ការចេះដឹងគុណ


យុវជនម្នាក់ បាន ទៅ ដាក់ ពាក្យសុំការងារ ជា តំណែង អ្នកគ្រប់គ្រង នៅ ក្នុង ក្រុមហ៊ុន មួយ។ បន្ទាប់ ពី បានឆ្លងផុត ការសម្ភាសន៍ លើក ទីមួយ, គាត់ ត្រូវ ឆ្លងកាត់ ការសម្ភាសន៍ ផ្តាច់ព្រ័ត ជាមួយនឹង នាយក ក្រុមហ៊ុន។ លោកនាយក បាន មើល ជីវប្រវត្តិ របស់ យុវជន នោះ ឃើញថា មាន ស្នាដៃល្អ គ្រប់យ៉ាង, ចាប់តាំងពី សាលាមធ្យមសិក្សា រហូតដល់ ឧត្តមសិក្សា ឃើញថា ទទួលបាន ពិន្ទុល្អ រហូត។

លោក នាយក សួរ៖ “កាល នៅ រៀន, លោក បាន ទទួល អាហារូបករណ៍ ទេ?”។

យុវជន ឆ្លើយ៖ “អត់ទេ”។

លោក នាយក សួរ៖ “ឳពុក លោក ជា អ្នក ចេញ ថ្លៃ សាលា ឬ?”។

យុវជន ឆ្លើយ៖ “ឳពុក របស់ខ្ញុំ បានស្លាប់ តាំងពី ខ្ញុំ ទើប តែ មាន អាយុ ១ ឆ្នាំ។ ម្តាយ របស់ ខ្ញុំ គាត់ ជា អ្នក បង់ចំណាយ លើ ថ្លៃ ការសិក្សា របស់ ខ្ញុំ ទាំងអស់”។

លោក នាយក សួរ៖ “ចុះ ម្តាយ លោក គាត់ ធ្វើ ការងារ អី ដែរ?”។

យុវជន ឆ្លើយ៖ “ម្តាយ របស់ ខ្ញុំ ស៊ីឈ្នួល បោកគក់ ខោអាវ ឲ្យ គេ”។

លោក នាយក ក្រុមហ៊ុន បាន សុំ មើល ដៃ របស់ យុវជន, ឃើញ ដៃ ទាំងគូ រលោងស្អាត។

លោក នាយក សួរ៖ “ចុះ លោក មាន ដែល ធ្លាប់ បានជួយ ម្តាយ របស់ លោក បោក ខោអាវ ពី មុន ទេ?”។

យុវជន ឆ្លើយ៖ “អត់ ដែល ទេ។ ម្តាយ ខ្ញុំ គាត់ តែងតែ ចង់ ឲ្យ ខ្ញុំ សិក្សា និង អាន សៀវភៅ ឲ្យ បាន ច្រើន ប៉ុណ្ណោះ។ ម្យ៉ាងទៀត, គាត់ អាច បោក ខោអាវ បាន លឿន ជាង ខ្ញុំ”។

លោក នាយក និយាយ៖ “ខ្ញុំ មាន សំណូមពរ មួយ។ ថ្ងៃនេះ, ពេល លោក ត្រឡប់ទៅ ផ្ទះ វិញ, ខ្ញុំ ចង់ ឲ្យ លោក លាង ដៃ របស់ ម្តាយ លោក, ហើយ ស្អែកព្រឹក សឹម ត្រឡប់មក ជួប ខ្ញុំ វិញ”។

យុវជន ទទួល អារម្មណ៍ថា ខ្លួន មាន ឱកាស ខ្ពស់ សម្រាប់ មុខតំណែង។ នៅពេល គាត់ ត្រឡប់ទៅ ដល់ ផ្ទះ វិញ, គាត់ សុំ លាង ដៃ របស់ ម្តាយ គាត់ ដោយ ក្តីរីករាយ។ ម្តាយ របស់ គាត់ មាន អារម្មណ៍ ចម្លែក នឹង អាកប្បកិរិយា របស់ កូន, ប៉ុន្តែ គាត់ យល់ព្រម ទាំង សប្បាយចិត្ត ជាមួយនឹង អារម្មណ៍ ច្របូកច្របល់។

 

