កវី នូកន អ្នកប្រើពាក្យថា “ ប្រលោមលោក ” មុនគេ


នូ កន

ប្រភព: http://www.chanbokeo.com

ភ្នំពេញ: សៀវភៅអក្សរសិល្ប៍ខ្មែរសតវត្សទី២០ របស់លោក ឃីង ហុកឌី បានកត់សំគាល់ថា លោក នូ កន ជាអ្នកប្រើពាក្យថា “ ប្រលោមលោក ” មុនគេ សម្រាប់បកប្រែភាសាបារាំងថា roman សំដៅដល់ប្រភេទរឿងជាពាក្យរាយធម្មតា មិនមែនជារឿងល្បែងដែលខ្មែរយើងពីបុរាណ តែងតែសរសេរជាពាក្យកាព្យ ។

នូ កន ជាកវីពុទ្ធសាសនិក និង ជាមន្ត្រីរាជាការដ៏មានឈ្មោះល្បីម្នាក់នាចុងសតវត្សទី២០ ក្នុងរជ្ជកាលព្រះករុណា នរោត្តម ។ កវីរូបនេះបានបន្សល់ទុកនូវស្នាដៃដ៏ល្បី ល្បាញមួយចំនួន ហើយស្នាដៃដែលខ្មែរគ្រប់ស្រទាប់ស្គាល់ជាងគេគឺរឿង ទាវឯក ។ ខាងក្រោមនេះជាសម្រង់ដកចេញពីរឿង ទាវឯក ។
– ឯទាវមៀងមើលឃើញអ្នកឯក ល្អល្អះចម្លែក ឈរនៅក្រៅ
ស្គាល់ជាអ្នកប្រុស ឆោមស្រងៅ ស្រែកហៅមេនោ មកមើលផង ។
– អង្គុយនិត្យនៅ នាបង្អួច ក្នុងចិត្តកើតកួច ភក្ត្រសៅហ្មង
ទន្ទឹងរឹងថប់ ក្រៃកន្លង លុះឯកដល់ហោង បានស្បើយទុក្ខ ។
– ទើបឯកឆ្លាសឆ្លើយ ឆ្លងវាចា ថាហៃប្អូនភ្ងា នាងបានសុខ
ឯបងនេះសោត សឹងកើតទុក្ខ តាំងពីឈមមុខ ទុក្ខបងធ្ងន់ ។

រឿងទាវឯក មានទម្រង់ដូចរឿងទុំទាវ ដែលនិពន្ធដោយភិក្ខុសោមដែរ ដែលជាហេតុ នាំអោយ អ្នកខ្លះយល់ថា លោក នូ កន ចំលងតាមរឿងទុំទាវ ។ ទោះយ៉ាងណាលោកបានអះអាងនៅក្នុងអារម្ភកថា ថាលោកបានចេះចាំរឿងទាវឯកនេះដោយសារបានឮអ្នកចំរៀងហ្លួងច្រៀង ថា្វយព្រះករុណា នរោត្តម ព្រះសណ្តាប់នៅក្នុងព្រេះបរមរាជវាំង ។ ហេតុនេះ រឿងទាវឯក នេះមិនមែនជាការកើតគំនិតគិតកែខៃច្នៃនិពន្ធ របស់លោក នូ កន ទេ គឺលោកគ្រាន់តែជាអ្នកចងក្រងប៉ុណ្ណោះ ។ លោកក៏បានបន្ថែមទៀតថា រឿងនេះមានពិតដំណាលតាមពាក្យបុរាណ និង សាស្ត្រាដែលគិតមកទល់ពេលនេះមានអាយុកាលប្រមាណជាប្រាំរយឆ្នាំ ហើយ ។

ស្នាដៃរបស់បណ្ឌិត នូ កន ដទៃទៀតរួមមានៈ
– ទាវឯក ( រឿងល្បែង, ភ្នំពេញ ១៩៤២ )
– តុង ឈិន ( ប្រលោមលោកពាក្យរាយ, ភ្នំពេញ ១៩៤៧ )
– ពិម្ពានិព្វាន, ១៩៦០
– សាមកុក ( រឿងយុទ្ធសាស្ត្រសង្គ្រាមចិន លោកបកប្រែពីភាសាថៃ ។ គួរកត់សំគាល់ ថា លោក នូ កន ពុំចេះភាសាចិនទេប៉ុន្តែក៏ដូចជាបញ្ញាវ័ន្តខ្មែរ ឯទៀតៗនាសម័យនោះដែរគឺលោកចេះភាសាសៀមយ៉ាងច្បាស់ ) ។

នូ កន កើតនៅឆ្នាំ១៨៧៤ នៅឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ នៅក្នុងគ្រួសារកសិករ ឳពុកឈ្មោះ នូ ម្តាយ ឈ្មោះ អ៊ុក ។ សៀវភៅ អក្សរសិល្ប៍ខ្មែរសតវត្សទី២០ របស់លោក ឃីង ហុកឌី សរសេរថា ម្តាយឈ្មោះ នូវ ឳពុកឈ្មោះ អ៊ុក ទៅវិញ ។ យើងយល់ថា បិតាឈ្មោះ នូ មាតា ឈ្មោះ អ៊ុក ទើបត្រឹមត្រូវ ត្បិត នូ ជានាមត្រកូលរបស់លោក ។

