តា ឆ្លើយ, “គឺ ចចក ណា ដែល យើង អោយ អាហារ វា ស៊ី ជា អ្នក ឈ្នះ។”
The greatest oak was once a little nut that held its ground!
ការងារ សុចរិត…
អ្នក ដែល ធ្វើ ការងារ សុចរិត ដោយ កម្លាំង ញើសឈាម ខ្លួនឯង ទើប យល់ អំពី តម្លៃ ប្រាក់។ ចំណែក អ្នក រក វៀចវេរ ឬ អ្នកដេកស៊ី, ដេកសុំ ចាំតែ គេ អោយ, ទោះ មាន ភាពងាយស្រួល យ៉ាងណា ក៏ បាន ត្រឹមតែ បណ្ដោះអាសន្ន ហើយ ត្រូវ លះបង់ ការប្រឹងប្រែង ដែល ជា អត្ថន័យ ពិតប្រាកដ នៃ គោលបំណង ជីវិត សម្រាប់ ការលូតលាស់ របស់ មនុស្ស។ ជាក់ស្ដែង នៅ តាម កាស៊ីណូ, គេ កម្រ ឃើញ អ្នក ដែល ធ្វើ ការងារ ទៀងត្រង់ យក ប្រាក់ ដែល ជា កម្លាំង ញើសឈាម របស់ គេ ទៅ ចាក់ល្បែង បំផ្លាញ ណាស់។ ភាគច្រើន គឺ ពួក រក លុយ បាន តាម ផ្លូវ អបាយមុខ (ស្រី លក់ ខ្លួន, ចោរ លួច របស់, អ្នក លក់ គ្រឿងញៀន, អ្នក ទទួល ការសូកប៉ាន់) ឬ អ្នក ដេកស៊ី បន្លំលុយ រដ្ឋ។ ចំណែក វង់ល្បែង តាម ផ្ទះ វិញ, គេ លេង ស៊ីក្រហម មួយ គ្រាប់ សុទ្ធតែ ៥០សេន ទៅមួយដុល្លារ។
ដំណើរ រីកចម្រើន របស់ មនុស្ស គឺ ប្រៀប ដូចជា កសិកម្ម ស្រូវអង្ករ ដូច្នោះ ដែរ, គឺ ទាមទារ ការប្រឹងប្រែង ពី មួយ ជំហាន ទៅ មួយ ជំហាន។ គេ មិន អាច យក សំណាប ទៅ ស្ទូង ដោយ គ្មាន ការ ភ្ជួររាស់ ដី នោះ ឡើយ។ យើង ឃើញ គេ មានបាន ដោយសារ ផ្លូវកាត់, កេងបន្លំ, ប៉ុន្តែ អ្វី ដែល យើង បាន ឃើញ នោះ គឺ គ្រាន់តែ ជា ភាពរុងរឿង ដែល ជះ ពន្លឺ តែ មួយ ភ្លែត ប្រៀប ដូចជា ភ្លើង ចំបើង ប៉ុណ្ណោះ។ នៅ ចុង បញ្ចប់, គេ ធ្វើ អ្វី នឹង បាន ទទួល ហ្នឹង។ ជាក់ស្ដែង អ្នក លួច កោស MediCal បន្លំ ភ្នែក រដ្ឋ កាល ពី ដប់-ម្ភៃ ឆ្នាំ មុន នោះ តើ មាន អ្នកណា នៅ ហ៊ឺហា មក ទល់ សព្វថ្ងៃ ទេ? អ្នកខ្លះ ដេក ទ្រុងសារិកា, អ្នកខ្លះ រត់ គេច ខ្លួន ដល់ ប្រទេស ផ្សេង នៅ តែ FBI ចាប់ក្របួច យក មក វិញ, ហើយ ពេល ចេញ ពី គុក, រហាម លើស ដើម។
ជួនកាល យើង ឃើញ គេ ជិះ ឡាន ប្រណីត, សង្ហា អស្ចារ្យ, ប៉ុន្តែ យើង អត់ ដឹង ថា គេ កំពុង បើកបរ រក កន្លែង សម្រាប់ ចង ក ដើម្បី បញ្ចប់ រឿង សោះ។
ការងារ ទៀងត្រង់, ទោះ គ្មាន ភាពរុងរឿង, ហ៊ឺហា, ប៉ុន្តែ មនសិកា ភ្លឺ ជ្រះ, គ្មាន ការខ្លាចមុខ ខ្លាចក្រោយ, ភ័យខ្លាច កម្មពៀរ តាម ទាន់។ យើង អាចរី ករាយ នឹង អ្វី ដែល ខ្លួន រក បាន ដោយ កម្លាំង ញើសឈាម ខ្លួនឯង ជាជាង សៅហ្មង នឹង របស់ ដែល ខ្លួន គ្មាន ហើយ មើល រំលង អ្វី ដែល មាន។
កុំកំណត់អ្នកដទៃ ឬកំណត់ខ្លួនឯង ដោយផ្អែកលើកំហុសមួយពេល
ការរស់នៅ ពី មួយ ថ្ងៃ ទៅ មួយ ថ្ងៃ របស់ មនុស្ស រមែង មាន ការប្រព្រឹត្តិ ខុស។ ប៉ុន្តែ សំខាន់ គឺ កុំ ទុក អោយ កំហុស នោះ កំណត់ ខ្លួនឯង ជា អ្នកណា។ ចំពោះ អ្នក ដទៃ ក៏ ដូច្នោះ ដែរ, យើង មិន គួរ កំណត់ គេ ជា អ្នកណា ដោយ ផ្អែក ទៅ លើ កំហុស មួយ នៅ ក្នុង អតីតកាល ឡើយ។ ភាគច្រើន យើង ចងចាំ មនុស្ស ដោយសារ គេ ជំពប់ ជើង ដួល, ប៉ុន្តែ យើង អត់ ចងចាំ សោះ ថា, បន្ទាប់ ពី ដួល រួច, គេ ក៏ បាន ងើបឡើង វិញ ដែរ។ មនុស្ស គ្រប់គ្នា ត្រូវការ ឱកាស ទីពីរ។ បើ ខ្លួន គិត ថា, ខ្លួនគួរតែ មាន ឱកាស ជា លើក ទី ពីរ, អ្នក ដទៃ ក៏ គួរ ទទួល បាន នូវ ឱកាស ជា លើក ទី ពីរ ដូច ខ្លួន យើង ដែរ។