យុវជន លាងដៃ របស់ ម្តាយគាត់ យឺតៗ ថ្នមៗ។ ទឹកភ្នែក របស់ គាត់ ចាប់ផ្តើម ហូរស្រក់។ គឺជា លើក ទីមួយ ហើយ ដែល គាត់ សង្កេតឃើញ ដៃ របស់ ម្តាយគាត់ ជ្រីវជ្រួញ ខ្លាំង ព្រមទាំង មាន ស្នាមជាំ ច្រើន កន្លែង។ ស្នាមជាំ ខ្លះ ទើប តែ កើតឡើង ថ្មីៗ បណ្តាល ឲ្យ ដៃគាត់ ញ័រ ដោយ ការឈឺចាប់ នៅពេល យុវជន លាង ជាមួយ ទឹក។

នេះ គឺជា លើក ទីមួយ ហើយ ដែល យុវជន បាន ដឹងខ្លួន ថា គឺ ដៃ ទាំងគូ នេះ ហើយ ដែល បោកគក់ រាល់ថ្ងៃ ដើម្បី រក ប្រាក់ ឲ្យ គាត់ បង់ចំណាយ លើ ថ្លៃសិក្សា។ ស្នាមជាំ នៅលើ ដៃ របស់ ម្តាយគាត់ គឺ ជា តម្លៃ ដែល ម្តាយ របស់ គាត់ ត្រូវ បង់ចំណាយ ដើម្បី ការរៀនចប់ បាន យ៉ាងល្អប្រសើរ របស់ គាត់។

បន្ទាប់ពី បាន លាងដៃ ទាំងគូ របស់ ម្តាយគាត់ រួច, យុវជន ក៏ សម្ងំ បោកគក់ ខោអាវ ដែល នៅសល់ យ៉ាង ស្ងៀមស្ងាត់។

នៅ យប់ នោះ, ម្តាយ និង កូន សាសង គ្នា ដល់ យប់ជ្រៅ។

នៅ ព្រឹក ថ្ងៃបន្ទាប់, យុវជន ត្រឡប់ ទៅកាន់ ការិយាល័យ របស់ នាយក ក្រុមហ៊ុន។

លោកនាយក បានសង្កេតឃើញ ទឹកភ្នែក រលីងរលោង របស់ យុវជន ហើយ សួរថា៖ “តើ លោក អាច ប្រាប់ ខ្ញុំ បាន ទេ ថា ម្សិលមិញ បានធ្វើ អ្វី និង រៀន បាន អ្វី ខ្លះ នៅ ឯ ផ្ទះ របស់ លោក?”។

យុវជន ឆ្លើយ៖ “ខ្ញុំ បានលាង ដៃ របស់ ម្តាយខ្ញុំ ហើយ ខ្ញុំ បង្ហើយ បោកគក់ ខោអាវ ដែល នៅសល់”។

លោកនាយក៖ “សូម ប្រាប់ ខ្ញុំ អំពី អារម្មណ៍ របស់ លោក”។

 

យុវជន និយាយ៖

១. ឥឡូវនេះ ខ្ញុំ ដឹង ហើយ ថា អ្វី ជា អំណរគុណ។ បើ គ្មាន ម្តាយខ្ញុំ ទេ, ខ្ញុំ ក៏ មិន បានជោគជ័យ ដូច ថ្ងៃនេះ ដែរ។

២. ដោយសារ ការធ្វើការ ជាមួយ គាត់ និង ជួយ គាត់, ឥឡូវ នេះ ខ្ញុំ ដឹងថា វា លំបាក យ៉ាងណា ហើយ ដើម្បី កិច្ចការ អ្វី មួយ។

៣. ខ្ញុំ ដឹង និង មាន អំណរគុណ ចំពោះ សារសំខាន់ និង តម្លៃ នៃ ចំណងមេត្រីភាព របស់ គ្រួសារ។

 

លោនាយក និយាយ ថា៖ “នេះ គឺ លក្ខណៈ ដែល ខ្ញុំ ចង់បាន សម្រាប់ អ្នកគ្រប់គ្រង របស់ ខ្ញុំ។ ខ្ញុំ ចង់ រក បុគ្គលិកថ្មី ដែល ចេះ ផ្តល់តម្លៃ ដល់ ការជួយ របស់ អ្នកដទៃ… មនុស្ស ដែល យល់ អំពី ការរងទុក្ខ របស់ អ្នកដទៃ ក្នុង ការបំពេញ ការងារ… និង មនុស្ស ដែល មិន ចាត់ទុក ប្រាក់ ជា គោលបំណង ធំ តែ មួយ គត់ នៅ ក្នុង ជីវិត។ លោក ជាប់ ហើយ, សូម អបអរ!!!”។