វ័យបាន៩ឆ្នាំ កុមារ នូ កន បានទៅស្នាក់សិក្សានៅវត្តអង្គត្នោត ឃុំ និង ស្រុកដដែល នៅក្នុង សំណាក់ចៅអធិការ នាម អ៊ិន លុះដល់វ័យ១៤ឆ្នាំបានសាង ផ្នួសជាសាមណេរ ហើយបានលាចាកសិក្ខានៅឆ្នាំ បន្ទាប់ ។ អាយុ១៧ឆ្នាំ យុវជនអនាគតកវីបណ្ឌិតយើងបានទៅធ្វើជាស្មៀនចៅហ្វាយខេត្តទ្រាំង (សព្វថ្ងៃកម្ពុជា ក្រោម ឬ វៀតណាមខាងត្បូង ) ។ ឆ្នាំ១៨៩១ លោកបានផ្លាស់ទៅធ្វើការក្នុងព្រះបរមរាជវាំងក្នុងក្រុមព្រះអាល័ក្ខណ៍ នារជ្ជកាលព្រះករុណា នរោត្តម ។ ៤ ឆ្នាំក្រោយមក ព្រះករុណា បានផ្លាស់លោកអោយ ទៅធ្វើការផ្នែកសុរិយោដី និង ក្រសួងរតនាគារ ពេលនោះអ្នកឧកញ៉ា ពិភក្តិទិព្វរាជ ម៉ម បានតាំងងារលោកជា ម៉ឺនភក្តីអក្សរ ។ ឆ្នាំ១៩០២ លោកបានប្រឡងជាប់ចំណាត់ថ្នាក់លេខ១ ជាអ្នកប្រាជ្ញផ្នែកអក្សរសាស្ត្រ ។

ឆ្នាំ១៩០៣ រដ្ឋបាលបារាំងបានចាត់លោកអោយធ្វើជាចៅហ្វាយខេត្តកំពង់សៀមរយៈ ពេល ២ខែបន្ថែមតួនាទីជាគ្រូបង្រៀនច្បាប់ និង ទំនៀមទំលាប់ខ្មែរនៅ ក្នុងសា លាខេត្តនេះផង ។ ឆ្នាំ១៩០៨ លោកត្រូវ បានរដ្ឋបាលបារាំងចាត់អោយទៅបន្តសិក្សាច្បាប់នៅប្រទេសបារាំងលុះ ត្រឡប់មកវិញ លោកទទួលបានតំណែងជាបន្តបន្ទាប់គឺៈ
ចៅហ្វាយខេត្តពញ្ញាលឺ, ចៅហ្វាយខេត្តស្ទឹងត្រែង, ឧកញាសភាមន្ត្រីចៅក្រមសាលាឧទ្ធរណ៍, ឧកញាពិភក្តិវិនិច្ឆ័យ, ចៅហ្វាយខេត្តកំពង់សៀម កំពង់ធំ, ឧកញាមហាវិនិច្ឆ័យចាងហ្វាងសាលាឧទ្ធរណ៍ ក្រុមរដ្ឋប្បវេណី, ឧកញាវិបុលរាជភួឈួយសេនាបតីក្រសួងជើងទឹកថ្នាក់ឧត្តមមន្ត្រីលេខ២, ឧកញាវិបុលរាជភួឈួយក្រសួងពាណិជ្ជការ ។

លោកបានចូលនិវត្តន៍នៅឆ្នាំ១៩៣១ ហើយបានឈរឈ្មោះ និង ជាប់ជាតំណាង រាស្ត្រមណ្ឌលកោះសុទិន ក្នុងគណៈបក្សប្រជាធិបតេយ្យនៅឆ្នាំ១៩៤៦ ( សៀវភៅអក្សរសិល្ប៍ខ្មែរសតវត្សទី២០ ថាឆ្នាំ១៩៤៥ ) ។
អ្នកនិពន្ធ សុទ្ធ ប៉ូលីន ត្រូវជាចៅរបស់បណ្ឌិត នូ កន បានសរសេរនៅក្នុងអារម្ភបទរឿង តុងឈិន ថាឧកញាកវីបណ្ឌិតរូបនេះបានអនិច្ចកម្មនៅឆ្នាំ១៩៥០ ប៉ុន្តែឯកសារ អ្នកនិពន្ធដែលមានឈ្មោះល្បី របស់លោក លី ធាមតេង អះអាងថា លោក នូ កន បានអនិច្ចកម្មនៅឆ្នាំ១៩៤៧ ។ សៀវភៅអក្សរសិល្ប៍ខ្មែរសតវត្សទី២០ របស់លោកឃីង ហុក ឌី បានកត់សំគាល់ថា យើងគប្បីយកតាមឯកសាររបស់លោកលី ធាមតេង ត្បិតជាឯកសារសិក្សាក្រោយ មានការពិនិត្យផ្ទៀងផ្ទាត់ឡើងវិញ ។ រីឯរូបគំនូពាក់កណ្តាលខ្លួនរបស់លោក នូ កន តាំងនៅ វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត ដាក់ថា នូ កន ( ១៨៧៤-១៩៤៧ ) ៕

បញ្ចេញមតិ