មេអំបៅ


នៅតាមបទចម្រៀង និងកំណាព្យរបស់ជនជាតិខ្មែរ, ភាគច្រើន គេតែងជេរបន្ទោសថា មេអំបៅ គឺជាសត្វរមឹលគុណ, ភ្លេចកំណើតដើមរបស់ខ្លួន ដែលក្លាយមកពីដង្កូវ។ ប៉ុន្តែ បើយើងសម្លឹងមើល មួយជ្រុងទៀត, មេអំបៅ គឺជាសត្វដែលក្លាយ ពីដង្កូវអាក្រក់ ទៅជាមេអំបៅ ដ៏ស្រស់ស្អាត ដោយឆ្លងកាត់ការប្រែប្រួល ច្រើនដំណាក់កាល តាមរយៈការធ្វើឲ្យពេញលក្ខណៈ។ យើងអាចប្រដូចដង្កូវ ទៅនឹងថ្ម ដែលមិនទាន់ឆ្នៃ, រីឯមេអំបៅ គឺជាពេជ្រចរណៃ ដែលចាំងរលោងដោយការដុសខាត់។ ជាជាងសម្លឹងមើលដោយអវិជ្ជមាន ថាមេអំបៅ ជាសត្វភ្លេចកំណើត, ខ្មែរយើង គួរប្តូរទស្សនៈ សម្លឹងមើលជ្រុងល្អ ហើយរៀនសូត្រពីមេអំបៅវិញម្តង។ តាមរយៈការខំប្រឹងសិក្សា, អប់រំចិត្ត, អភិវឌ្ឍគំនិតវិជ្ជមាន, យើង ក៏អាចឆ្លងកាត់ដំណើរការនេះ ទៅកាន់ភាពចាស់ទុំ ដូចគ្នានឹងមេអំបៅដែរ ដើម្បីបំបាត់ភាពអវិជ្ជា, បំបាត់ភាពក្រីក្រ, កសាងជាតិ ឲ្យបានរុងរឿងឡើងវិញ ដើម្បីបោះជំហានឲ្យទាន់គេឯង នៅក្នុងសតវត្សទី ២១ នេះ។