ក្រោយមក យុវជន បាន ខំប្រឹងប្រែង បំពេញ មុខនាទី របស់ ខ្លួន ហើយ ទទួល បាន នូវ ការគោរព រាប់អាន ពី អ្នក ក្រោមបង្គាប់ របស់ គាត់។ បុគ្គលិក ម្នាក់ៗ រួមដៃគ្នា ធ្វើការ ជា ក្រុម ដោយ យកចិត្តទុកដាក់។ ផលិតផល នៃ ការងារ បាន រីកចម្រើន យ៉ាង សម្បើម។

…………………………………………………………………………………………………………

គំនិតពិចារណា៖

កូនប្រុសស្រី ដែល ទទួល ការការពារ ហើយ ធ្លាប់តែ ទទួល អ្វីៗ បាន គ្រប់យ៉ាង តាមចិត្តចង់ នឹង ក្លាយ ទៅ ជា ក្មេង ទំនើង ហើយ គិត តែ អំពី ខ្លួនឯង មុន ជានិច្ច។ មនុស្ស បែបនេះ តែង មើលរំលង ការប្រឹងប្រែង របស់ ឳពុកម្តាយ។ នៅពេលណា គេ ចាប់ផ្តើម ធ្វើការ, គេ តែង សន្និដ្ឋានថា មនុស្ស ម្នាក់ៗ ត្រូវតែ ស្តាប់ តាម បញ្ជា ខ្លួន, ហើយ បើ កាលណា គេ ក្លាយ ទៅ ជា អ្នកគ្រប់គ្រង, គេ មិន ដែល ស្គាល់ ការរងទុក្ខ របស់ អ្នកធ្វើការ ក្រោមបង្គាប់ ឡើយ, ហើយ តែងតែ ទម្លាក់កំហុស បន្ទោស អ្នកដទៃ ឥតឈប់ឈរ។

ចំពោះ មនុស្ស បែបនេះ គេ អាច មាន សិក្សា ខ្ពស់ ឬ មាន ជោគជ័យ មួយ រយៈពេល ខ្លី, ប៉ុន្តែ គេ ចៀស មិនផុត ពី ការបាត់បង់ ញាណ នៃ ការសម្រេច ជោគជ័យ។ គេ នឹង រអ៊ូរទាំ ច្រើន ហើយ ក្នុង ចិត្ត ពោរពេញ ទៅ ដោយ ការស្អប់ និង បង្ក បញ្ហា ច្រើន។ បើ យើង ជា ឳពុកម្តាយ ដែល ការពារ ថ្នាក់ថ្នម កូន បែបនេះ, តើ យើង កំពុង តែ បង្ហាញ ការស្រឡាញ់ ដល់ កូន ឬ មួយក៏ កំពុង តែ បំផ្លាញ កូន ទៅវិញ?

អ្នក អាច ឲ្យ កូន រស់ នៅ ក្នុង ផ្ទះ ធំ, បរិភោគ ម្ហូប ឆ្ងាញ់ៗ, លែង ហ្គេម, មើល ទូរទស្សន៍ ធំៗ ចុះ, ប៉ុន្តែ បើ អ្នក កាត់ស្មៅ ចូរ ឲ្យ កូន ដក ការពិសោធន៍ ផង។

ក្រោយ ពេលបាយ រួច, ឲ្យ កូនៗ លាងចាន លាងឆ្នាំង, ក្រោកពី ដេក ឲ្យ បត់ ភួយ, រៀបចំ បន្ទប់ ឲ្យបាន ស្អាតបាត។ មិនមែន ដោយសារ អ្នក គ្មាន លុយ ជួល ឈ្នួល នោះទេ, គោលបំណង គឺ អ្នក ចង់ ឲ្យ កូន យល់ដឹង ថា, ទោះជា ឳពុកម្តាយ របស់ ខ្លួន មាន ប្រាក់ ប៉ុនណា ក៏ ដោយ, ថ្ងៃ ណា មួយ សក់ក្បាល ក៏ នឹង ក្លាយ ទៅ ជា ស្កូវ, ស្បែក ជ្រីវជ្រួញ ដូច ម្តាយ របស់ យុវជន ខាង លើ ដូច្នោះ ដែរ។

រឿង ដ៏សំខាន់បំផុត គឺ កូន របស់ អ្នក រៀន ផ្តល់តម្លៃ ដល់ ការប្រឹងប្រែង និង ពិសោធ ក្តីលំបាក ព្រមទាំង រៀន សហការណ៍គ្នា ដើម្បី សម្រេច ការងារ បាន។

5 thoughts on “ការចេះដឹងគុណ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s